អាការៈឈឺឆៀបៗអាចកើតឡើងពេញមុខ ប៉ុន្តែពេលខ្លះត្រឹមតែផ្នែកមួយចំនួន ឬមួយចំហៀងមុខតែប៉ុណ្ណោះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អាការៈនេះផ្ដល់ភាពរំខាននិងមិនស្រួលជាខ្លាំង! ថាតើវាអាចបណ្ដាលមកពីអ្វីទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុទូទៅបំផុតនៃអាការៈឈឺឆៀបៗក្នុងមុខ ៖
១. ស្ត្រេស
នេះក៏ព្រោះតែស្ត្រេសអាចបណ្ដាលឱ្យសាច់ដុំឡើងតឹងនិងបង្កើនកម្រិតនៃអ័រម៉ូនស្ត្រេសដែលបង្កបញ្ហាឈឺឆៀបក្នុងមុខ ព្រមទាំងផ្នែកមួយចំនួនផ្សេងទៀតនៃរាងកាយ។ ប្រសិនបើអាការៈនេះបាត់ទៅវិញក្រោយពេលអ្នកព្យាយាមគ្រប់គ្រងកម្រិតនៃភាពស្ត្រេសនោះអាចបញ្ជាក់ច្បាស់ថា អាការៈឈឺឆៀបៗនេះ គឺបណ្ដាលមកពីភាពស្ត្រេសពេក។
២. ជំងឺថប់បារម្ភ
ក៏មិនខុសពីស្ត្រេសដែរ ជំងឺថប់បារម្ភក៏អាចជាមូលហេតុបង្កអាការៈឈឺឆៀបនេះផងដែរ។
៣. ឈឺក្បាលប្រកាំង
ប្រសិនបើអ្នកងាយនឹងជួបប្រទះអាការៈឈឺក្បាលប្រកាំង អ្នកក៏ប្រហែលជាឧស្សាហ៍មានអារម្មណ៍ឈឺឆៀបក្នុងមុខផងដែរ។ នេះក៏ព្រោះតែវាជារោគសញ្ញាមួយនៃការឈឺក្បាលប្រកាំង។ អ្នកអាចមានអារម្មណ៍ឈឺឆៀបៗត្រង់ផ្នែកខាងនៃមុខ។
៤. ការខូចខាតនៃសសៃប្រសាទ
គ្រប់សសៃប្រសាទទាំងអស់នៃរាងកាយសុទ្ធតែអាចទទួលរងផលប៉ះពាល់រួមតាំងសសៃប្រសាទក្នុងមុខ។ អាការៈឈឺឆៀបអាចបណ្ដាលមកពីសសៃប្រសាទក្នុងមុខទទួលរងផលប៉ះពាល់ ឬខូចខាតដែលកំណត់បានដោយគ្រូពេទ្យជំនាញ។
៥. ការជក់បារី
ការជក់បារីអាចជះផលប៉ះពាល់គួរឱ្យព្រួយបារម្ភជាច្រើនលើសុខភាពរាងកាយទាំងមូល រួមទាំងបញ្ហាឈឺឆៀបក្នុងមុខ។ នេះក៏ព្រោះតែបារីមានផ្ទុកសម្បូរទៅដោយជាតិពុលគ្រោះថ្នាក់។
ប្រយ័ត្ន៖ វាជាការចាំបាច់ណាស់ដែលអ្នកគួរកត់សម្គាល់អាការៈខ្លួន ហើយកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញប្រសិនបើអាការៈមិនព្រមបាត់ទៅវិញសោះ ឬកាន់តែធ្ងន់ធ្ងរជាងមុន ឬអមមកជាមួយនូវរោគសញ្ញាមិនប្រក្រតីផ្សេងទៀត៕