ជំងឺផ្ដាសាយអាចបង្ហាញអាការៈមួយចំនួនមុនប៉ុន្មានថ្ងៃចាប់ផ្ដើមឈឺ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្នុងកំំឡុងពេលនេះអ្នកអាចទប់ស្កាត់ជំងឺនេះបានដោយគ្រាន់តែអនុវត្តតាមគន្លឹះងាយៗមួយចំនួន។ ថាតើគន្លឹះទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរធ្វើនៅពេលមានអារម្មណ៍ចង់ផ្ដាសាយ ៖
១. ទទួលទានទឹកឱ្យបានច្រើន
ការទទួលទានទឹកច្រើនជួយធានាថាប្រព័ន្ធភាពស៊ាំរបស់អ្នកដំណើរការយ៉ាងប្រសើរដើម្បីកម្ចាត់ពពួកវីរុសដែលកំពុងស្ថិតនៅក្នុងរាងកាយមុនពេលវាមានឱកាសវាយលុកបង្កជំងឺផ្ដាសាយ។ ការទទួលទានតែរុក្ខជាតិនិងស៊ុតក៏ជួយផ្ដល់ជាតិទឹកក្នុងរាងកាយផងដែរ។ ដូច្នេះកុំភ្លេចរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ។
២. ទទួលទានទឹកក្រូចច្របាច់ស្រស់ៗ
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាវីតាមីន C គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ហើយទឹកក្រូចច្របាច់ស្រស់ជាប្រភពដ៏ប្រសើរនៃវីតាមីន C និងជាតិទឹក។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមទទួលទានភេសជ្ជៈនេះប្រសិនបើមានអារម្មណ៍ចង់ផ្ដាសាយ។ អ្នកក៏អាចទទួលទានផ្លែក្រូចផងដែរ។ ក្រៅពីក្រូច ក៏នៅមានផ្លែឈើមួយចំនួនទៀតដែលជាប្រភពដ៏ល្អនៃវីតាមីន C រួមមានស្ត្របឺរី ត្របែក គីវី ស្វាយ ម្នាស់ និងល្ហុងជាដើម។
៣. ខ្ពុរមាត់ជាមួយទឹកអំបិលក្ដៅឧណ្ហៗ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហ ១ កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះនៅពេលព្រឹកនិងយប់ដើម្បីសម្រួលបំពង់កនិងកម្ចាត់បាក់តេរីដែលបង្កបញ្ហា។
៤. តមអាហារមួយចំនួន
អ្នកក៏គួរតមអាហារមួយចំនួនផងដែររួមមាននំខេក នំ donuts ការ៉េម ហេមបឺហ្គឺ និងដំឡូងបារាំងបំពងជាដើម។ ការទទួលទានអាហារសម្បូរជាតិស្ករនិងខ្លាញ់ឆ្អែតអាចផ្ដល់ឱកាសឱ្យវីរុសជំងឺផ្ដសាយមានភាពខ្លាំងក្លាបង្កបញ្ហាដល់ផ្លូវដង្ហើមផ្នែកខាងលើ។ នេះក៏ព្រោះតែអាហារសម្បូរខ្លាញ់ឆ្អែតនិងជាតិស្ករបង្កការរលាកបន្ថយភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំ។
៥. ទទួលទានខ្ទឹមស
ការរួមបញ្ចូលខ្ទឹមសក្នុងអាហារ គឺប្រសើរណាស់ដើម្បីទប់ស្កាត់ជំងឺផ្ដាសាយ។ ខ្ទឹមសមានសមត្ថភាពកម្ចាត់បាក់តេរីនិងរីវុសដែលបង្កជំងឺផ្ដាសាយ។
៦. សម្រាកឱ្យបានច្រើនគ្រប់គ្រាន់
អ្នកគួរសម្រាកនៅផ្ទះឱ្យបានច្រើនគ្រប់គ្រាន់ ការធ្វើបែបនេះមិនត្រឹមតែទប់ស្កាត់មិនឱ្យឆ្លងជំងឺទៅអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប្រឆាំងនឹងពពួកវីរុសផងដែរ៕