ទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចជះឥទ្ធិពលគួរអោយកត់សម្គាល់ចំពោះសុខភាពរាងកាយទាំងមូល រួមទាំងពោះវៀន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលសំខាន់នោះ គឺស្ថានភាពពោះវៀនមិនល្អប្រសើរអាចបណ្ដាលអោយកើតមានបញ្ហាសុខភាពច្រើនផ្សេងទៀតរួមមាន ថប់បារម្ភ ជំងឺបាក់ទឹកចិត្ត(depression) ជំងឺធាត់ជ្រុល ជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ឧស្សាហ៍អស់កម្លាំង ជំងឺខ្សោយពោះវៀន ជាដើម។ ហើយការរក្សាបាននូវបាក់តេរីល្អៗក្នុងពោះវៀន គឺចាំបាច់ណាស់ដើម្បីសុខភាពពោះវៀនប្រសើរ។ ថាតើទម្លាប់អ្វីខ្លះទៅជះឥទ្ធិពលដល់បាក់តេរីល្អៗក្នុងពោះវៀន? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអ្នកគួរផ្លាស់ប្ដូរចេញដើម្បីរក្សាបាក់តេរីល្អៗក្នុងពោះវៀន ៖
១. មិនទទួលទានអាហារមានជាតិប្រូបាយអូទិក
អាហារប្រូបាយអូទិក គឺល្អណាស់សម្រាប់បង្កើនបាក់តេរីល្អៗក្នុងពោះវៀន។ ដូច្នេះប្រសិនបើអ្នកមិនទទួលទានអាហារទាំងនេះសោះបញ្ហាអតុល្យភាពនៃបាក់តេរីក្នុងពោះវៀនប្រាកដជាកើតមានឡើង។
២. ទទួលទានគ្រឿងស្រវឹងច្រើន
ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស និង ១ កែវក្នុងមួយថ្ងៃសម្រាប់នារី គឺប្រសើរ ប៉ុន្តែការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិតអាចជះឥទ្ធិពលដល់បាក់តេរីល្អៗក្នុងពោះវៀន ក៏ដូចជាសុខភាពរាងកាយទាំងមូលគួរឱ្យព្រួយបារម្ភ។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការទទួលទានរបស់អ្នក។
៣. មិនទទួលទានយ៉ាអួរ
នេះក៏ព្រោះតែយ៉ាអួរជាប្រភពដ៏ប្រសើរបំផុតមួយនៃបាក់តេរីល្អៗ។ ទោះជាយ៉ាងណាចូរជ្រើសរើសទទួលទានយ៉ាអួរសុទ្ធមិនលាយគ្រឿងផ្សំបន្ថែមទើបប្រសើរ។
៤. ការទទួលទានស្ករ ឬជាតិផ្អែមសិប្បនិម្មិតច្រើន
ក្រៅពីធ្វើអោយធាត់ ព្រមទាំងបង្កើនហានិភ័យនៃជំងឺផ្សេងៗហើយនោះ ស្ករក៏ជះឥទ្ធិពលគួរអោយព្រួយបារម្ភចំពោះបាក់តេរីល្អៗក្នុងពោះវៀនផងដែរដោយវាបង្កើនចំនួនបាក់តេរីមិនល្អ។ ធ្លាប់ដឹងទេថាស្ករអាចធ្វើអោយអ្នកញៀនបាន? ទទួលទានច្រើនប៉ុណ្ណាកាន់តែឃ្លានប៉ុននោះ! ហើយប្រសិនបើអ្នកញៀននឹងទទួលទានស្ករ ឬអាហារនិងភេសជ្ជៈផ្អែមហើយនោះសុខភាពពោះវៀន ក៏ដូចជារាងកាយទាំងមូលនឹងស្ថិតក្នុងគ្រោះថ្នាក់ជាមិនខាន។ ហើយប្រសិនបើអ្នកគិតថាជាតិផ្អែមសិប្បនិម្មិតល្អចំពោះសុខភាពក៏ព្រោះវាគ្មានផ្ទុកជាតិកាឡូរីនិងមិនបណ្ដាលអោយកម្រិតនៃជាតិស្ករក្នុងឈាមកើនឡើងនោះ ចូរគិតម្ដងទៀត! អ្នកជំនាញផ្នែកសុខភាព
ជាច្រើននិយាយថា ជាតិផ្អែមសិប្បនិម្មិតផ្ដល់ផលអាក្រក់ចំពោះសុខភាពខ្លាំងជាងស្ករធម្មតាទៅទៀត។ ជាតិផ្អែមសិប្បនិម្មិតបង្កើនចំនួនបាក់តេរីមិនល្អអោយមានច្រើនជាងល្អក្នុងពោះវៀន ហើយក៏បង្កការរលាកផងដែរ។
៥. មិនទទួលទានអាហារសម្បូរជាតិសសៃ
ការទទួលទានអាហារសម្បូរជាតិសសៃមិនត្រឹមតែល្អសម្រាប់ការរំលាយអាហារនិងទប់ស្កាត់អាការៈទល់លាមកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបង្កើនបាក់តេរីល្អៗក្នុងពោះវៀនផងដែរ។ ជាតិសសៃក៏ជួយកម្ចាត់ជាតិពុលផ្សេងៗដែលអាចបង្កគ្រោះថ្នាក់ដល់បាក់តេរីល្អៗក្នុងពោះវៀនគួរឱ្យកត់សម្គាល់៕