អ្វីដែលអ្នកទទួលទានអាចជះឥទ្ធិពលគួរឱ្យកត់សម្គាល់ចំពោះសុខភាពរាងកាយទាំងមូល រួមបញ្ចូលទាំងសន្លាក់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះហើយទើបការជ្រើសរើសអាហារបានត្រឹមត្រូវនឹងជួយឱ្យអ្នក
ជៀសផុតពីហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ។ ថាតើអាហារប្រភេទណាខ្លះទៅដែលអាចបង្កអាការៈឈឺសន្លាក់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកមិនគួរទទួលទានច្រើនដើម្បីទប់ស្កាត់បញ្ហាឈឺចា​​​ប់សន្លាក់ ៖

១. ទឹកដោះគោនិងផលិតផលអាហារផ្សំឡើងពីទឹកដោះគោ

បើទោះជាអាហារប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមដែលចាំបាច់សម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំនិងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងក៏ដោយ ក៏ប៉ុន្តែផលិតផលអាហារទាំងនេះអាចបង្កការរលាកដល់ជាលិកាទន់ៗនៃសន្លាក់។ ដូច្នេះប្រសិនបើសន្លាក់របស់អ្នកតែងឈឺចាប់ រលាក និងឡើងរឹងជាប្រចាំនោះ ចូរបញ្ឈប់ ឬកាត់បន្ថយការទទួលទានអាហារផ្សំឡើងពីទឹកដោះគោសិន។

២. អាហារនិងភេសជ្ជៈផ្អែម

ការទទួលទានអាហារនិងភេសជ្ជៈផ្អែមច្រើនពេកក៏អាចបង្កបញ្ហាឈឺសន្លាក់ផងដែរ។ នោះក៏ព្រោះតែជាតិស្ករអាចបណ្ដាលឱ្យការរលាកកើតមានឡើង។

៣. អាហារប្រៃ

ការទទួលទានអាហារប្រៃច្រើនមិនត្រឹមតែផ្ដល់ផលប៉ះពាល់ដល់សុខភាពបេះដូងនិងសម្ពាធឈាមប៉ុណ្ណោទេ ប៉ុន្តែក៏ជះឥទ្ធិពលលើសន្លាក់បង្កការឈឺចាប់ផងដែរ។ នោះក៏ព្រោះតែសូដ្យូមប្រមូលផ្ដុំសារធាតុរាវ ឬជាតិទឹកក្នុងសន្លាក់ដែលនាំឱ្យសន្លាក់ងាយនឹងហើម ហើយឈឺចាប់។

៤. អាហារចៀនបំពងគ្រប់ប្រភេទ

អាហារប្រភេទនេះមានផ្ទុកជាតិខ្លាញ់ច្រើនដែលអាចបង្កការរលាកគួរឱ្យកត់សម្គាល់។ ការរលាកនេះហើយដែលនាំឱ្យសន្លាក់ប្រែជាឈឺចាប់។

៥. អាហារកែច្នៃ

អាហារកែច្នៃភាគច្រើនមានផ្ទុកសម្បូរទៅដោយសារធាតុគីមី ជាតិសូដ្យូម និងស្ករខ្ពស់ដែលអាចបង្កការរលាកក្នុងសន្លាក់នាំឱ្យឈឺចាប់បានយ៉ាងងាយ។ 

៦. អាហារមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៦ ខ្ពស់

ការទទួលទានអាហារមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៦ ខ្ពស់ច្រើនពេកអាចបង្កអតុល្យភាពជាមួយអាស៊ីតខ្លាញ់អូមេហ្កា ៣ ក្នុងរាងកាយ។ ការលើសអាស៊ីតខ្លាញ់អូមេហ្កា ៦ អាចបណ្ដាលឱ្យរាងកាយផលិតសារធាតុគីមីបង្កការរលាក។ ជាលទ្ធផលសន្លាក់នឹងឈឺចាប់៕