តម្រងនោមដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សាសុខភាពរាងកាយល្អប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាជួយផលិតកោសិកាគ្រាប់ឈាមក្រហម គ្រប់គ្រងកម្រិតនៃសម្ពាធឈាម បន្សាបជាតិពុលសរីរាង្គខាងក្នុង បញ្ចេញជាតិទឹក ឬសារធាតុរាវដែលលើស បញ្ចេញកាកសំណល់តាមរយៈទឹកនោម ច្រោះឈាម ផលិតអ័រម៉ូននិងគ្រប់គ្រងកម្រិតនៃជាតិរ៉ែចាំបាច់ទាំងអស់ក្នុងឈាម។ ទាំងនេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមធ្វើយ៉ាងណាកាត់បន្ថយហានិភ័យនៃជំងឺតម្រងនោម។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈទូទៅមួយចំនួនដែលកើតឡើងពេលតម្រងនោមមានបញ្ហា ៖​

១. ស្បែកស្ងួតនិងរមាស់

មួយក្នុងចំណោមតួនាទីជាច្រើនរបស់តម្រងនោម គឺការរក្សាតុល្យភាពនៃសារធាតុចិញ្ចឹមនិងជាតរ៉ែក្នុងឈាម។ ដូច្នេះនៅពេលតម្រងនោមមានបញ្ហាស្បែកអាចជួបប្រទះអាការៈអតុល្យភាពនៃសារធាតុចិញ្ចឹមនិងជាតិរ៉ែ។ ជាលទ្ធផលស្បែកប្រែជាស្ងួតនិងរមាស់ខុសធម្មតា! រោគសញ្ញាទាំងនេះអាចនឹង
លេចឡើងដោយសារតែបរិមាណការកើនឡើងនូវជាតិផូស្វ័រច្រើនហួសក្នុងរាងកាយ ខណៈដែលតម្រងនោមមិនអាចដំណើរមុខងារប្រក្រតី។ ចូរកុំស្ទាក់ស្ទើនឹងជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញប្រសិនបើអ្នកសង្ស័យថាភាពប្រែប្រួលនៃស្បែកមិនមែនមកពីបញ្ហាស្បែកណាមួយ។

២. អស់កម្លាំងល្ហិតល្ហៃ

ជាតិពុលនិងកាកសំណល់អាចប្រមូលផ្ដុំក្នុងប្រព័ន្ធរាងកាយប្រសិនបើតម្រងនោមដំណើរការមុខងារមិនប្រក្រតី។ ជាលទ្ធផលអ្នកនឹងមានអារម្មណ៍អស់កម្លាំងល្ហិតល្ហៃខុសធម្មតាសូម្បីតែមិនធ្វើសកម្មភាពរាងកាយណាមួយខ្លាំងក្លាសោះ។

៣. ខ្វះគ្រាប់ឈាមក្រហម

នេះក៏ព្រោះតែតម្រងនោមក៏មានមុខងារផលិតអ័រម៉ូនដែលជម្រុញខួរឆ្អឹងឱ្យផលិតគ្រាប់ឈាមក្រហមផងដែរ។ ដូច្នេះកង្វះគ្រាប់ឈាមក្រហមក៏អាចផ្សារភ្ជាប់នឹងបញ្ហាតម្រងនោមគួរឱ្យកត់សម្គាល់។

៤. បញ្ហាពាក់ព័ន្ធសាច់ដុំ

ការឈឺចាប់រមួលសាច់ដុំរ៉ាំរ៉ៃអាចចង្អុលបង្ហាញពីអតុល្យភាពនៃអេឡិចត្រូលីត្រក្នុងរាងកាយ។ ជាតិម៉ាញ៉េស្យូម និងប៉ូតាស្យូម សុទ្ធតែជាអេឡិចត្រូលីត្រដែលដើរតួនាទីយ៉ាងសំខាន់ក្នុងមុខងារនៃសាច់ដុំ រួមទាំងការប្រែប្រួលផ្សេងៗដែលអាចបណ្ដាលអោយកើតមានបញ្ហារមួលសាច់ដុំ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនតែបញ្ហានៃកង្វះជាតិម៉ាញ៉េស្យូម និងប៉ូតាស្យូមប៉ុណ្ណោះទេដែលបង្កបញ្ហារមួលសាច់ដុំ ប៉ុន្តែក៏បណ្ដាលមកពីបញ្ហាសារធាតុរាវច្រើនលើសផងដែរ។ ហើយការរលាកនៃតម្រងនោមដែលសង្កត់លើចុងសសៃប្រសាទនៃសាច់ដុំជុំវិញនឹងអាចនាំអោយមានអារម្មណ៍ឈឺចាប់។

៥. នោមញឹកពេលយប់

តម្រងនោមមានបញ្ហាមិនអាចដំណើរការមុខងារបានប្រក្រតីឡើយ។ នេះហើយជាមូលហេតុដែលអ្នកមានជំងឺតម្រងនោមច្រើនតែនោមញឹកជាងធម្មតាពិសេសនៅពេលយប់។ អ្នកអាចសម្គាល់ឃើញថាទឹកនោមឡើងពពុះខ្លាំងផងដែរ។

៦. ហើមប្រអប់ជើងនិងកជើង

ការហើម គឺបណ្ដាលមកពីបរិមាណជាតិទឹកច្រើនហួសក្នុងចន្លោះរវាងកោសិកាពីមួយទៅមួយ នៅពេលតម្រងនោមដំណើរការមុខងារខុសធម្មតាមិនអាចបញ្ចេញជាតិទឺក ឬសារធាតុរាវដែលលើសចេញពីរាងកាយបាន។ ដំបូងរោគសញ្ញានេះលេចឡើងត្រង់ប្រអប់ជើង មុខ និងត្របកភ្នែក ប៉ុន្តែក្រោយមកក៏រាលដាលពេញរាងកាយតែម្ដង។ ការហើមអាចវិវត្តន៍លឿនណាស់ ហើយជាញឹកញយអាចអមមកជាមួយនូវអាការៈ មុខស្លេកស្លាំង និងស្បែកស្ងួតទោះបីសីតុណ្ហភាពស្បែកមិនប្រែប្រួលក៏ដោយ។ ហើយប្រសិនបើអ្នកសង្កត់ត្រងកន្លែងហើម អ្នកនឹងឃើញស្នាមមួយដែលនឹងបាត់ទៅវិញក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ រោគសញ្ញាផ្សេងទៀតអាចជា ការងងុយគេងមិនឈប់ ឈឺក្បាលប្រកាំង ការឈឺចាប់ក្នុងឆ្អឹង និងសាច់ដុំ៕