ក្រៅពីរបបអាហារ ទម្លាប់ប្រចាំថ្ងៃមួយចំនួនផ្សេងទៀតក៏អាចបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតីផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអាចបង្កើនសម្ពាធឈាម ៖
១. ការជក់បារី
មិនត្រឹមតែជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះសួតប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កផលប៉ះពាល់លើសុខភាពបេះដូងដោយបង្កើនសម្ពាធឈាមផងដែរ។ ការជក់បារីអាចបង្កើនអាត្រានៃចង្វាក់បេះដូងបណ្ដាលឱ្យសសៃឈាមខូចខាតនិងរួមតូច ហើយឈាមងាយនឹងកក។
២. ការទទួលទានគ្រឿងស្រវឹងច្រើនពេក
អ្នកមិនគួរទទួលទានគ្រឿងស្រវឹងលើសពី ២ កែវក្នុងមួយថ្ងៃសម្រាប់បុរសនិងច្រើនជាង ១ កែវក្នុងមួយថ្ងៃចំពោះនារីឡើយ។ ការទទួលទានគ្រឿងស្រវឹងលើសកម្រិតអាចជះឥទ្ធិពលគួរឱ្យបារម្ភលើសសៃឈាមបេះដូងដោយវាបង្កើនសម្ពាធឈាម។
៣. ការទទួលទានកាហ្វេច្រើនពេក
កាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីនដែលអាចបង្កបញ្ហាសម្ពាធឈាមឡើងខ្ពស់ប្រសិនបើទទួលទានច្រើនពេក។ ដូច្នេះដើម្បីជាការប្រសើរអ្នកមិនគួរទទួលទានលើសពី ៣ ពែងក្នុងមួយថ្ងៃឡើយ។
៤. មិនធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណទៀងទាត់ជាប្រចាំ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពរាងកាយទាំងមូលល្អប្រសើរ ក៏ដូចជាទប់ស្កាត់បាននូវបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ហើយការមិនធ្វើលំហាត់ប្រាណសោះនឹងបង្កផលប៉ះពាល់ដល់មុខងាររបស់បេះដូងក្នុងការច្របាច់ឈាមទៅសព្វរាងកាយដែលនាំឱ្យកើតមានបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺលើសឈាម។ នេះមិនមែនមានន័យថាអ្នកចាំបាច់ត្រូវធ្វើលំហាត់ប្រាណខ្លាំងក្លាឡើយ ត្រឹមតែការដើរ ឬឡើងជណ្ដើរក៏ជាលំហាត់ប្រាណល្អប្រសើរដើម្បីទប់ស្កាត់ជំងឺលើសឈាមដែរ។
៥. ការទទួលទានអាហារគ្មានសុខភាពល្អ
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថារបបអាហារមានផ្ទុកជាតិសូដ្យូមខ្ពស់អាចបង្កើនសម្ពាធឈាម។ ដូច្នេះហើយទើបអ្នកមានបញ្ហាលើសសម្ពាធឈាម ឬជំងឺបេះដូងមិនត្រូវបានលើកទឹកចិត្តឱ្យទទួលទានអាហារប្រៃ ឬមានផ្ទុកជាតិសូដ្យូមខ្ពស់។ ទោះជាយ៉ាងណាការទទួលទានអាហារផ្អែមច្រើនពេក ឬមានផ្ទុកជាតិស្ករខ្ពស់ក៏អាចបង្កបញ្ហាលើសសម្ពាធឈាមផងដែរ។ ស្ករបង្កើនការរលាកក្នុងរាងកាយនិងកើនទម្ងន់លើសកម្រិត៕