ដឹងទេក្រៅពីហានិភ័យនៃជំងឺទឹកនោមផ្អែមហើយនោះ ជាតិស្ករក្នុងឈាមឡើងខ្ពស់អាចបង្កគ្រោះថ្នាក់ច្រើនផ្សេងទៀត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើផលប៉ះពាល់ទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគ្រោះថ្នាក់នៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ ៖

១. អស់កម្លាំង

អ្នកអាចនឹងមានអារម្មណ៍អស់កម្លាំងសឹងគ្រប់ពេលនៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់។ នេះក៏ព្រោះតែកោសិកាមិនទទួលបានជាតិស្ករគ្រប់គ្រាន់តាមតម្រូវការទោះបីវាមានច្រើនក្នុងលំហូរឈាមក៏ដោយ។ ហើយថាមពលដែលរាងកាយទទួលបានមកពីជាតិផ្អែម គឺមិនមានរយៈពេលយូរឡើយ។ ម្យ៉ាងវិញទៀតនោះ គឺបេះដូងត្រូវធ្វើការកាន់តែខ្លាំអជាងមុនដើម្បីសម្រួលចរន្តឈាមដែលខាប់ពេញដោយជាតិស្ករ។ អ្នកក៏អស់កម្លាំងព្រោះមិនអាចគេងបានស្កប់គ្រប់គ្រាន់ដោយសារឈឺនោមញឹកនិងស្រេកទឹកពេលគេងដែលជារោគសញ្ញានៃបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។

២. សុខភាពភ្នែកចុះខ្សោយមើលលែងសូវច្បាស់

រ៉េទីនភ្នែកជាអ្វីដែលជួយឱ្យអ្នកមើលឃើញ។ ហើយវាត្រូវការឈាមដែលមានផ្ទុកសម្បូរដោយអុកស៊ីសែននិងសារធាតុចិញ្ចឹមដើម្បីអាចរក្សាដំណើរការមុខងារត្រឹមត្រូវ។ ប៉ុន្តែសសៃឈាមដែលផ្គត់ផ្គង់ឈាមទៅកាន់រ៉េទីនអាចត្រូវទទួលរងការបំផ្លាញ ឬខូចខាតដោយសារជាតិស្ករក្នុងឈាមឡើងខ្ពស់។ ជាលទ្ធផលសុខភាពភ្នែកថយចុះមើលឃើញលែងសូវច្បាស់។

៣. ខ្សោយតម្រងនោម

មួយក្នុងចំណោមមុខងារច្រើនផ្សេងទៀតនៃតម្រងនោម គឺកម្ចាត់កាកសំណល់និងជាតិពុលពីក្នុងឈាម។ ​ប្រសិនបើឈាមមានផ្ទុកសម្បូរទៅដោយជាតិស្ករច្រើនពេកសឹងគ្រប់ពេល នោះតម្រងនោមត្រូវទទួលបន្ទុកខ្លាំងជាងធម្មតា។ ជាលទ្ធផលហានិភ័យនៃបញ្ហាខ្សោយតម្រងនោមនឹងកើតមានឡើង។

៤. ខូចសសៃប្រសាទ

មួយក្នុងចំណោមបញ្ហាគួរឱ្យបារម្ភផ្សេងទៀតនៃបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ គឺសសៃប្រសាទទទួលរងការខូចខាត។ ដូច្នេះអ្នកអាចនឹងជួបប្រទះបញ្ហាក្រហាយ ឬស្ពឹកឈឺឆៀបៗត្រង់ប្រអប់ដៃ ដើមដៃ ជើង និងប្រអប់ជើងជាដើម។

៥. ជំងឺគាំងបេះដូងនិងដាច់សសៃឈាមខួរក្បាល

ជាតិស្ករក្នុងឈាមឡើងខ្ពស់ក៏ជាអ្វីមួយដែលអាចបង្កើនហានិភ័យនៃជំងឺគាំងបេះដូងនិងដាច់សសៃឈាមខួរក្បាលផងដែរ។ នេះក៏ព្រោះតែសសៃឈាមអាចនឹងត្រូវបំផ្លាញដោយសារការឡើងខ្ពស់នៃកម្រិតជាតិស្ករ។ ជាលទ្ធផលវាកាត់ផ្ដាច់ការផ្គត់ផ្គង់ឈាមអុកស៊ីសែនទៅកាន់តែសាច់ដុំបេះដូងនិងជាលិកាខួរក្បាល៕