របបអាហារជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពឆ្អឹង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងប្រហែលជាធ្លាប់ដឹងពីអាហារដែលជួយកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងរួចមកហើយ ប៉ុន្តែចុះចំពោះអ្នកដែលកំពុងប្រឈមមុខនឹងជំងឺនេះវិញ? គួរចៀសវាងអាហារនិងភេសជ្ជៈអ្វីខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកជំងឺពុកឆ្អឹងគួរចៀសវាង ៖

១. សណ្ដែក Legumes

ទោះបីពពួកសណ្ដែក Legumes រួមមានសណ្ដែកខៀវ ឬសណ្ដែកក្រហមជាដើមមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីននិងជាតិសសៃដែលល្អចំពោះសុខភាព ប៉ុន្តែពពួកសណ្ដែកនេះក៏មានផ្ទុកសារធាតុ phytates ដែលរារាំងការស្រូបយកជាតិកាល់ស្យូមផងដែរ។ ទោះជាយ៉ាងណាអ្នកអាចកាត់បន្ថយសារធាតុ phytates បានតាមរយៈការត្រាំសណ្ដែកក្នុងទឹកសម្រាប់រយៈពេលប៉ុន្មានម៉ោងជាមុនសិន សឹមចម្អិនទទួលទាន។

២. អាហារផ្អែម

ការទទួលទានអាហារផ្អែម ឬមានផ្ទុកជាតិស្ករខ្ពស់ច្រើនពេកផ្សារភ្ជាប់នឹងការរលាកក្នុងរាងកាយដែលបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺពុកឆ្អឹង។

៣. ភេសជ្ជៈសូដា ឬភេសជ្ជៈកំប៉ុង

ក្រៅពីមានផ្ទុកសម្បូរជាតិស្ករខ្ពស់ហើយនោះ ភេសជ្ជៈប្រភេទនេះក៏មានផ្ទុក អាស៊ីតផូស្វរិកនិងគ្រឿងផ្សំបន្ថែមរសជាតិផ្សេងទៀតដែលមិនល្អចំពោះសុខភាពឆ្អឹងផងដែរ។ អាស៊ីតផូស្វរិកអាចរារាំងសមត្ថភាពនៃការស្រូបយកជាតិកាល់ស្យូមគួរឱ្យបារម្ភ។ ម្យ៉ាងវិញទៀតសូដា ឬភេសជ្ជៈកំប៉ុងមួយចំនួនទៀតសុទ្ធតែមានផ្ទុកនូវជាតិកាហ្វេអ៊ីន ដូច្នេះហើយទើបការទទួលទានភេសជ្ជៈប្រភេទនេះច្រើន ក៏រួមចំណែកលើកកម្ពស់ការបាត់បង់ម៉ាសនៃឆ្អឹងធ្វើឱ្យឆ្អឹងចុះខ្សោយនិងបង្កើនហានិភ័យនៃជំងឺពុកឆ្អឹងនាពេលអនាគតផងដែរ។

៤. កាហ្វេ

វាជាការប្រសើរចំពោះសុខភាព ប្រសិនបើអ្នកទទួលទានកាហ្វេត្រឹមតែពី ២ ទៅ ៣ ពែងក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកទទួលទានវាលើសពីនេះ កាហ្វេនឹងបណ្ដាលឱ្យមានបញ្ហាអាក្រក់ជាច្រើនកើតឡើងចំពោះសុខភាព។ ក្រៅពីបញ្ហាថប់បារម្ភឈឺក្បាលនិងហានិភ័យនៃជំងឺ
បេះដូងហើយនោះ ការចុះខ្សោយនៃឆ្អឹង ក៏អាចជាលទ្ធផលនៃការទទួលទានកាហ្វេច្រើនពេកផងដែរ។ បញ្ហានេះកើតឡើងដោយសារជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេបង្កើនការផលិតទឹកនោម ហើយបណ្ដាលអោយជាតិកាល់ស្យូមមួយចំនួនក្នុងរាងកាយត្រូវបង្ហូរចេញតាមនោះដែរ។

៥. សាច់ក្រហម

ក៏ដូចទៅនឹងកាហ្វេអ៊ីនដែរ សាច់ក្រហម គឺជាអ្វីមួយដែលអាចបណ្ដាលឱ្យឆ្អឹងបាត់បង់ជាតិកាល់ស្យូម។ ប្រសិនបើអ្នកមានជំងឺពុកឆ្អឹង ឬក៏មិនចង់កើតជំងឺនេះទេនោះ ចូរកម្រិតការទទួលទានសាច់ក្រហមរបស់អ្នកដោយមិនគួរលើសពី ២ ដងក្នុងមួយសប្តាហ៍ឡើយ។ ជាពិសេសសាច់ក្រហមកែច្នៃ!

៦. អាហារប្រៃ

សូដ្យូមក៏ជាអ្វីមួយដែលបណ្ដាលឱ្យជាតិកាល់ស្យូមត្រូវបាត់បង់ពីក្នុងរាងកាយហើយ។ ដូច្នេះដើម្បីជាការប្រសើរអ្នកមិនគួរទទួលទានលើសពី ២៣០០ មីលីក្រាមក្នុងមួយថ្ងៃឡើយ៕