តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សខ្លះមានស្បែកភ្លឺរលោងស្រស់ស្អាត?(អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មានកត្តាច្រើនណាស់ដែលធ្វើឱ្យស្បែកមានសភាពបែបនេះ ហើយមួយក្នុងចំណោមនោះ គឺការទទួលទានអាហារត្រឹមត្រូវ។ អ្វីដែលយើងទទួលទានជះឥទ្ធិពលចំពោះសុខភាពរាងកាយទាំងមូលតែម្ដង រួមទាំងសម្រស់ផងដែរ។ ដូច្នេះប្រសិនបើចង់ទទួលបានស្បែកភ្លឺរលោងស្រស់ស្អាត អ្នកគួរតែធ្វើការផ្លាស់ប្ដូរមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីទទួលបាននូវសុខភាពស្បែកល្អប្រសើរស្រស់ស្អាតភ្លឺរលោង ៖

១. រមៀត

ជាប្រភពនៃសារធាតុ curcumin ដែលមានប្រសិទ្ធប្រឆាំងការរលាកការពារកោសិកាស្បែកមិនឱ្យទទួលរងការបំផ្លាញ។ ការប្រើប្រាស់រមៀតក៏អាចជួយបំបាត់ស្នាមសំលាកនិងសូម្បីតែស្នាមអ៊ុចខ្មៅលើស្បែក។ រីឯការរួមបញ្ចូលគ្រឿងទេសនេះក្នុងរបបអាហារនឹងជួយឱ្យស្បែកភ្លឺទន់រលោងបែបធម្មជាតិ។

២. ដំឡូងផ្អែម

មានផ្ទុកសារធាតុ carotids ដែលជួយឱ្យស្បែកកាន់តែមានសភាពប្រសើរឡើង។

៣. ផ្លែល្ហុង

មានផ្ទុកសម្បូរទៅដោយអង់ស៊ីមដែលល្អសម្រាប់សុខភាពស្បែកមួយក្នុងចំណោមនោះ គឺ papain។ ល្ហុងក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជួយពង្រឹងកូឡាជែនស្បែកគួរឱ្យកត់សម្គាល់។

៤. ម្ទេសប្លោក

អាហារផ្សេងទៀតដែលនឹងជួយឱ្យអ្នកទទួលបាននូវស្បែកភ្លឺរលោងបែបធម្មជាតិនោះ គឺម្ទេសផ្លោក។ នោះក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយវីតាមីន A ពិសេសវីតាមីន C ដែលជួយកម្ចាត់ស្នាមជាំខ្មៅនិងមុន ហើយរក្សាភាពភ្លឺរលោងនៃស្បែក ព្រមទាំងបង្កើនការផលិតកូឡាជែនទៀតផង។

៥. ត្រីសាលម៉ុន

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយកាត់បន្ថយការរលាកក្នុងរាងកាយ។ ក្រៅពីនេះត្រីសាលម៉ុនក៏មានផ្ទុក dimethylaminoethanol ខ្ពស់ដែលជួយការពារកោសិកាស្បែកឱ្យរក្សាបាននូវសុខភាពល្អជានិច្ច។ តាមរយៈការពង្រឹងភាពរឹងមាំនៃកោសិកា នោះមានន័យថា អ្នកកំពុងតែទប់ស្កាត់ភាពចាស់មុនអាយុហើយ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរចំពោះសុខភាព និងសម្រស់ ចូរព្យាយាមទទួលទានឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍។

៦. ស៊ុត

អ្នកក៏គួររួមបញ្ចូលស៊ុតក្នុងរបបអាហារផងដែរ ខណៈដែលអាហារនេះមានផ្ទុកសម្បូរទៅដោយវីតាមីនដែលកោសិកាស្បែកត្រូវការចាំបាច់ដើម្បីដំណើរការមុខងារ។

៧. ផ្លែប៉ោម

មានផ្ទុកសម្បូរទៅដោយកូឡាជែនដែលជួយបង្កើនភាពបត់បែននៃស្បែក និងទប់ស្កាត់ស្នាមជ្រីវជ្រួញបានយ៉ាងប្រសើរ។ ដូច្នេះប្រសិនបើអ្នកចង់បានស្បែកស្រស់ស្អាតក្មេងជាងវ័យ កុំភ្លេចទទួលទានផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃជាប្រចាំ។

 ៨. ផ្លែចេក

មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម វីតាមីន C និងវីតាមីន B6 ដែលចាំបាច់ក្នុងការរក្សាតុល្យភាពនៃជាតិសំណើមរបស់ស្បែក។ ក្នុងករណីខ្លះគឺស្បែកស្ងួតបណ្ដាលមកពីកង្វះនៃជាតិប៉ូតាស្យូម។ ដូច្នេះព្យាយាមរួមបញ្ចូលផ្លែចេកក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ អ្នកក៏អាចកិនសាច់ចេកអោយក្លាយជាម៉ដ្ឋខាប់រួចលាបវាលើមុខ ហើយទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញជាការស្រេច៕