កំពុងជួបប្រទះបញ្ហាស្រៀវធ្មេញមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដើម្បីកុំឱ្យអាការៈកាន់តែអាក្រក់ឡើងអ្នកគួរកុំធ្វើរឿងមួយចំនួន។ ថាតើទង្វើដែលមិនគួរធ្វើទាំងនោះមានអ្វីខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទង្វើគួរចៀសវាងកំឡុងពេលមានបញ្ហាស្រៀវធ្មេញ ៖
១. ការទទួលទានអាហារនិងភេសជ្ជៈក្ដៅ ឬត្រជាក់ពេក
អាការៈស្រៀវធ្មេញនឹងធ្វើទុក្ខឡើងភ្លាមៗក្រោយពេលអ្នកទទួលទានអាហារ ព្រមទាំងភេសជ្ជៈដែលក្ដៅ ឬត្រជាក់ពេក។ ដូច្នេះដើម្បីជាប្រសើរចូរប្រយ័ត្នចំពោះអាហារ ឬភេសជ្ជៈដែលអ្នកទទួលទាន។ ព្យាយាមប្រើប្រាស់ថ្នាំដុសធ្មេញដែលមានប្រសិទ្ធភាពព្យាបាលស្រៀវធ្មេញ។ អ្នកក៏គួរទៅជួបពិនិត្យជាមួយពេទ្យធ្មេញប្រសិនបើអាការៈមិនប្រសើរឡើងសោះ។
២. ទទួលទានអាហារផ្អែមច្រើន
អាហារ ឬភេសជ្ជៈដែលមានផ្ទុកជាតិស្ករខ្ពស់ក៏អាចបណ្ដាលឱ្យអាការៈស្រៀវធ្មេញកាន់តែអាក្រក់ឡើងផងដែរ។ ជាពិសេសប្រសិនបើអ្នកមានធ្មេញពុក។ ការទទួលទានអាហារ ឬភេសជ្ជៈផ្អែមៗច្រើនក៏បណ្ដាលឱ្យកើតមានបញ្ហាមាត់ធ្មេញច្រើនផ្សេងទៀតគួរឱ្យបារម្ភ។ នេះក៏ព្រោះតែស្ករបង្កើនការលូតលាស់នៃបាក់តេរីក្នុងមាត់។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការទទួលទានស្ករ ឬអាហារផ្អែមរបស់អ្នក។
៣. ទទួលទានអ្វីដែលជូរ ឬមានជាតិអាស៊ីត
ក្រៅពីអាចធ្វើឱ្យធ្មេញឈឺហើយនោះ ការទទួលទានអ្វីអាហារនិងភេសជ្ជៈដែលមានរសជាតិជូរ ឬមានជាតិអាស៊ីតក៏អាចបង្កឱ្យអាការៈស្រៀវធ្មេញកាន់តែយ៉ាប់ខ្លាំងជាងមុនផងដែរ។ នេះក៏ព្រោះតែវាអាចបណ្ដាលឱ្យសឹកកាចាធ្មេញដែលសឹកខ្លះរួចទៅហើយ។
៤. ការដុសធ្មេញខ្លាំងៗ
មិនត្រឹមតែគួរប្រើច្រាស់ដុសធ្មេញដែលមានសសៃទន់ៗប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ចាំបាច់ត្រូវដុសសម្អាតធ្មេញថ្នមៗផដែរ។ ការដុសសម្អាតធ្មេញខ្លាំងៗអាចបង្កប៉ះពាល់ដល់កាចាធ្មេញដែលធ្វើឱ្យអាការៈស្រៀវធ្មេញកាន់តែធ្ងន់ធ្ងរ។
៥. ស្ត្រេស ឬថប់បារម្ភ
អ្នកក៏គួរគ្រប់គ្រងកម្រិតនៃភាពស្ត្រេសនិងថប់បារម្ភផងដែរ ប្រសិនបើកំពុងមានបញ្ហាស្រៀវធ្មេញ។ នេះក៏ព្រោះតែភាពស្ត្រេសនិងថប់បារម្ភដែលមិនគ្រប់គ្រងបានអាចបង្កអាការៈមួយ គឺការសង្ក្រឺតធ្មេញ ពិសេសនៅពេលយប់៕