បើសិនអ្នកមិនទាន់ឃើញកូនជុះ ឬខោទឹកនោមនៅមិនទាន់ប្រឡាក់លាមករយៈពេលមួយថ្ងៃពីរហើយ មានន័យថាកូនទំនងជាមានបញ្ហាពោះវៀន ឬអាចទាល់លាមកហើយ ប៉ុន្តែមិនមែនធ្ងន់ធ្ងរទេ។ រឿងនេះក៏គ្រប់គ្រាន់ធ្វើឲ្យកូននៅមិនសុខ ឬរញ៉ាំរញ៉ូវ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មានហេតុផលមួយចំនួនដែលធ្វើឲ្យកូនពិបាកបន្ទោបង់ ឬទល់លាមក ហើយវាក៏ទាក់ទងនឹងរបៀបដែលអ្នកបំបៅកូនដែរ។
ការទល់លាមកលើទារកដែលបៅដោះ
ទារកដែលបៅដោះកម្រទល់លាមកណាស់ដោយសារតែទឹកដោះម្តាយផ្តល់ភាពងាយស្រួលដល់ការរំលាយ។ ទារកបៅដោះនឹងទទួលបានបាក់តេរីមានប្រយោជន៍ច្រើនដល់ពោះវៀនធំសម្រាប់រំលាយអ្វីដែលពិបាករំលាយដូចជា ប្រូទេអ៊ីន និងខ្លាញ់។ ទឹកដោះម្តាយក៏មានអ័រម៉ូនមួយឈ្មោះថា Motilin ដែលអាចបង្កើនចលនារបស់ពោះវៀនទារក។ ការខ្សោះជាតិទឹកអាចបង្កជាការទល់លាមកបាន។ ប៉ុន្តែបើសិនជាកូនដែលបៅដោះគឺមានការខ្សោះជាតិទឹកតិចតួច ដូច្នេះការទល់លាមកក៏តិចតួចដែរ។
ការទល់លាមកលើទារកបៅទឹកដោះគោម្សៅ
ទារកដែលបៅទឹកដោះគោម្សៅច្រើនតែមានបញ្ហាទល់លាមក ដោយសារតែម្សៅទឹកដោះគោពិបាករំលាយ ហើយក៏មិនទទួលបានជាតិទឹកគ្រប់គ្រាន់ដែរ។ ទារកដែលញ៉ាំតែទឹកដោះគោម្សៅមួយមុខច្រើនតែមិនសូវបន្ទោបង់ដូចក្មេងបៅដោះម្តាយទេ។ លាមកពួកគេអាចនឹងខាប់ជាង និងខុសគ្នា ហើយទំនងជាមានពណ៌បៃតងជាង។
មូលហេតុផ្សេងៗទៀត
អាហារគឺជាមូលហេតុដែលធ្វើឲ្យទារកទល់លាមក។ យ៉ាងណាមិញ ការខ្សោះជាតិទឹក ជាពិសេសអាកាសធាតុក្តៅអាចជាហេតុនាំឲ្យទារកខ្សោះជាតិទឹក និងបង្កការទល់លាមកបាន។ ប៉ុន្តែករណីខ្លះ ការទល់លាមកអាចជាអាការៈមួយនៃជំងឺធ្ងន់ធ្ងរដែរ។
ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដែលអ្នកអាចជួយសម្រួលការមិនបន្ទោបង់របស់ទារកបាន៖
- ម៉ាស្សាពោះរបស់កូន៖ ចូរចាប់ផ្តើមនៅចំកណ្តាលផ្សិត ហើយម៉ាស្សាជារវង្វង់ទ្រនិចនាឡិការិ៍។ អ្នកអាចប្រើប្រេង ឬក្រែមពិសេសសម្រាប់ស្បែកក្មេង
- ធ្វើចលនាជើងរបស់ក្មេងដូចចលនាធាក់កង់៖ ចូរដាក់កូនគេងផ្ងា ហើយចាប់ជើងធ្វើចលនាដូចជិះកង់ថ្នមៗ
- ងូតទឹកឲ្យកូន៖ ទឹកក្តៅឧណ្ហៗអាចធ្វើឲ្យទារកធូរស្រាលក្នុងអារម្មណ៍ ដូច្នេះលាមកគេក៏អាចចេញបានស្រួលជាងមុនដែរ។ ពេលអ្នកលាងសម្អាតគូថកូន ចូរលាបក្រែមខ្លះនៅជុំវិញរន្ធគូថដែរ។
- ចូរពិនិត្យទៅលើម្សៅទឹកដោះគោកូនឡើងវិញ៖ ពេលខ្លះម្សៅទឹកដោះគោកូនក៏អាចនាំឲ្យទល់លាមកដែរ។ ដូច្នេះការប្តូរផលិតផលផ្សេងអាចនឹងដោះស្រាយការទល់លាមកបានល្អដែរ។
- ឲ្យកូនញ៉ាំទឹកឆ្អិន៖ អ្នកអាចឲ្យកូនញ៉ាំទឹកបន្ថែមបាន ប៉ុន្តែត្រូវញ៉ាំទឹកឆ្អិន។
នៅពេលកូនអាយុបាន ៣ ទៅ ៦ខែហើយ អ្នកអាចចាប់ផ្តើមឲ្យគេញ៉ាំអាហារបន្ថែមក្រៅបាន ជាពិសេសបបរក្មេង និងបបរមានជាតិបន្លៃ ឬផ្លែឈើបានហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អាហារទាំងនេះសម្បូរទៅដោយជាតិសរសៃណាស់ ហើយអាចបង្ការការទល់លាមកថែមទៀត៕