ភាគច្រើននៃពួកយើងប្រហែលជាមិនដឹងទេថាការស្រេកទឹកឥតឈប់អាចជាអាការៈនៃបញ្ហាមួយចំនួន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើបញ្ហាទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីមូលហេតុមួយចំនួនដែលអាចបណ្ដាលឱ្យអ្នកស្រេកទឹកមិនឈប់ ៖

១. កង្វះជាតិទឹកក្នុងរាងកាយ

រាងកាយនឹងត្រូវការទឹកបន្ថែមនៅពេលជួបប្រទះបញ្ហាខ្វះ ឬខ្សោះជាតិទឹក។ អ្វីដែលគួរឱ្យបារម្ភនោះ គឺកង្វះជាតិទឹកក្នុងរាងកាយអាចបង្កបញ្ហាផ្សេងទៀតដូចជាប្រកាច់ សម្ពាធឈាមចុះទាប ខ្សោយតម្រងនោម សន្លប់ ហើយថែមទាំងអាចគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។ មូលហេតុទូទៅបំផុតនៃកង្វះជាតិទឹកក្នុងរាងកាយរួមបញ្ចូលទាំងការក្អួត រាគ និងបែកញើសហួសប្រមាណ។

២. ទឹកនោមផ្អែម

រោគសញ្ញាចម្បងបំផុត ៣ នៃជំងឺទឹកនោមផ្អែម គឺឃ្លានខ្លាំង នោមញឹក និងស្រេកទឹកមិនឈប់។ អ្នកជំងឺទឹកនោមផ្អែមស្រេកទឹកមិនឈប់ដោយសារតែកម្រិតនៃជាតិស្ករគ្លុយកូសកើនឡើងខ្ពស់ក្នុងឈាម។ម្យ៉ាងទៀតការស្រេកទឹកមិនឈប់នេះក៏បណ្ដាលមកពីអ្នកជំងឺនោមញឹកជាងធម្មតាផងដែរ។ ការទទួលទានទឹកកាន់តែច្រើនជួយរំលាយបរិមាណជាតិស្ករដែលលើសក្នុងចរន្តឈាមនិងបំពេញជាតិទឹកដែលបាត់បង់។ ប្រសិនបើការស្រេកទឹកមិនឈប់ ឃ្លានខ្លាំង នោមញឹកមានអមមកជាមួយអាការៈផ្សេងទៀតដូចជាអស់កម្លាំង ព្រិលភ្នែក ស្រកទម្ងន់ខ្លាំង ស្ពឹក ឬ​ឈឺ​ចាក់ឆៀប​ៗត្រង់ដៃជើង និងរបួសមិនងាយជា ចូរប្រញាប់ទៅជួបគ្រូពេទ្យជំនាញភ្លាម។

៣. ឥទ្ធិពលនៃថ្នាំមួយចំនួន

ថ្នាំមួយចំនួនរួមបញ្ចូលទាំងថ្នាំសម្រាប់បញ្ហាអាឡែកស៊ីនិងវិលមុខជាដើមអាចបណ្ដាលឱ្យអ្នកមានអារម្មណ៍ស្រេកទឹកខុសធម្មតា។

៤. ខ្វះគ្រាប់ឈាមក្រហម

កង្វះគ្រាប់ឈាមក្រហម​​​ដែលបណ្ដាលមកពីការបាត់បង់ឈាមអាចជាមូលហេតុចម្បងមួយនៃបញ្ហាស្រេកទឹកមិនឈប់ ក៏ព្រោះរាងកាយត្រូវការទឹកគ្រប់គ្រាន់ដើម្បីស្ដារបរិមាណឈាមឱ្យធម្មតាឡើងវិញ។ ហើយស្ត្រីជាអ្នកដែលងាយនឹងជួបប្រទះអាការៈស្រេកទឹកបែបនេះបំផុតខណៈពេលមករដូវដោយពួកគេត្រូវបាត់បង់ឈាមមួយចំនួន។ ដើម្បីជាការប្រសើរ​​​ប្រសិនបើការស្រេកទឹកមិនឈប់មានអមមកជាមួយនូវអាការៈផ្សេងទៀតដូចជាស្បែកស្លេកស្លាំង ភាពខ្លីនៃដង្ហើម អស់កម្លាំង វិលមុខ និងបេះដូង
លោតញាប់ អ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញភ្លាម។

៥. មករដូវ

ពិសេសប្រសិនបើអ្នកមករដូវដោយធ្លាក់ឈាមខ្លាំង។ ការបាត់បង់ឈាមច្រើនកំឡុងពេលមករដូវនឹងធ្វើឱ្យអ្នកស្រេកទឹកខ្លាំង។ ការមករដូវក៏អាចបង្កបញ្ហាអតុល្យភាពនៃអ័រម៉ូនដែលប៉ះពាល់ដល់បរិមាណនៃសារធាតុរាវក្នុងរាងកាយ។

៦. សម្ពាធឈាមចុះទាប

មានកត្តាច្រើនណាស់ដែលបណ្ដាលឱ្យសម្ពាធឈាមចុះទាបក្នុងនោះរួមបញ្ចូលទាំងបញ្ហាបេះដូង ការបាត់បង់ឈាម បញ្ហាប្រព័ន្ធអង់ដូគ្រីន អាឡែកស៊ីធ្ងន់ធ្ងរ ការមានផ្ទៃពោះ ស្ត្រេសរ៊ាំរ៉ៃ កង្វះជាតិទឹកក្នុងរាងកាយ និងទម្លាប់មិនល្អនៃការទទួលទានជាដើម។ ហើយមួយក្នុងចំណោមអាការៈផ្សេងៗដែលអ្នកមានបញ្ហាសម្ពាធឈាមចុះទាបជួបប្រទះ គឺការស្រេកទឹកមិនឈប់។ នោះក៏ព្រោះរាងកាយត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីបង្កើនសម្ពាធឈាមប្រក្រតី។ រោគសញ្ញាផ្សេងទៀតនៃបញ្ហាសម្ពាធឈាមចុះទាបរួមមានធីងធោងក្នុងខ្លួន អស់កម្លាំង ព្រិលភ្នែក ធ្លាក់ទឹកចិត្ត និងសន្លប់បាត់ស្មារតី៕