គ្រប់សរីរាង្គទាំងអស់នៅក្នុងរាងកាយ គឺសុទ្ធតែត្រូវការជាតិទឹកគ្រប់គ្រាន់ ដើម្បីដំណើរការមុខងារបានត្រឹមត្រូវជៀសវាងបញ្ហាសុខភាពផ្សេងៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) លើសពីនេះទៅទៀត ការទទួលទានផ្លែឈើមានផ្ទុកសម្បូរទៅដោយជាតិទឹក ក៏ជាវិធីដ៏ល្អប្រសើរបំផុតមួយចំពោះអ្នកដែលចង់ស្រកទម្ងន់។ នោះក៏ព្រោះតែជាតិទឹកធ្វើឲ្យមានអារម្មណ៍ថាឆ្អែត ហើយអ្នកនឹងមិនទទួលទានច្រើនលើស។ ថាតើផ្លែឈើអ្វីខ្លះទៅដែលមានផ្ទុកសម្បូរទៅដោយជាតិទឹកល្អសម្រាប់សុខភាព?ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីប្រភេទនៃផ្លែឈើដែលអ្នកគួរទទួលទានដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ ៖
១. ត្រសក់
ត្រសក់មានផ្ទុកជាតិទឹកច្រើនដល់ទៅ ៩៥ ភាគរយឯណោះ។ នេះមានន័យថាត្រសក់គឺល្អបំផុតសម្រាប់ដោះស្រាយបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ ត្រសក់ក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃនិងវីតាមីន C ផងដែរ។
២. ផ្លែឪឡឹក
ផ្លែឪឡឹកមិនត្រឹមតែមានផ្ទុកជាតិទឹកដល់ទៅ ៩២ ភាគរយ ដែលជួយរាងកាយជៀសផុតពីបញ្ហាខ្សោះជាតិទឹក។ គុណសម្បត្តិពិសេសផ្សេងទៀតនៃផ្លែឪឡឹក គឺវាក៏មានផ្ទុកនូវសារធាតុសំខាន់ៗសម្រាប់រាងកាយផ្សេងទៀតដូចនឹងភេសជ្ជៈកីឡា រួមមានសូដ្យូម ប៉ូតាស្យូម កាល់ស្យូម និងម៉ាញ៉េស្យូម។
៣. ផ្លែស្ត្របឺរី
គ្រាន់តែទទួលទានផ្លែឈើពណ៌ក្រហមដែលមានគ្រាប់ពេញសំបកមួយនេះ គឺអាចជួយអ្នកឲ្យរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ ក៏ព្រោះស្ត្របឺរីមានផ្ទុកជាតិទឹកដល់ទៅ ៩២ ភាគរយ។ មិនត្រឹមតែប៉ុណ្ណឹងទេ ស្ត្របឺរី ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលកម្ចាត់រ៉ាឌីកាល់សេរី និងពន្យឺតភាពចាស់តាមវ័យ ហើយក៏ជួយឲ្យអ្នកស្រកទម្ងន់បានផងដែរតាមរយៈជាតិសសៃខ្ពស់ដែលវាមានផ្ទុក។ លើសពីនេះទៅទៀត ផ្លែឈើនេះគ្មានផ្ទុកជាតិខ្លាញ់ និងកូឡេស្តេរ៉ូលមិនល្អឡើយ។
៤. យ៉ាអួរ
អាហារសម្រន់នេះមានផ្ទុកជាតិទឹកដល់ទៅ ៨៥ ភាគរយដែលមិនត្រឹមតែជួយឱ្យឆាប់ឆ្អែតនិងបានយូរប៉ុណ្ណោះទេ ប៉ុន្តែក៏ទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយបានយ៉ាងប្រសើរផងដែរ។ វាក៏មានផ្ទុកវីតាមីន B និងកាល់ស្យូមដែលចាំបាច់សម្រាប់សុខភាពរាងកាយទាំងមូល។
៥. ផ្លែម្នាស់
ក៏ព្រោះវាមានផ្ទុកជាតិទឹកដល់ទៅ ៨៧ ភាគរយ នោះការទទួលទានផ្លែម្នាស់អាចជួយធានាការពាររាងកាយពីបញ្ហាខ្សោះជាតិទឹកបានយ៉ាងប្រសើរ។ ជាតិសសៃដ៏សម្បូរនៅក្នុងម្នាស់ ក៏ជួយឲ្យអ្នកស្រកទម្ងន់បានផងដែរ។
៦. ទឹកដូង
នោះក៏ព្រោះតែទឹកដូងមានផ្ទុកសម្បូរទៅដោយសារធាតុ isotonic ជាតិអេឡិចត្រូលីត្រ ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម និងកាល់ស្យូមដែលជួយរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ ព្រមទាំងទប់ស្កាត់បញ្ហាខ្សោះជាតិទឹកបានយ៉ាងប្រសើរ៕