ជាធម្មតាទឹកនោមមានពណ៌លឿងខ្ចី ឬលឿងស្រាល។ ហើយភាគច្រើនទឹកនោមប្រែជាមានពណ៌ដិតខ្លាំង គឺដោយសារកង្វះជាតិទឹកក្នុងរាងកាយ។(អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាក្រៅពីការទទួលទានមិនបានគ្រប់គ្រាន់ ក៏នៅមានកត្តាផ្សេងទៀតដែលបណ្ដាលឱ្យទឹកនោមប្រែជាមានពណ៌ដិតខុសប្រក្រតីផងដែរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាមួយចំនួនដែលបង្កបញ្ហាទឹកនោមមានពណ៌ដិតខ្លាំង ៖
១. អាហារ
អាហារមួយចំនួន ពិសេសប្រភេទដែលមានពណ៌ដិតក៏មានឥទ្ធិពលប្រែពណ៌ទឹកនោមឱ្យទៅជាដិតជាងធម្មតាបានផងដែរ។ ហើយការទទួលទានជាតិផ្អែមសិប្បនិម្មិតខ្លះដែលមានផ្ទុកសារធាតុ sorbitol ក៏អាចបង្កបញ្ហាទឹកនោមមានពណ៌ដិតខ្លាំងគួរឱ្យកត់សម្គាល់។
២. កង្វះជាតិទឹកក្នុងរាងកាយ
ប្រសិនបើអ្នកធ្វើលំហាត់ប្រាណច្រើន ធ្វើការនៅក្នុងបរិយាកាស ឬក្រោមអាកាសធាតុក្ដៅ ហើយមិនបានទទួលទានទឹកច្រើនគ្រប់គ្រាន់នោះទឹកនោមរបស់អ្នកងាយនឹងមានពណ៌ដិតខុសធម្មតាខ្លាំងណាស់។ ទឹកនោមមានពណ៌ដិតខ្លាំងជាអាការៈទូទៅបំផុតមួយនៃបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ ទោះជាយ៉ាងណាកង្វះជាតិទឹកធ្ងន់ធ្ងរអាចអមមកជាមួយនូវអាការៈផ្សេងទៀតរួមបញ្ចូលទាំងការកើនឡើងនៃអត្រាចង្វាក់បេះដូង ការដកដង្ហើមញាប់ៗ ភាំងៗ ស្បែកស្ងួត និងវិលមុខជាដើម។
៣. ឥទ្ធិពលនៃថ្នាំមួយចំនួន
ថ្នាំមួយចំនួនអាចមានឥទ្ធិពលប្រែពណ៌ទឹកនោមរបស់អ្នកបានយ៉ាងឆាប់រហ័សក្រោយពេលទទួលទាន។
៤. បញ្ហាថ្លើម
ទឹកនោមមានពណ៌ដិតខុសធម្មតាក៏ជារោគសញ្ញានៃបញ្ហាថ្លើមគួរឱ្យព្រួយបារម្ភផងដែរ។ ទោះជាយ៉ាងណាវាច្រើនអមមកជាមួយនូវរោគសញ្ញាផ្សេងទៀតរួមបញ្ចូលទាំងការឡើងលឿងនៃស្បែកនិងភ្នែក។ ក្នុងករណីនេះចូរកុំស្ទាក់ស្ទើនឹងទៅជួបពិនិត្យផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។
៥. គ្រួសក្នុងថង់ទឹកប្រមាត់
ការលេចឡើងនូវគ្រួសក្នុងថង់ទឹកប្រមាត់ក៏ងាចបណ្ដាលឱ្យទឹកនោមប្រែជាមានពណ៌ដិតខ្លាំង។ ទោះជាយ៉ាងណាវាច្រើនតែអមមកជាមួយនូវអាការៈផ្សេងទៀតរួមបញ្ចូលទាំងខាន់លឿង ឈឺក្នុងពោះ ក្ដៅខ្លួន និងរមាស់ស្បែក។
៦. ការឆ្លងមេរោគផ្លូវបង្ហូរនោម
នៅពេលមានបញ្ហានេះទឹកនោមមានពេលខ្លះដិតខ្លាំង ជួនកាលមានសភាពស្រអាប់។ ការឆ្លងមេរោគផ្លូវបង្ហូរនោមច្រើនកើតមានលើស្ត្រីជាងបុរស។ រោគសញ្ញាផ្សេងទៀតរួមមានក្រហាយផ្សារពេលឈឺនោម និងមានអារម្មណ៍ចេះតែឈឺនោម។
ប្រយ័ត្ន! ប្រសិនបើទឹកនោមរបស់អ្នកមានពណ៌ដិតខ្លាំងដោយអមមកជាមួយនូវរោគសញ្ញា ឬអាការៈមិនប្រក្រតីផ្សេងទៀតនោះ ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕