ភាគច្រើននៃពួកយើងសុទ្ធតែដឹងពីអត្ថប្រយោជន៍របស់ស៊ុតចំពោះសុខភាព ប៉ុន្តែប្រហែលជាមិនចាប់អារម្មណ៍ពីផលល្អៗរបស់វាទៅលើសម្រស់ឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើស៊ុតល្អអ្វីខ្លះទៅចំពោះសម្រស់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗប្រើប្រាស់ផ្នែកពណ៌លឿងនៃស៊ុតដើម្បីរក្សាសម្រស់ ៖

១. បង្រួមរន្ធញើស

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌លឿងនៃស៊ុតជាមួយប្រេងអូលីវបន្តិច។ កូរឱ្យសព្វ សឹមលាបស្ដើងៗលើផ្ទៃមុខកន្លែងដែលមានរន្ធញើសធំ។ ទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។

២. កម្ចាត់មុន

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌លឿងមួយគ្រាប់ជាមួយទឹកឃ្មុំបន្តិច។ កូរឱ្យសព្វ សឹមលាបលើផ្ទៃមុខកន្លែងដែលមានបញ្ហា។ ទុកចោលសម្រាប់រយៈពេល ១ ម៉ោង សឹមលាងសម្អាតចេញ។

៣. ជួយឱ្យស្បែកទន់រលោង

លាយផ្នែកពណ៌លឿងនៃស៊ុតមួយគ្រាប់ជាមួយប្រេងអូលីវ។ កូរឱ្យសព្វ សឹមលាបលើជង្គង់ កែងដៃ និងផ្នែកផ្សេងទៀតនៃរាងកាយដែលមានស្បែករឹងៗគ្រើមៗ។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។

៤. បន្ថយស្នាមជ្រីវជ្រួញ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌លឿងនៃស៊ុតជាមួយចេកទុំ។ កិនឱ្យសព្វចូលគ្នា សឹមលាបលើផ្ទៃមុខធ្វើជាម៉ាស។ រងចាំសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៥. ព្យាបាលសក់បែកចុង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌លឿងនៃស៊ុតមួយគ្រាប់ជាមួយប្រេងដូង រួចលាបលើចុងនៃសក់។ ទុកចោលសម្រាប់រយៈពេល ១ ម៉ោងសឹមងូតទឹក។

៦. ពង្រឹងសុខភាពសក់និងបង្កើនសម្រស់

ប្រសិនបើមិនសប្បាយចិត្តនឹងសក់ដែលមិនភ្លឺរលោងមានទម្ងន់ទេនោះ កុំរំលងផ្នែកពណ៌លឿងនៃស៊ុត! អ្វីដែលអ្នកត្រូវធ្វើ គឺមុនពេលងូតទឹកកក់សក់ ចូរម៉ាស្សាផ្នែកពណ៌លឿងនៃស៊ុតដែលលាយជាមួយប្រេងដូងលើសក់និងស្បែកក្បាលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ រូបមន្តនេះក៏សាកសមសម្រាប់ដោះស្រាយបញ្ហាអង្គែផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង