ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងធ្លាប់ទទួលទានក្រូចឆ្មារ ប៉ុន្តែប្រហែលជាមិនដែលចាប់អារម្មណ៍ទេថាក្រៅពីយកមកធ្វើជាភេសជ្ជៈនិងគ្រឿងផ្សំបន្ថែមរសជាតិហើយនោះ ក្រូចឆ្មារអាចប្រើដើម្បីដោះស្រាយបញ្ហាមួយចំនួនផ្សេងទៀត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើក្រៅពីទទួលទានអ្នកអាចប្រើប្រាស់ក្រូចឆ្មារធ្វើអ្វីទៀត? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីងាយៗប្រើប្រាស់ក្រូចឆ្មារដោះស្រាយបញ្ហាសុខភាពសម្រស់ ៖

១. បំបាត់ក្អក

អ្នកអាចលាយទឹកក្រូចឆ្មារស្រស់ម្ខាងក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ រួមបន្ថែមទឹកឃ្មុំ ១ ឬ ២ ស្លាបព្រាចូល។ កូរឱ្យសព្វសឹមទទួលទានឱ្យទាន់នៅក្ដៅឧណ្ហៗ។

២. បំបាត់អាការៈឈឺពោះពេលមករដូវ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ១ ផ្លែជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមទទួលទាន។

៣. បំបាត់ស្នាមអ៊ុចខ្មៅនិងស្នាមអាចម៍រុយ

អ្វីដែលអ្នកគ្រាន់តែលាយស្ករសមួយចំនួនជាមួយទឹកក្រូចឆ្មារស្រស់រហូតក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយថ្នមៗលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ ទុកចោលសម្រាប់រយៈពេល ១០ នាទី ឬរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាមួយទឹកក្រៅឧណ្ហៗ។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។ ហើយត្រូវប្រាកដថាអ្នកមិនចេញក្រៅត្រូវពន្លឺព្រះអាទិត្យក្រោយពីលាបទឹកក្រូចឆ្មាររួច។ សម្រាប់អ្នកដែលមានរបួសលើស្បែកមិនគួរអនុវត្តរូបមន្តនេះឡើយ។ ហើយរូបមន្តនេះក៏មិនសាកសមសម្រាប់អ្នកដែលមានស្បែកមុខស្ដើងឆាប់ប្រតិកម្មដែរ។

៤. កម្ចាត់អង្គែ

អ្វីដែលអ្នកត្រូវធ្វើ គឺកាត់ក្រូចឆ្មារទុំមួយផ្លែជា ២ កំណាត់ច្របាច់យកទឹក។ បន្ទាប់មកលាបទឹកក្រូចឆ្មារផ្ទាល់លើស្បែកក្បាលដោយម៉ាស្សាថ្នមៗសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីនិងទុកចោលសម្រាប់រយៈពេលពី ៥ ទៅ ១០ នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់។ មុននឹងលាបពេញលើស្បែកក្បាល អ្នកគួរប្រើប្រាស់ទឹកក្រូចឆ្មារត្រឹមតែបន្តិចទុកជាការសាកល្បងសិនដើម្បីប្រាកដថាវាមិនបង្កការរលាកដល់ស្បែក។

៥. បំបាត់ស្ត្រេស

ធ្លាប់ដឹងទេថាអ្នកអាចប្រើក្រូចឆ្មារជាគ្រាប់បាល់បំបាត់ស្ត្រេសបានដោយគ្រាន់តែញី ឬរំកិលវាលើផ្ទៃរឹងណាមួយ? ដើម្បីកាត់បន្ថយស្ត្រេសអ្នកអាចដាក់ក្រូចឆ្មារ ២ ផ្លែលើតុ ឬផ្ទៃរាបស្មើណាក៏បាន បន្ទាប់មកញីក្រូចឆ្មារចុះឡើងជាមួយបាតដៃទាំងសងខាង៕