ទម្លាប់មួយចំនួនអាចជះឥទ្ធិពលគួរឱ្យបារម្ភលើសុខភាពឆ្អឹងកងខ្នង! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអ្នកគួរផ្លាស់ប្ដូរចេញដើម្បីរក្សាឆ្អឹងខ្នង ៖

១. ការគេងលើពូកដែលចាស់ខ្លាំង

ប្រសិនបើពូកដែលអ្នកគេងលើរាល់ថ្ងៃមានអាយុកាលលើសពី ១០ ឆ្នាំទៅហើយនោះ ចូរពិចារណាផ្លាស់ប្ដូរវាចេញទៅ! ក៏ព្រោះវាមិនអាចនឹងផ្ដល់ការទ្រទប់ឆ្អឹងខ្នងបានយ៉ាងប្រសើរទៀតឡើយ។ ទោះជាយ៉ាងណាត្រូវប្រាកដថា ពូកថ្មីមិនមានសភាពរឹង ឬទន់ពេក ចូរជ្រើសរើសប្រភេទណាមួយដែលអាចទ្រឆ្អឹងខ្នងបានល្អ។

២. ការស្ពាយកាតាបធ្ងន់ៗពេក

ការស្ពាយកាតាបដែលមានទម្ងន់ច្រើនជាង ១០ ភាគរយនៃទម្ងន់រាងកាយសរុបអាចបង្កគ្រោះថ្នាក់គួរឱ្យបារម្ភចំពោះខ្នង។ ដូច្នេះដើម្បីជាការប្រសើរមិនចង់ឱ្យឆ្អឹងកងខ្នងមានបញ្ហា ចូរចៀសវាងការស្ពាយកាតាបធ្ងន់ៗ។

៣. ការពាក់ស្បែកជើងខ្ពស់ពេក

ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាការពាក់ស្បែកជើងខ្ពស់ពេកអាចជះផលប៉ះពាល់គួរឱ្យបារម្ភដោយវាដាក់សម្ពាធដល់ឆ្អឹងខ្នង។ ដូច្នេះដើម្បីជាការប្រសើរ ចូរជ្រើសរើសស្បែកជើងកែងណាដែលសមស្របនឹងប្រអប់ជើង ក៏ដូចជាជំហររូបរាងរបស់អ្នក។

៤. ការអង្គុយសឹងគ្រប់ពេល

មិនត្រឹមតែអាក្រក់ចំពោះឆ្អឹងខ្នងប៉ុណ្ណោះទេ ប៉ុន្តែសុខភាពរាងកាយទាំងមូលក៏អាចជួបនឹងគ្រោះថ្នាក់ផងដែរ ប្រសិនបើអ្នកអង្គុយយូរពេក។ ទោះបីជាការងាររបស់អ្នកតម្រូវឱ្យអង្គុយរាប់ម៉ោងក៏ដោយ ក៏អ្នកគួរព្យាយាមឆ្លៀតពេលសម្រាកសន្ធឹងពត់ពែនខ្លួន ឬខ្នងខ្លះដែរ។

៥. ស្ត្រេសពេក

ភាពតានតឹងក្នុងអារម្មណ៍ក៏ជះឥទ្ធិពលគួរឱ្យបារម្ភលើសុខភាពឆ្អឹងខ្នងផងដែរដោយវាអាចបង្កការប្រមូលផ្ដុំជាតិខ្លាញ់កកកុញច្រើនពេកក្នុងផ្នែកកណ្ដាលនៃរាងកាយ។

៦. ការមិនធ្វើលំហាត់ប្រាណសោះ

ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពរាងកាយទាំងមូលរួមបញ្ចូលទាំងឆ្អឹងខ្នង។ ទោះជាយ៉ាងណាគួរចៀសវាងការធ្វើលំហាត់ប្រាណដែលប្រើប្រាស់ឆ្អឹងខ្នងខុសរបៀប៕