ការគេងគឺជាដំណើរការណ៍ដ៏សំខាន់មួយដែលខួរក្បាល ព្រមទាំងរាងកាយត្រូវការដើម្បីជួសជុលនូវអ្វីដែលខូចខាត។ ពេលគេង ការចងចាំនឹងប្រមូលផ្តុំកាន់តែល្អ ហើយសាច់ដុំនឹងជួសជុលខ្លួនឯងដើម្បីកាន់តែរឹងមាំទៅៗ។ ប៉ុន្តែ តើយើងកំពុងតែគេងក្នុងចំនួនមួយគ្រប់គ្រាន់ហើយឬនៅក្នុងមួយថ្ងៃ? ជាអកុសល្យ យើងមិនបានដឹងឡើយ។ ភាគច្រើនយើងគេងបានតែពីរបីម៉ោងជារៀងរាល់ថ្ងៃ ហើយក៏ក្រចូលគេងផងដែរ។ ខាងក្រោមនេះគឺជាផលវិបាកដែលអាចកើតឡើងនៅពេលដែលអ្នកគេងមិនបានគ្រប់គ្រាន់៖

ខួរក្បាលធ្វើការមិនបានល្អ

ដូចអ្វីដែលខ្ញុំនិយាយពីខាងដើមអ៊ីចឹងគឺថា បើសិនជាគេងមិនបានគ្រប់គ្រាន់ទេ មុខងាររបស់ខួរក្បាលនឹងថយល្បឿនរបស់វា ការចងចាំនឹងមិនសូវបានល្អ ហើយសតិអារម្មណ៍ក៏នឹងរងការរំខានដែរ។ មួយវិញទៀត វាក៏អាចធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងការឆាប់កើតជំងឺភ្លេចភ្លាំងពេលចាស់ជរាដែរ។ 

ស្រ្តេសកាន់តែខ្លាំង

វាអាចនឹងធ្វើឲ្យកម្រិតនៃភាពស្រ្តេសអ្នកកើនឡើងដោយសារតែ រាងកាយត្រូវការសម្រាកច្រើន។ បើសិនជាមិនបានគេងគ្រប់គ្រាន់តែ អ្នកគឺពិតជាងាយនឹងឆេវឆាវ អារម្មណ៍មិនល្អ និងស្រ្តេសខ្លាំង ដោយសារតែចំនួនអ័រម៉ូន Cortisol ក្នុងខ្លួនឡើងខ្ពស់ពេក។

ងាយនឹងមានគ្រោះថ្នាក់ដោយចៃដន្យ

បញ្ហាមួយទៃការគេងមិនបានគ្រប់គ្រាន់គឺថា វាមានការប្រឈមខ្ពស់នឹងការគ្រោះថ្នាក់ដោយចៃដន្យ។ នេះដោយសារតែការងងុយគេងពេលថ្ងៃ។ នេះគឺជារឿងគ្រោះថ្នាក់មួយបើសិនជាអ្នកត្រូវការបើកបរញឹកញាប់តាមផ្លូវខ្វាត់ខ្វែងច្រើន។ 

មិនមានសមត្ថភាពផ្តោតអារម្មណ៍លើអ្វីមួយឡើយ

តើអ្នកធ្លាប់សម្គាល់ខ្លួនឯងទេថា ការគិតរបស់អ្នកដូចជាមិនសូវបានល្អសោះនៅពេលដែលគេងនៅពេលយប់មិនបានគ្រប់គ្រាន់? នេះដោយសារតែ ខួរក្បាលមិនត្រូវបានសម្រាកត្រឹមត្រូវ ដូច្នេះការប្រើប្រាស់វាដើម្បីធ្វើការក៏មិនបានផលល្អដូចគ្នាដែរ។ នៅពេលរឿងនេះកើតឡើង វានឹងពិបាកសម្រាប់អារម្មណ៍អ្នកក្នុងការផ្តោតអារម្មណ៍ទៅលើរឿងទាំងឡាយណាដែលអ្នកកំពុងតែធ្វើ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង