ក្រោយពេលសម្រាលអ្វីដែលស្ត្រីជាម្ដាយគួរធ្វើដើម្បីខ្លួនឯង និងកូន គឺសម្រាកអោយបានគ្រប់គ្រាន់ និងទទួលទានអាហារសុខភាពល្អសម្បូរដោយសារធាតុចិញ្ចឹម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលសំខាន់ទៀតនោះ គឺរបបអាហារត្រឹមត្រូវក៏ជួយបង្កើនទឹកដោះបានយ៉ាងប្រសើរផងដែរ។ ប៉ុន្តែថាតើអាហារអ្វីខ្លះទៅដែលជួយផ្ដល់ថាមពលបន្ថែមនិងបង្កើនទឹកដោះ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីប្រភេទនៃអាហារដែលអ្នកគួរទទួលទានកំឡុងពេលកំពុងបំបៅដោះ ៖
១. ត្រីសម្បូរខ្លាញ់
ជាប្រភពនៃសារធាតុចិញ្ចឹមដែលជួយបង្កើនបរិមាណនៃការទឹកដោះ។ ត្រីសម្បូរខ្លាញ់ក៏មានផ្ទុកអាស៊ីតជាតិខ្លាញ់ DHA ដែលចាំបាច់សម្រាប់ការអភិវឌ្ឍសរសៃប្រសាទរបស់ក្មេងនិងជួយអោយស្ត្រីជាម្ដាយរក្សាបាននូវអារម្មណ៍ល្អជៀសផុតពីជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូន។
២. ខ្ទឹមស
ខ្ទឹមសក៏មានប្រសិទ្ធភាពបង្កើនការផលិតទឹកដោះដែលប្រសើរបំផុតសម្រាប់អ្នកម្ដាយកំពុងបំបៅដោះកូន។
៣. តែខ្ញី
ក្រៅពីជួយសម្រួលដល់ការរំលាយអាហារនិងបំបាត់អាការៈចង្អោរចង់ក្អួតហើយនោះ តែខ្ញីក៏មានប្រសិទ្ធភាពបង្កើនការផលិតទឹកដោះបានយ៉ាងប្រសើរផងដែរ។
៤. ស៊ុត
ស៊ុតជាអាហារពេលព្រឹកល្អបំផុតមួយដែលមានរសជាតិឆ្ងាញ់ ហើយមិនពិបាកនឹងចម្អិនទៀត។ វាមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន រួមទាំងវីតាមីន D និង choline ដែលចាំបាច់សម្រាប់ការលូតលាស់ឆ្អឹង និងការអភិវឌ្ឍខួរក្បាលរបស់ទារក។
៥. បន្លែនិងផ្លែឈើ
ជាជម្រើសនៃអាហារដ៏ប្រសើរបំផុតសម្រាប់ស្ត្រីកំពុងបំបៅដោះកូន។ នេះក៏ព្រោះតែបន្លែបៃតងនិងផ្លែឈើភាគច្រើនមានផ្ទុកអាស៊ីតហ្វូលិក (folic acid) ដែលជួយរាងកាយផលិតកោសិកាឈាមថ្មី។ បន្លែនិងផ្លែឈើស្រស់ក៏ជាប្រភពដ៏ល្អនៃវីតាមីន C និងជាតិដែកដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។
៦. ចៀសវាងគ្រឿងស្រវឹង
ទោះក្នុងកម្រិតមធ្យមក៏ដោយ ជាតិអាល់កុលដែលអ្នកទទួលទានអាចនឹងជ្រាបចូលទៅក្នុងរាងកាយទារកបាន! ដូច្នេះហើយទើបស្ត្រីកំពុងបំបៅដោះកូនត្រូវចៀសឱ្យផុតពីការទទួលទានគ្រឿងស្រវឹង។
៧. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
ទឹកដោះមានផ្ទុកជាតិទឹកប្រមាណដល់ទៅ ៩០ ភាគរយ។ ដូច្នេះការទទួលទានឱ្យបានគ្រប់គ្រាន់ គឺចាំបាច់ណាស់សម្រាប់ស្ត្រីកំពុងបំបៅដោះកូនដើម្បីរក្សានិងផ្គត់ផ្គង់ទឹកដោះ។
ប្រយ័ត្ន៖ ទារកតែងមានប្រតិកម្មខុសគ្នាចំពោះអាហារផ្សេងៗ ដូច្នេះស្ត្រីជាម្ដាយគួរព្យាយាមយកចិត្តទុកដាក់កត់សម្គាល់។ ការហើមពោះ ឡើងរោលកន្ទួលក្រហម ក្អក រាគ និងក្អួតជាដើមសុទ្ធតែអាចជារោគសញ្ញា ឬអាការៈដែលបង្ហាញថាទារកកំពុងជួបប្រទះបញ្ហាពិបាករំលាយអ្វីមួយក្នុងទឹកដោះ៕