ស្នេហា​មួយ​ដែល​លាក់​កប់​ក្នុង​ចិត្ត គ្មាន​រូបរាង គ្មាន​សំឡេង តែ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ចង់​ឆ្កួត​ចង់​ជា តែ​ម្នាក់​ឯង នោះ​ហើយ​ជា​ស្នេហា​ដែល​ផ្ដល់​ឲ្យ​មនុស្ស​ម្នាក់​តែ​ខ្លួន​ឯង ទាំង​គេ​មិន​ដឹង​អ្វី​សោះ។ ពេល​ដែល​ជ្រុល​ចិត្ត​លើ​នរណា​ម្នាក់​តែ​ម្ខាង នឹង​ទទួល​អារម្មណ៍​ឈឺ​ចាប់​ទាំង​៧​នេះ៖

១. តែង​មាន​អារម្មណ៍​ច្រណែន ប្រច័ណ្ឌ ពេល​គេ​នៅ​ក្បែរ​អ្នក​ផ្សេង

គ្រប់​ពេល​ឃើញ​គេ​នៅ​ក្បែរ ស្និទ្ធស្នាល​ជាមួយ​អ្នក​ផ្សេង​តែង​លួច​ខឹង អន់​ចិត្ត ច្រណែន ប្រច័ណ្ឌ​គេ​តែ​ម្នាក់​ឯង ទោះ​ដឹង​ថា​អ្នក​ទាំង​នោះ​មិន​ត្រូវ​ជា​អ្វី​ជាមួយ​នឹង​គេ​ក៏​ដោយ។ ដឹង​តែ​ថា​ចង់​បាន​គេ​នៅ​ក្បែរ ទោះ​មិន​មាន​ឋានៈ​អ្វី​ក្នុង​បេះដូង​គេ​ក៏​អស់​ចិត្ត​ដែរ សំខាន់​ពេល​នៅ​ក្បែរ​គេ​យើង​មាន​ក្ដី​សុខ​បំផុត។ អារម្មណ៍​មួយ​ទៀត ទោះ​មិន​បាន​ក្បែរ​គេ តែ​ក៏​មិន​ចង់​ឃើញ​គេ​នៅ​ជាមួយ​អ្នក​ផ្សេង​ដែរ។

២. អារម្មណ៍​ណែន​ថប់​គ្រប់​ពេល​ឃើញ​គេ

ក្នុង​បេះដូង​តែង​លោត​ញាប់​ពេល​ឃើញ​គេ មិន​ថា​នៅ​ក្រៅ ឬ​ក្នុង​ហ្វេសប៊ុក។ អារម្មណ៍​ធម្មតា​ក៏​ប្រែ​ទៅ​ជា​សោកសៅ​មួយ​រំពេច។ តែង​ចង់​បង្ហាញ​ ចង់​ប្រាប់​ថា យើង​ស្រលាញ់​គេ តែ​វា​មិន​អាច ព្រោះ​មិន​ទាន់​មាន​ភាព​ក្លាហាន​ក្នុង​ការ​ទទួល​យក​ចម្លើយ។ សុខ​ចិត្ត​មាន​ក្ដី​សុខ​តិចៗ​ពេល​ឃើញ​គេ ក៏​ប្រសើរ​ជាង​បាត់បង់​គេ ពេល​សារភាព​ហើយ។ បែប​នេះ​ហើយ ទើប​ជា​រឿយៗ​តែ​ខ្សឹកខ្សួល​អួល​ដើម​ករ​តែ​ម្នាក់​ឯង ទាំង​គេ​មិន​ដឹង​អី​សូម្បី​បន្តិច។

៣. សែន​រំភើប​ពេល​គេ​នៅ​ក្បែរ តែ​តែង​ស្រក់​ទឹក​ភ្នែក​គ្រប់​ពេល​នឹក​គេ

ពេល​ដែល​គេ​មក​ក្បែរ មក​ស្និទ្ធស្នាល គឺ​ជា​ពេល​ដែល​មាន​ក្ដី​សុខ​បំផុត ទោះ​បី​ជា​មិន​ត្រូវ​អ្វី​ជាមួយ​នឹង​គេ ទោះ​ដឹង​ថា​ទង្វើ​ដែល​គេ​ធ្វើ​មក​លើ​យើង​មិន​លើស​ពី​មិត្ត​ធម្មតា ក៏​ទទួល​អារម្មណ៍​ថា​មាន​ភាព​កក់​ក្ដៅ។ តែ​ពេល​នៅ​ឆ្ងាយ​ពី​គេ នឹក​ឃើញ​គេ ក៏​ស្រាប់​តែ​ហូរ​ទឹក​ភ្នែក​រហាម​ដូច​មនុស្ស​បាត់​បង់​ស្នេហា ទាំង​ការ​ពិត​ដឹង​ហើយ មិន​ត្រូវ​អ្វី​ជាមួយ​នឹង​គេ​ឡើយ។

៤. ពេល​ខ្លះ​ចង់​ចេញ​ឲ្យ​ឆ្ងាយ​ពី​ជីវិត​គេ

ពេល​ដែល​ចិត្ត​ស្រលាញ់​កាន់​តែ​ខ្លាំង ក៏​កាន់​តែ​ឈឺចាប់​ខ្លាំង​ដូចគ្នា។​ពេល​ខ្លះ​ចង់​ទៅ​កន្លែង​មួយ​ដ៏​ឆ្ងាយ លែង​ឃើញ​រូប​គេ​ទៀត ចង់​ស្គាល់​ ចង់​ជួប​មនុស្ស​ថ្មី ដើម្បី​បំភ្លេច​គេ។ អារម្មណ៍​បែប​នេះ​គឺ​ឈឺ​ខ្លាំង​បំផុត ព្រោះ​តែ​មិន​មាន​សង្ឃឹម​ថា​គេ​ក៏​ស្រលាញ់​យើង​វិញ ចឹង​ហើយ​ទើប​ចង់​ចាកចេញ​ឲ្យ​ឆ្ងាយ​ពី​ជីវិត​គេ។ តែ​ចិត្ត​មួយ​ក៏​ចង់​ដឹង​ថា បើ​យើង​ចាកចេញ​ទៅ តើ​គេ​នឹក​យើង​ដែរ​ទេ?


៥. ផ្លាស់​ប្ដូរ​ទៅ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត

ពី​មនុស្ស​ធ្លាប់​តែ​រីករាយ មិន​ដែល​ចេះ​កើត​ទុក្ខ​អ្វី​សោះ ក៏​ប្រែ​ក្លាយ​ទៅ​ជា​មនុស្ស​ស្ងប់ស្ងាត់ ពេល​ដែល​មាន​វត្ត​មាន​គេ ក្នុង​បេះដូង​យើង។ ពេល​ខ្លះ​សួរ​ខ្លួន​ឯង​ថា តើ​ធ្វើ​ចឹង​ដើម្បី​អ្វី? ទោះ​យើង​ឈឺ​ចាប់ ស្រក់​ទឹក​ភ្នែក​ដល់​អស់​ពី​ខ្លួន​ទៀត​ក៏​គេ​មិន​ដឹង​ដែរ។ ពេល​ខ្លះ​ទៀត​ក៏​ផ្លាស់​ប្ដូរ​ចរិត​ខ្លួន​ឯង ជួនកាល​ធ្វើ​ដូច​កូន​ក្មេង ហើយ​តែង​ព្យាយាម​ធ្វើ​ល្អ​ដាក់​គេ ទោះ​ដឹង​ថា​មិន​បាន​អ្វី​មក​វិញ​ក៏​ព្រម​ធ្វើ ទាំង​រីករាយ​បំផុត។

៦. តែង​ចង់​ដឹង​គ្រប់​យ៉ាង​ពី​គេ

ចាប់​ផ្ដើម​ស្រលាញ់​គេ យើង​ក៏​ចាប់​ផ្ដើម​ក្លាយ​ជា (FBI) ចង់​ដឹង​រឿង​គ្រប់យ៉ាង​ដែល​ពាក់ព័ន្ធ​នឹង​គេ ហើយ​ក៏​ចង់​ក្លាយ​ជា​អ្នក​ពាក់ព័ន្ធ​នឹង​គេ​ដូច​គ្នា។ ចង់​ដឹង​ទាំង​ថ្ងៃ​កំណើត អាហារ​ដែល​គេ​ចូលចិត្ត របស់​ដែល​គេ​ចូលចិត្ត​ប្រើ ចង់​ដឹង​ថា​គេ​នៅ​ឯណា គេ​កំពុង​ធ្វើ​អ្វី គេ​មាន​អ្នក​ថែ​ឬ​នៅ? ហើយ​ថ្ងៃ​ណា​ដែល​ឃើញ​មាន​អ្នក​ណា Tag រូប​ឲ្យ​គេ​ក្នុង​ហ្វេស​ប៊ុក ក៏​ទៅ​ Search មើល​ពី​ម្នាក់​នោះ​ទៀត ចង់​ដឹង​ថា មាន​អី​ពាក់ព័ន្ធ​នឹង​គ្នា​ទេ។ នេះ​ហើយ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​ របស់​មនុស្ស​ដែល​ស្រលាញ់​គេ​តែ​ម្ខាង​តែង​ធ្វើ ហើយ​ពេល​ខ្លះ​ក៏​កើត​ទុក្ខ ពេល​ខ្លះ​ក៏​រីករាយ នៅ​ពេល​ដែល​ដឹង​រឿង​អ្វី​មួយ​ដែល​ពាក់ព័ន្ធ​នឹង​គេ។

៧. ពិបាក​កាត់​ចិត្ត​បំផុត ទោះ​ព្យាយាម​ដាក់​ចិត្ត​ស្រលាញ់​អ្នក​ផ្សេង​ក៏​មិន​អាច

ពេល​មួយ​ដែល​ដឹង​ថា គ្មាន​សង្ឃឹម​ថា គេ​នឹង​មក​ស្រលាញ់​ខ្លួន ជា​ពេល​មួយ​ដែល​យើង​ត្រូវ​កាត់​ចិត្ត​ពី​គេ ហើយ​បើក​ចិត្ត​សម្លឹង​អ្នក​ផ្សេង។ តែ​ជា​ពេល​វេលា​ដ៏​ពិបាក​បំផុត ព្រោះ​ចិត្ត​ដែល​ស្រលាញ់​លើ​នរណា​ម្នាក់​ហើយ​មិន​ងាយ​នឹង​ដក​វិញ​បាន​ទេ ទោះ​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​រវល់ ព្យាយាម​នៅ​ក្បែរ​អ្នក​ផ្សេង​ក៏​នៅ​តែ​នឹក​ឃើញ​គេ។ ពេល​ថ្ងៃ​បន់​ឲ្យ​តែ​យប់​អាល​នឹង​បាន​គេង ដើម្បី​ចិត្ត​បាន​ស្ងប់​ខ្លះ ពេល​ខ្លះ​ក៏​តែង​ស្រក់​ទឹក​ភ្នែក​ពេល​ឮ​ចម្រៀង​ដូច​នឹង​រឿង​ខ្លួន​ឯង។

ឃើញ​ទេ​ស្រលាញ់​គេ​តែ​ម្នាក់​ឯង គឺ​វា​ឈឺ​បែប​​នេះ ពេល​ដែល​យើង​កាត់​ចិត្ត​ពី​គេ​បាន​ហើយ លើក​ក្រោយ​ត្រូវ​ស្រលាញ់​អ្នក​ណា​ដែល​គេ​ក៏​ស្រលាញ់​យើង​វិញ​ដែរ ទើប​មិន​ឈឺ​ចាប់៕ ​

ប្រភព៖ sabay.com.kh