កំពុងជួបប្រទះអាការៈអស់កម្លាំងជាញឹកញយមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ជំនួសឱ្យការជ្រើសរើសទទួលទានភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ អ្នកក៏អាចដោះស្រាយបញ្ហានេះបានយ៉ាងងាយជាមួយគន្លឹះមួយចំនួន។ ថាតើគន្លឹះទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាឧស្សាហ៍មានអារម្មណ៍អស់កម្លាំង ៖

១. ទទួលទានអាហារសម្បូរជាតិដែក

មួយក្នុងចំណោមវិធីដ៏ងាយដើម្បីកម្ចាត់អាការៈអស់កម្លាំង គឺការផ្គត់ផ្គង់ជាតិដែកឱ្យបានគ្រប់គ្រាន់ក្នុងរាងកាយ។ ជាតិរ៉ែនេះចាំបាច់សម្រាប់បង្កើនកោសិកាគ្រាប់ឈាមក្រហមដើម្បីប្រាកដថាអុកស៊ីសែនត្រូវបានផ្គត់ផ្គង់ទៅសព្វពេញរាងកាយ។ រាល់កោសិការាងកាយត្រូវការទទួលបានអុកស៊ីហ្សែនគ្រប់គ្រាប់ដើម្បីបំពេញមុខងារភារកិច្ច។ កង្វះជាតិដែកផ្ដល់បញ្ហាសុខភាពជាច្រើន រួមទាំងភាពអស់កម្លាំងឆាប់ហត់ ពិបាកផ្ដោតអារម្មណ៍ និងសូម្បីតែភាពអំណត់ស៊ូទ្រាំ។ ប្រសិនបើអ្នកមិនចង់ឱ្យបញ្ហាទាំងនេះកើតឡើងទេ ចូរទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិដែក។

២. ចាប់ផ្ដើមធ្វើលំហាត់ប្រាណ

លំហាត់ប្រាណជួយសម្រួលចរន្តឈាមហូរ ហើយល្អណាស់សម្រាប់សុខភាពសសៃឈាមបេះដូង។ ការគិតតែពីគេងមិនបានផ្ដល់ឱ្យអ្នកនូវថាមពលបន្ថែមដូចបានគិតទុកឡើយ។ ផ្ទុយទៅវិញការធ្វើលំហាត់ប្រាណស្រាលៗដូចជា ដើរនិងរត់ត្រឹកៗយ៉ាងហោចណាស់ ៣ ដង ក្នុងមួយសប្តាហ៍បែរជាជួយបង្កើនកម្លាំងថាមពលគួរឱ្យកត់សម្គាល់។

៣. គេងឱ្យបានគ្រប់គ្រាន់

ការគេងមិនគ្រប់ក៏អាចធ្វើអោយអ្នកអស់កម្លាំងខុសពីធម្មតាផងដែរ! នោះក៏ព្រោះតែការគេង គឺជាពេលដែលអ្នកផ្ដល់អោយរាងកាយនូវពេលសម្រាកស្ដារថាមពលពេញលេញមកវិញ។ ដូច្នេះដើម្បីជាការប្រសើរ ចូរគេងអោយបានពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់។ 

៤. ទទួលទានទឹកក្រូចឆា្មរ

គ្រាន់តែច្របាច់ក្រូចឆ្មារម្ខាងក្នុងទឹក ១ កែវ រួចកូរឱ្យសព្វ សឹមទទួលទានក៏អាចដោះស្រាយបញ្ហាអស់កម្លាំងងងុយគេងបានយ៉ាងប្រសើរផងដែរ។

៥. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់

ទឹកដើរតួនាទីសំខាន់ណាស់ចំពោះសុខភាពរាងកាយ ហើយជួយរក្សាក៏ដូចជាបង្កើនកម្រិតថាមពល។ ប្រសិនបើអ្នកខ្សោះជាតិទឹកក្នុងរាងកាយនោះវានឹងបង្កផលប៉ះពាល់ដល់មុខងារបេះដូងនាំឱ្យអ្នកឆាប់ហត់។

៦. ទទួលទានគ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូមដែលជួយបំលែងស្ករទៅជាថាមពល។ គ្រាប់ធញ្ញជាតិក៏ជាប្រភពដ៏ល្អបំផុតមួយនៃប្រូតេអ៊ីននិងជាតិសសៃដែលជួយឱ្យឆ្អែតនិងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរផងដែរ។ ទោះជាយ៉ាងណាមិនត្រូវទទួលទានច្រើនជាងមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ៕