នៅពេលដែលអ្នកមានផ្ទៃពោះ៧ខែ នោះកូនក្នុងផ្ទៃគឺមានលក្ខណៈធំហើយ ដូចនេះវាធ្វើឲ្យអ្នកម្តាយមានសម្ពាធជាខ្លាំង ជាពិសេសផ្នែកខាងក្រោម គឺពីចង្កេះដល់ជើង វាអាចធ្វើឲ្យអ្នកម្តាយមានអាការៈចុកបាន។ ដូចនេះតើគួរតែធ្វើដូចម្តេចទើបអាចធ្វើឲ្យអាការៈទាំងនេះធូរស្រាលបាន?

  1. អ្នកត្រូវតែចេះស្វែងរករបៀបក្នុងការគេងឲ្យបានត្រឹមត្រូវ ទើបវាអាចជួយអ្នកមិនសូវមានអាការៈចុកចង្កេះ ឬជើង។
  2. នៅពេលដែលអ្នកគេង អ្នកអាចគេងបែរទៅខាងឆ្វេង រួចនៅចន្លោះជើងអ្នកអាចកៀបខ្នើយមួយនៅចំកណ្តាលជង្គង់ទាំងសងខាងរបស់អ្នកបាន នោះវាក៏អាចជួយអ្នកបានខ្លះដែរពីអាការៈឈឺចុកចាប់ផ្នែកខាងក្រោមនៃរាងកាយអ្នក។
  3. នៅពេលព្រឹក និងថ្ងៃត្រង់ អ្នកមិនត្រូវប្រើតែកាយវិកាដូចគ្នាក្នុងការអង្គុយ និងឈរនោះទេ ហើយក៏មិនត្រូវឈរ ឬអង្គុយលើសពីកន្លះម៉ោងដែរ ព្រោះវាអាចធ្វើឲ្យអ្នកចុកចង្កេះ និងជើងបាន។
  4. ចំនុចដែលសំខាន់ជាងគេគឺ អ្នកមិនត្រូវលើករបស់ធ្ងន់ឡើយ ព្រោះវាមិនត្រឹមតែអាចធ្វើឲ្យចង្កេះអ្នកឈឺនោះទេ ថែមទាំងអាចប៉ះពាល់ដល់កូនក្នុងផ្ទៃទៀតផង។
  5. អ្នកក៏អាចហែលទឹកបានដូចគ្នា ព្រោះការហែលទឹកនេះអាចធ្វើឲ្យអ្នកមិនមានអាការៈឈឺចង្កេះ និងជើងបាន នោះអាការៈឈឺចុកចាប់ទាំងនេះនឹងបាត់៕