ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាការគេង គឺសំខាន់ណាស់ចំពោះសុខភាពរាងកាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះជំងឺគេងមិនលក់អាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភលើសុខភាព។ ដើម្បីជាការប្រសើរអ្នកគួរចៀសឱ្យផុតពីសកម្មភាពមួយចំនួនដែលអាចបណ្ដាលឱ្យស្ថានភាពនៃការគេងមិនលក់កាន់តែអាក្រក់ឡើង។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទង្វើដែលមិនគួរធ្វើនៅពេលមានជំងឺគេងមិនលក់ ៖

១. ទទួលទានគ្រឿងស្រវឹង

ដឹងទេថាគ្រឿងស្រវឹងអាចបណ្ដាលឱ្យស្ថានភាពនៃជំងឺគេងមិនលក់របស់អ្នកកាន់តែអាក្រក់ឡើង? បញ្ហានោះគឺនៅពេលស្រវឹងអ្នកងាយនឹងជួបប្រទះអាការៈគេងមិនស្ងប់ ហើយថែមទាំងបណ្ដាលអោយមិនស្រួលខ្លួន គ្មានកម្លាំង អារម្មណ៍មិនស្រស់ស្រាយនៅព្រឹកបន្ទាប់ទៀតផង។ ម្យ៉ាងវិញទៀតការទទួលទានគ្រឿងស្រវឹងអាចបង្កបញ្ហាគេងស្រមុកដែលជាបញ្ហាមួយរំខានដល់ខួរក្បាលនិងរាងកាយមិនឱ្យទទួលបានអុកស៊ីសែនគ្រប់គ្រាន់ខណៈពេលគេង។

២. ទទួលទានអាហារសម្បូរខ្លាញ់​មុនចូលគេង

ជាធម្មតានៅពេលយប់អ្នកមិនគួរបណ្ដោយ ឬដាក់បន្ទុកឱ្យក្រពះប្រឹងធ្វើការពេកនោះទេ ប្រសិនបើចង់គេងលក់បានស្រួលហើយស្កប់។ ការទទួលទានអាហារសម្បូរខ្លាញ់ជះឥទ្ធិពលគួរ​ឱ្យបារម្ភចំពោះប្រព័ន្ធរំលាយអាហារ។

៣. ទទួលទានកាហ្វេក្រោយបាយថ្ងៃ

ប្រសិនបើអ្នកងាយនឹងជួបប្រទះបញ្ហាគេងមិនលក់នោះចូរព្យាយាមចៀសវាង ឬកាត់បន្ថយការទទួលទានកាហ្វេ ឬភេសជ្ជៈកាហ្វេអ៊ីនផ្សេងៗក្រោយម៉ោងអាហារថ្ងៃទើបប្រសើរ។ នេះក៏ព្រោះតែជាតិកាហ្វេអ៊ីនអាចស្ថិតនៅក្នុងប្រព័ន្ធរាងកាយពី ៤ ទៅ ៦ ម៉ោងឯណោះ។ ហើយប្រសិនបើអ្នកទទួលទានកាហ្វេ ឬភេសជ្ជៈកាហ្វេអ៊ីនណាមួយកំឡុងម៉ោងប្រហែល ៣ ថ្ងៃនោះកាហ្វេអ៊ីនអាចស្ថិតនៅក្នុងលំហូរឈាមដល់ម៉ោង ៩ យប់ឯណោះ។

៤. ទទួលទានអាហារហឹរមុនចូលគេង

នោះក៏ព្រោះតែអាហារហឹរជាកត្តាចម្បងបំផុតមួយនៃបញ្ហាក្រហាយទ្រូងច្រាលទឹកអាស៊ីតក្រពះដែលជះឥទ្ធិពលដល់ការគេង។

៥. ទទួលទានទឹកច្រើននៅពេលយប់

ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយការរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ គឺចាំបាច់ណាស់។ ប៉ុន្តែទោះជាបែបនេះក៏ដោយការទទួលទានទឹកច្រើននៅពេលយប់អាចបង្កការរំខាន់ដល់ការគេងរបស់អ្នកក៏ព្រោះត្រូវក្រោកចូលបន្ទប់ទឹកញឹកញាប់។ ទោះជាយ៉ាងណាមិនមែនមានន័យថាអ្នកមានបញ្ហាគេងមិនលក់ត្រូវទទួលទានទឹកតិចជាង ២ លីត្រក្នុងមួយថ្ងៃដែរ គឺគ្រាន់តែកុំទទួលទានច្រើននៅពេលយប់ប៉ុណ្ណោះ។

៦. ធ្វើលំហាត់ប្រាណមុនពេលចូលគេង

ការធ្វើលំហាត់ប្រាណជាប្រចាំ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពរាងកាយរឹងមាំ។ ទោះជាយ៉ាងណាការធ្វើលំហាត់ប្រាណពេលយប់ ឬមុនពេលចូលគេងមិនល្អសោះឡើយសម្រាប់អ្នកងាយនឹងគេងមិនលក់។ ដើម្បីជាការប្រសើរចូរផ្លាស់ប្ដូរមកធ្វើលំហាត់ប្រាណនៅពេលព្រឹក។

៧. ទទួលទានសាច់ក្រហមមុនចូលគេង

ក៏ដូចនឹងការទទួលទានគ្រឿងស្រវឹងពេលយប់ដូច្នោះដែរ ការទទួលទានសាច់ក្រហមមុនពេលចូលគេងអាចធ្វើឲ្យអ្នកគេងលក់មិនស្ងប់ដោយសារប្រព័ន្ធរំលាយអាហារត្រូវប្រឹងធ្វើការបំបែកសាច់ក្រហមដែលអ្នកបានទទួលទានចូល។

៨. ទទួលទានអាហារ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីន

លើកលែងតែគ្មានជាតិកាហ្វេអ៊ីន! ប្រសិនបើអ្នកទទួលទានកាហ្វេនៅមុនពេលចូលគេងនោះអ្នកអាចនឹងជួបប្រទះបញ្ហាគេងមិនលក់ជាមិនខាន។ នោះក៏ព្រោះតែជាតិកាហ្វេអ៊ីនក្នុងកាហ្វេរំញោចដល់ភាពសកម្មនៃខួរក្បាលដែលនឹងធ្វើអោយអ្នកមានអារម្មណ៍ស្វាងមិនងងុយគេង៕