ការភើជាប្រតិកម្មធម្មតាមួយដោយក្រពះបញ្ចេញខ្យល់ដែលអ្នកបានលេបចូលច្រើនហួសកំឡុងពេលនិយាយនិងទទួលទានចេញមកក្រៅ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តងាយៗបំបាត់អាការៈនេះ ៖
១. ទទួលទានតែខ្ញី
ការទទួលទានតែខ្ញីជួយផ្ដល់ភាពធូរស្រាលដល់សាច់ដុំនៃបំពង់រំលាយអាហារដែលល្អណាស់សម្រាប់បំបាត់អាការៈភើញឹក ឬច្រើនពេក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែខ្ញីមួយពែងដើម្បីទទួលទានឱ្យទាន់ក្ដៅឧណ្ហៗជាការស្រេច។ អ្នកក៏អាចបន្ថែមទឹកឃ្មុំ ឬទឹកក្រូចឆ្មារចូលដើម្បីបង្កើនរសជាតិ។
២. តែជីអង្កាម
មិនចូលចិត្តតែខ្ញីឬ? កុំបារម្ភ! អ្នកអាចទទួលទានតែជីអង្កាមជំនួសវិញដោយវាមានប្រសិទ្ធភាពខ្ពស់ដូចគ្នាក្នុងការបំបាត់អាការៈភើច្រើនពេក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងស្លឹកជីអង្កាមស្ងួត ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅមួយពែងសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ ត្រងយកកាកចេញសឹមទទួលទានឱ្យទាន់ក្ដៅឧណ្ហៗ។
៣. តែផ្កា Chamomile
តែរុក្ខជាតិនេះក៏ប្រសើរបំផុតសម្រាប់ដោះស្រាយបញ្ហាភើញឹកពេកដែរ។ តែ ផ្កា Chamomile កាន់តែពិសេសសម្រាប់អ្នកមានបញ្ហាថប់បារម្ភនិងគេងមិនលក់។ ដូច្នេះកុំភ្លេចទទួលទានតែផ្កា Chamomile មួយពែង។
៤. យ៉ាអួរ
ភើញឹកពេកអាចបណ្ដាលមកពីការរំលាយអាហារមិនបានល្អ។ ហើយវិធីដ៏ល្អបំផុតមួយដើម្បីសម្រួលការរំលាយអាហារ គឺការទទួលទានយ៉ាអួរ។ យ៉ាអួរមានផ្ទុកបាក់តេរីល្អដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពពិសេសប្រព័ន្ធរំលាយអាហារ។ ក្រោយពេលអាហារចូរព្យាយាមទម្លាប់ទទួលទានយ៉ាអួរ។ ហើយដើម្បីជាការប្រសើរចូរជ្រើសរើសយ៉ាអួរសុទ្ធ!
៥. ល្ហុងទុំ
ក៏ជាជម្រើសនៃអាហារដ៏ល្អសម្រាប់បំបាត់អាការៈភើញឹក ឬច្រើនពេកដែរ។ នេះក៏ព្រោះតែល្ហុងទុំមានផ្ទុកសម្បូរទៅដោយអង់ស៊ីមរំលាយអាហារ។
ប្រយ័ត្ន! ប្រសិនបើវិធីណាមួយខាងលើមិនអាចបន្ថយ ឬបំបាត់អាការៈភើរបស់អ្នកបានទេនោះគួរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ នេះក៏ព្រោះការភើញឹកពេកមិនមែនជារឿងល្អឡើយ! វាអាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនដែលពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារ៕