លំពែង គឺជាផ្នែកនៃសរីរាង្គដ៏សំខាន់មួយរបស់ប្រព័ន្ធរំលាយអាហារ។ វាមិនត្រឹមតែគ្រប់គ្រងនិងបន្សាបអាហារមានជាតិអាស៊ីតដែលទទួលទានបានដោយក្រពះប៉ុណ្ណោះទេ អង់ស៊ីមដែលបញ្ចេញដោយលំពែងក៏ជួយក្នុងការរំលាយកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងជាតិខ្លាញ់ផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) លំពែងមានសុខភាពល្អជួយរក្សាកម្រិតត្រឹមត្រូវនៃការស្រូបយកជាតិស្ករនិងសម្រួលដល់ដំណើរការនៃការរំលាយអាហារធ្វើអោយអ្នកជៀសផុតពីបញ្ហាសុខភាពផ្សេងៗ។ ទោះជាយ៉ាងណាទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចជះឥទ្ធិពលគួរឱ្យបារម្ភចំពោះសុខភាពលំពែង។ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ទាំងនោះ ៖

១. ការជក់បារី

មិនត្រឹមតែសួតប៉ុណ្ណោះទេដែលទទួលរងផលប៉ះពាល់ ការជក់បារីក៏បង្កើនហានិភ័យនៃបញ្ហាសុខភាពជាច្រើនគួរឱ្យបារម្ភ រួមទាំងជំងឺមហារីកលំពែង! នេះក៏ព្រោះតែបារីមានផ្ទុកសម្បូរទៅដោយជាតិពុល ឬសារធាតុគីមីគ្រោះថ្នាក់។

២. ធាត់លើសទម្ងន់

ភាពធាត់ជ្រុលផ្សារភ្ជាប់នឹងបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន ហើយមួយក្នុងចំណោមនោះ គឺជំងឺមហារីកលំពែង។ ការស្រកទម្ងន់ ឬការរក្សាបាននូវទម្ងន់ត្រឹមត្រូវមួយមិនត្រឹមតែជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកលំពែងប៉ុណ្ណោះទេ​ ប៉ុន្តែព្រមទាំងជំងឺផ្សេងៗទៀតផងដែរ។

៣. ទម្លាប់ទទួលទានរបបអាហារមិនល្អ

អ្វីដែលអ្នកទទួលទានក៏អាចជះឥទ្ធិពលលើហានិភ័យនៃជំងឺលំពែងឱ្យចុះទាប ឬឡើងខ្ពស់ផងដែរ។ របបអាហារសម្បូរខ្លាញ់និងកូឡេស្តេរ៉ូល ព្រមទាំងផលិតផលអាហារកែច្នៃអាចបង្កើនហានិភ័យនៃជំងឺមហារីកលំពែងគួរឱ្យកត់សម្គាល់។ ដូច្នេះដើម្បីជាការប្រសើរចូរជ្រើសរើសរបបអាហារសុខភាពល្អដែលមានផ្ទុកសម្បូរដោយបន្លែផ្លែឈើជំនួសវិញ។

៤. ការទទួលទានគ្រឿងស្រវឹងច្រើនពេក

ក្នុងកម្រិតមធ្យមគ្រឿងស្រវឹងអាចផ្ដល់អត្ថប្រយោជ៍ចំពោះរាងកាយ ប៉ុន្តែការទទួលទានច្រើនពេកអាចជះឥទ្ធិពលគួរឱ្យបារម្ភលើសុខភាព។ មួយក្នុងចំណោមនោះ គឺហានិភ័យនៃជំងឺមហារីកលំពែង។ ការទទួលទានគ្រឿងស្រវឹងច្រើនក៏អាចបណ្ដាលឱ្យកើតមានជំងឺរលាកលំពែងផងដែរ៕