បុរសជនជាតិខ្មែរែម្នាក់ទៀតហើយត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ១៩។
ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសថា បុរសជនជាតិខ្មែរម្នាក់នេះវិលត្រឡប់មកពីចូលរួមសិក្សាសាសនានៅប្រទេសថៃ។
បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ រស់នៅភូមិរកាពរ៥ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទៅចូលរួមសិក្សាសាសនាមួយនៅសាលាមួយនៃខេត្តយ៉ាឡាក្នុងប្រទេសថៃ ហើយបានវិលត្រឡប់មកពីប្រទេសថៃវិញ ដោយបានធ្វើដំណើរតាមរថយន្តទេសចរណ៍១២កៅអី (មានតែក្រុមគាត់ ១០នាក់ និងអ្នកបើកបរ) រហូតមកដល់ច្រកចូលអូរបីជាន់ រួចបានឆ្លងចូលមកកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។
បុរសរូបនេះ ត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាក របស់គាត់ទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ បច្ចុប្បន្ន បុរសខាងលើរូបនេះ ត្រូវបានបញ្ជូនទៅសម្រាក ព្យាបាល នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃដដែល នេះរួចហើយដែរ។
ចំណែកបុរស ០៨នាក់ផ្សេងទៀត មានតេស្តអវិជ្ជមាន កំពុងដាក់បន្តធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅមណ្ឌលធ្វើចត្តាឡីស័ករបស់ខេត្ត។
រីឯបុរសម្នាក់ទៀត កំពុងរង់ចាំយកវត្ថុ សំណាកទៅធ្វើការវិភាគនៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ឡើងវិញ ហើយរូបគាត់ត្រូវបានដាក់ឱ្យនៅ តាមដាននៅក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យនាពេលបច្ចុប្បន្ននេះ៕