ការទទួលទានគ្រឿងស្រវឹងអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពជាច្រើន រួមទាំងជំងឺមហារីក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើប្រភេទនៃជំងឺមហារីកអ្វីខ្លះផ្សារភ្ជាប់នឹងការទទួលទានគ្រឿងស្រវឹងច្រើន? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីជំងឺមហារីកដែលអាចកើតឡើងដោយសារការទទួលទានគ្រឿងស្រវឹងលើសកម្រិត ៖

១. មហារីកថ្លើម

ថ្លើម គឺជាសរីរាង្គដ៏ធំបំផុតមួយក្នុងរាងកាយដែលមានមុខងាររំលាយសមាសធាតុផ្សេងៗគ្នាដែលចួលក្នុងរាងកាយ រួមបញ្ចូលទាំងគ្រឿងស្រវឹង។ នេះហើយជាមូលហេតុដែលការទទួលទានគ្រឿងស្រវឹងច្រើនអាចបន្ថែមបន្ទុកលើថ្លើមនិងធ្វើឱ្យកោសិកាមួយចំនួនរបស់វាទទួលរងផលប៉ះពាល់ប្រែប្រួល ហើយបង្កើនហានិភ័យនៃជំងឺមហារីកថ្លើមគួរឱ្យព្រួយបារម្ភ។

២. ជំងឺមហារីកបំពង់កនិងមាត់

បំពង់កនិងមាត់ក៏ជាផ្នែកសំខាន់នៃប្រព័ន្ធរំលាយអាហារផងដែរ។ នៅរាល់ពេលអ្នកទទួលទានគ្រឿងស្រវឹងច្រើននោះវានឹងបង្កផលប៉ះពាល់គួរឱ្យព្រួយបារម្ភដល់ថ្នាក់អាចកើតជាជំងឺមហារីក។ ដើម្បីជាការប្រសើរចូរកម្រិតការទទួលទានគ្រឿងស្រវឹងរបស់អ្នកដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកមាត់និងបំពងក។

៣. ជំងឺមហារីកបំពង់អាហារ

ក៏ព្រោះតែគ្រឿងស្រវឹងដែលអ្នកទទួលទានរាល់ពេលអាចចូលទៅក្នុងក្រពះបានតាមរយៈបំពង់អាហារ ហើយនេះជាមូលហេតុដែលអ្នកអាចនឹងកើតជំងឺមហារីកបំពង់អាហារដោយសារការទទួលទានគ្រឿងស្រវឹងច្រើន។ ការជក់បារីក៏ជាកត្តាទូទៅបំផុតមួយដែលបង្កើនហានិភ័យនៃជំងឺមហារីកបំពង់អាហារផងដែរ។

៤. ជំងឺមហារីកពោះវៀនធំ

ភាគច្រើននៃពួកយើងគិតថាជំងឺមហារីកពោះវៀនធំ គឺជាអ្វីមួយដែលជាញឹកញយកើតមានឡើងដោយសាររបបអាហារមានជាតិសសៃទាប។ ទោះជាយ៉ាងណាជំងឺកាចសាហាវនេះក៏បណ្ដាលមកពីការទទួលទានគ្រឿងស្រវឹងច្រើនផងដែរ។ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ ចូរជ្រើសរបបអាហារមានជាតិសសៃខ្ពស់និងកម្រិតការទទួលទានគ្រឿងស្រវឹងរបស់អ្នក។

៥. ជំងឺមហារីកសុដន់

ពិសេសប្រសិនបើអ្នកស្ថិតក្នុងគ្រួសារដែលមានប្រវត្តិកើតជំងឺមហារីកសុដន់! ចូរព្យាយាមកម្រិតការទទួលទានគ្រឿងស្រវឹងរបស់អ្នក គឺមិនច្រើនជាងមួយកែវក្នុងមួយថ្ងៃសម្រាប់នារី៕