ការមានផ្ទៃពោះគឺជាបទពិសោធន៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់ជាតិជាមនុស្សស្រី ហើយវាក៏ជារឿងមួយគួរឲ្យរំភើបខ្លាំងសម្រាប់ប្តីប្រពន្ធដែលបានសាងគ្រួសារដ៏តូចមួយរួច។ ទោះបីជាយ៉ាងណាក៏ដោយ ការរលូតក៏អាចកើតឡើងជាញឹកញាប់សម្រាប់ស្រ្តីមួយចំនួនដែរ ហើយរឿងនេះអាចចាត់ទុកថាជាកម្មពាររបស់ពួកគេក៏អាចថាបានដែរ ដោយវាអាចកើតឡើងដោយខ្លួនឯង ឬមានបំណងយកចេញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)និយាយដល់ការរលូតកូននេះ ចង់មានន័យថា ស្រ្តីស្រាប់តែបាត់បង់ការមានផ្ទៃពោះ ឬកូនស្លាប់ក្នុងផ្ទៃនៅអាយុមុន ២០សប្តាហ៍។
ជាក់ស្តែងនៅប្រទេសយើងវិញ មានករណីមួយដែលប្រជាជនយើងច្រើនតែនិយាយតៗគ្នាយ៉ាងច្រើនថា កាលណាដឹងថាខ្លួនមានផ្ទៃពោះហើយ ឬមិនទាន់ដឹង អាចនឹងរលូត (ជ្រុះ) កូនវិញ តាមរយៈសកម្មភាពធម្មតាៗដែលមិនគួរឲ្យជឿ នោះគឺ ការជិះម៉ូតូផ្លូវរលាក់ៗច្រើន ឬការលោតចុះឡើងច្រើនទើបបណ្តាលឲ្យកូនជ្រុះ ឬរលូតបាន។
យោងទៅតាមវេជ្ជបណ្ឌិត និន វឌ្ឈនៈ ជំនាញខាងវះកាត់រោគស្រ្តី និងសម្ភព និងជាអនុប្រធានផ្នែកវះកាត់រោគស្រ្តី និងសម្ភពផ្ទាល់ក្នុងមន្ទីរពេទ្យខេត្តកំពតបានឲ្យដឹងថា “ការរលូតកូនដោយឯកឯង ក្នុងត្រីមាសទីមួយនៃគភ៌។ និយាយរួម កាលណាកូនកាន់តែតូចការប្រឈមនឹងការរលូតកាន់តែខ្ពស់បើសិនជាការរស់នៅរបស់ស្រ្តីជះឥទ្ធិពលអាក្រក់ដល់កូនខ្លាំងពេកដូចជា ការញ៉ាំថ្នាំដែលប៉ះពាល់ដល់ការលូតលាស់កូន ញ៉ាំគ្រឿងស្រវឹង ឬជក់បារីជាដើម”។
ការប្រឈមនឹងការរលូតកូនតាមអាយុគភ៌ក្នុងត្រីមាសទីមួយមានដូចជា៖
- ១ទៅ២សប្តាហ៍ មាន ៧៥ភាគរយ
- ៣ទៅ៦សប្តាហ៍ មាន ១០ភាគរយ
- ៦ទៅ១២សប្តាហ៍ មាន ៥ភាគរយ
- ១២ទៅ២០សប្តាហ៍ មាន ៣ភាគរយ
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា “ការដែលមានសកម្មភាពលោតចុះឡើងច្រើន ឬជិះម៉ូតូរលាក់ៗច្រើន ក៏អាចធ្វើឲ្យកូនជ្រុះដែរ បើសិនជាកូនអាយុបានចាប់ពី ៤សប្តាហ៍ឡើងទៅ ព្រោះវាជាពេលវេលាមួយដែលកូនកាច់សម្បុកក្នុងស្បូនរួច ប៉ុន្តែបើសិនជាកូនកំពុងតែស្ថិតក្នុងស្ថានភាពរលាយចូលគ្នារវាងមេជីវិតឈ្មោល និងញីនៅឡើយ ឬហៅថា Fertilization ក្នុងបំពង់ដៃស្បូនទេ នោះវាសកម្មភាពខាងលើនេះមិនអាចជះឥទ្ធិពលដល់ការរលូតកូនបានឡើយ”។
សូមបញ្ជាក់ថា ពេលវេលាដែលស្រ្តីភាគច្រើនស្វែងរកការពិនិត្យការមានផ្ទៃពោះដោយការធ្វើតេស្តទឹកនោម គឺច្រើនតែស្ថិតក្នុងថ្ងៃដែលដឹងខ្លួនថា បានបាត់រដូវហើយ។ រឿងនេះបើសិនជាស្រ្តីមានផ្ទៃពោះមែន គឺច្រើនតែអាចកូនមានអាយុបាន ចាប់ពី ២ ទៅ៣សប្តាហ៍ទេ។ លោកវេជ្ជបណ្ឌិត វឌ្ឈនៈ បានណែនាំថា “អាការៈសង្ស័យថាមានផ្ទៃពោះ ដែលស្រ្តីគួរស្វែងយល់ចំពោះខ្លួនឯងមុនពេលធ្វើតេស្តទឹកនោម មានដូចជា ឡើងដោះ ឈឺសុដន់ ចង្អោ ឬមិនឃ្លានអាហារជា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាមានអាការៈបែបនេះ ហើយបាត់រដូវទៀត គួរតែទៅធ្វើតេស្តដើម្បីប្រាកដថាមានផ្ទៃពោះ និងពិគ្រោះជាមួយគ្រូពេទ្យដើម្បីរៀបចំខ្លួនរបៀបណាទើបថែរក្សាសុខភាពបានល្អបន្ថែមទៀតៗ”៕