ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយការទទួលទានទឹកមិនបានគ្រប់គ្រាន់អាចបណ្ដាលឱ្យខ្វះជាតិទឹកក្នុងរាងកាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាក្រៅពីការទទួលទានមិនបានគ្រប់គ្រាន់ ការរាក បែកញើសច្រើន ក៏នៅមានមូលហេតុមួយចំនួនទៀតអាចបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុស្មានមិនដល់មួយចំនួនដែលអាចបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ ៖

១. ការទទួលទានកាហ្វេ

ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេបង្កើនមានលក្ខណៈសម្បត្តិបញ្ចុះទឹកនោមធ្វើអោយអ្នកនោមញឹកជាងមុន ហើយបាត់បង់ជាតិទឹកច្រើនចេញពីរាងកាយ។ការទទួលទានកាហ្វេត្រឹមមួយពែងនឹងមិនធ្វើអោយអ្នកខ្សោះជាតិទឹកឡើយ ប៉ុន្តែពី ៣ ទៅ ៤ ពែងក្នុងមួយថ្ងៃអាចបង្កបញ្ហាខ្សោះជាតិទឹកគួរឱ្យបារម្ភ។

២. ការទទួលទានគ្រឿងស្រវឹង

ក៏មិនខុសពីកាហ្វេដែរ គ្រឿងស្រវឹងក៏មានលក្ខណៈសម្បត្តិបញ្ចុះទឹកនោមដូចគ្នា។ ការទទួលទានគ្រឿងស្រវឹងច្រើននឹងធ្វើអោយអ្នកខ្សោះជាតិទឹក។ ដូច្នេះដើម្បីជាការប្រសើរ ចូរទទួលទានត្រឹមកម្រិតមធ្យម គឺ ១ កែវក្នុងមួយថ្ងៃសម្រាប់នារី និង ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស។

៣. ការទទួលទានអាហារកែច្នៃ

មិនត្រឹមតែមិនល្អចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើអោយអ្នកខ្សោះជាតិទឹកផងដែរ។ នោះក៏ព្រោះតែរាងកាយបង្កើនការផលិតទឹកនោមធ្វើអោយអ្នកនោមញឹកជាងមុនដើម្បីកម្ចាត់ជាតិពុលនៃអាហារកែច្នៃចេញពីរាងកាយ។ជាពិសេសនោះ គឺអាហារកែច្នៃភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូម ឬអំបិលនិងស្ករដែលបង្កបញ្ហាខ្សោះជាតិទឹកគួរអោយកត់សម្គាល់។

៤. ការទទួលទានអាហារផ្អែមច្រើន

ក្រៅពីធ្វើឱ្យកើនទម្ងន់ហើយនោះ អាហារផ្អែមៗក៏បណ្ដាលឱ្យបាត់បង់ជាតិទឹកក្នុងរាងកាយផងដែរ។ នេះក៏ព្រោះតែដើម្បីកម្ចាត់ជាតិស្ករដែលលើសពីក្នុងលំហូរឈាមរាងកាយនឹងរំញោចឱ្យតម្រងនោមផលិតទឹកនោមកាន់តែច្រើនជាងមុន។ ហើយអ្នកកាន់តែនោមញឹកប៉ុណ្ណា ជាតិទឹកក៏បាត់បង់ច្រើនតាមនោះ។

៥. ការទទួលទានអាហារហឹរ

អាហារហឹរពន្លឿនការដុតរំលាយអាហារក្នុងរាងកាយដែលមិនត្រឹមតែដុតបំផ្លាញកាឡូរីបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រើប្រាស់ទឹកច្រើនផងដែរ។

៦. ជីវិតពោរពេញដោយភាពស្ត្រេស

ជីវិតពោរពេញដោយភាពស្ត្រេសនឹងបណ្ដាលឱ្យលំហូរឈាមជោគជន់ទៅដោយគ្រប់ប្រភេទនៃអ័រម៉ូនស្ត្រេស។ អ័រម៉ូនស្ត្រេសមួយចំនួនត្រូវបានផលិតឡើងដោយក្រពេញដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងកម្រិតនៃសារធាតុរាវ។ នេះហើយជាមូលហេតុដែលអ្នកអាចនឹងជួបប្រទះអាការៈខ្សោះជាតិទឹកក្នុងរាងកាយប្រសិនបើស្ត្រេសពេក។

៧. ការមករដូវ

ការមករដូវក៏ជាមូលហេតុចម្បងមួយដែលបណ្ដាលឱ្យខ្សោះជាតិទឹកក្នុងរាងកាយផងដែរ។ ទី ១ នោះ គឺវាបណ្ដាលឱ្យអតុល្យភាពនៃអ័រម៉ូនដែលបង្កបញ្ហាអតុល្យភាពនៃសារធាតុរាវ។ ទី ២ នោះ គឺដោយសារឈាមរដូវដែលអ្នកបាត់បង់កំឡុងពេលមករដូវ។ ហើយសមាសធាតុមួយនៃឈាមគឺទឹក៕