Join with Health.com.kh on Telegram

អ្នកប្រហែលជាឆ្ងល់ហើយថាតើមានទំនាក់ទំនងរវាងសុខភាពផ្លូវកាយ និងផ្លូវចិត្តឬអត់ ហើយដោយរបៀបណា។ អ្នកខ្លះយល់ថា សុខភាពទាំងពីរនេះនៅកន្លែងពីរដាច់ពីគ្នា តែខ្លះទៀតមិនយល់ចឹងទេ។ យោងទៅតាមអង្កការសុខភាពពិភពលោកបានឲ្យដឹងថា សុខភាពរបស់មនុស្សម្នាក់មិនគ្រាន់តែជាការមិនមានជំងឺក្នុងខ្លួនទេ តែវាក៏ត្រូវផ្សំគ្នានូវភាពល្អប្រសើរខាងរាងកាយ ផ្លូវចិត្ត និងការរីករាយក្នុងសង្គមពេញលេញដែរ។ ខាងក្រោមនេះគឺជារបៀបដែលសុខភាពផ្លូវកាយមានទំនាក់ទំនងជាមួយនឹងសុខភាពផ្លូវចិត្ត។ 

ការបង្គ្រប់ជាតិទឹក

យើងទាំងអស់គ្នាញ៉ាំទឹកជារៀងរាល់ថ្ងៃដោយសារតែត្រូវការញ៉ាំដើម្បីបង្គ្រប់ជាតិទឹកក្នុងខ្លួន។ ប៉ុន្តែមិនមានមនុស្សច្រើនទេបានដឹងទំនាក់ទំនងរវាងការបង្គ្រប់ជាតិទឹក និងសុខភាពផ្លូវចិត្ត។ បើសិនជាអ្នកមិនញ៉ាំទឹកច្រើនទេ អ្នកប្រហែលជាសម្គាល់ឃើញថា អត់សូវមានកម្លាំង ឆេវឆាវ និងពិបាកគិត។ បើសិនជាអ្នកញ៉ាំទឹកមិនគ្រប់គ្រាន់ទេ សមត្ថភាពក្នុងការផ្ចង់អារម្មណ៍ ប្រុងប្រយ័ត្ន និងការចងចាំប្រហែលជារងការប៉ះពាល់ហើយ។

ការគេង

វាកើតឡើងនៅពេលដែលអ្នកមិនបានគេងគ្រប់គ្រាន់ ដល់ពេលនោះ សុខភាពផ្លូវចិត្តអាចនឹងរងការប៉ះពាល់ដែរ។ ថ្វីបើទំនាក់ទំនងនេះនៅតែស្ថិតក្នុងការស្រាវជ្រាវក៏ដោយ តែការសិក្សាបានបង្ហាញថា អ្នកដែលអាចគេងលក់ស្រួល គឺមានសមត្ថភាពឆ្លាតវៃរបស់ខួរក្បាលល្អជាងគេនៅថ្ងៃបន្ទាន់។ 

ជីវជាតិ

ការញ៉ាំអាហារគឺជាផ្នែកមួយនៃជីវិតរស់នៅ។ អាហារដែលយើងញ៉ាំមិនគ្រាន់តែជួយឲ្យមានកម្លាំទេ តែក៏សំខាន់សម្រាប់សុខភាពផ្លូវចិត្តដែរ។ អាហារដែឡយើងញ៉ាំនឹងជាផ្នែគមួយនៃមុខងារផ្លូវចិត្ត ភាពឆ្លាតវៃ និងសម្រួលដល់អារម្មណ៍ផងដែរ។ ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារកៃឆ្នៃច្រើន នឹងប៉ះពាល់ដល់សុខភាពផ្លូវចិត្តមនុស្សយើងដោយសារតែយើងញ៉ាំអាហារច្រើនតែមិនសូវមានជីវជាតិ។ 

ជំងឺ

ទំនាក់ទំនងមួយផ្សេងទៀតរវាងសុខភាពផ្លូវកាយ និងចិត្តគឺនៅពេលមានជំងឺ។ បើសិនជាអ្នកមានជំងឺរយៈពេលខ្លី វាអាចធ្វើឲ្យមានបញ្ហាសុខភាពផ្លូវចិត្តទៀតដូចជា ខឹង ភ័យខ្លាច ស្តាយក្រោយ និងកើតទុក្ខផងដែរ។ នៅពេលអារម្មណ៍ទាំងនេះមិនត្រូវបានរកឃើញទាន់ពេលទេ វាអាចនាំឲ្យអារម្មណ៍មនុស្សរងការប៉ះពាល់ច្រើន ដែលវាក៏អាចប៉ះពាល់ដល់ជំងឺផ្លូវកាយថែមទៀត។ 

ហាត់ប្រាណ

ការធ្វើសកម្មភាពរាងកាយតែងតែជាប់ទាក់ទងនឹងសុខភាពផ្លូវចិត្តល្អជាងមុនដូចជា មិនសូវថប់អារម្មណ៍ និងបាក់ទឹកចិត្ត ប្រុងប្រយ័ត្នច្រើនជាងមុន និងមានការចងចាំល្អជាងមុន។ ហេតុផលមួយគឺថា ខួរក្បាលនឹងទទួលបានអុកស៊ីសែនច្រើនតាមរយៈការហាត់ប្រាណ ដូច្នេះ វានឹងធ្វើឲ្យការចងចាំផ្សេងៗកាន់តែល្អ។ បើសិនជាអ្នកមានអារម្មណ៍ពិបាកចិត្ត ការហាត់ប្រាណនឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ ដោយសារតែសកម្មភាពរាងកាយនេះជួយបង្កើនចំនួនសារធាតុ Norepinephrine, Dopamine និង Serotonin ក្នុងខួរក្បាលកាន់តែច្រើន។ ការហាត់ប្រាណរយៈពេល ៣០នាទី នឹងមានប្រយោជន៍ខ្លាំងដល់សុខភាពផ្លូវចិត្ត ហើយវាក៏ជារឿងដែលគ្រូពេទ្យណែនាំឲ្យធ្វើដែរ។ 

ភាពសុខសប្បាយក្នុងសង្គម

បើសិនជាអ្នកមានការគាំទ្រច្រើនពីសង្គមគ្រួសារ និងមិត្តភក្តិ អ្នកនឹងមិនបាច់បារម្ភច្រើនអំពីបញ្ហាផ្លូវចិត្ត ឬកាយឡើយ ដោយសារតែរឿងទាំងពីរនេះមានជាប់ទាក់ទងគ្នាទៅវិញទៅមក។ បើសិនជាអ្នកចូលចិត្តរស់នៅតែឯងៗ សុខភាពផ្លូវចិត្តអ្នកអាចនឹងរងការប៉ះពាល់ ដែលនាំឲ្យសុខភាពផ្លូវចិត្តថយចុះទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង