បញ្ហានៃជំងឺច្រាលអាស៊ីតក្រពះ គឺជាស្ថានភាពសុខភាពមួយដែលជាញឹកញយកើតមានឡើងក្រោយពេលទទួលទានអាហារ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាក៏អាចកើតឡើងដោយសារការទទួលទានអ្វីដែលបង្កឲ្យរលាកស្រទាប់ក្រពះ ឬបង្កើនទឹកអាស៊ីតក្រពះផងដែរ។ អាការៈនៃជំងឺច្រាលទឹកអាស៊ីតក្រពះរួមមាន ក្រហាយទ្រូង ចង្អោរចង់ក្អួត វិលមុខ ក្អួត ភើរ និងក្អកដែលបង្កការរំខានគួរឱ្យព្រួយបារម្ភ។ ថាតើយើងអាចដោះស្រាយបញ្ហាច្រាលទឹកអាស៊ីតក្រពះតាមបែបធម្មជាតិងាយៗបានដែរឬទេ? គ្មានអ្វីពិបាកឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងអំពីវិធីព្យាបាលជំងឺច្រាលទឹកអាស៊ីតក្រពះតាមរយៈគន្លឹះងាយៗមួយចំនួនខាងក្រោម ៖
១. ទឹកគ្រាប់ជី
គ្រាប់ជីមានប្រសិទ្ធិភាពបំផុតដោះស្រាយបញ្ហាក្រហាយទ្រូងដោយវាជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា ៣ ម៉ាញ៉េស្យូម ជាតិសសៃ ជាតិដែក និងសេលេញ៉ូម។ គ្រាន់តែយកគ្រាប់ជី ១ ស្លាបព្រាបាយពេញលាយជាមួយទឹកធម្មតា ហើយទទួលទានជាការស្រេច។
២. ទឹកដោះគោស្រស់
ជាតិកាល់ស្យូមខ្ពស់ក្នុងទឹកដោះគោជួយទប់ស្កាត់ការប្រមូលផ្ដុំអាស៊ីតក្នុងក្រពះ។ដូច្នេះកុំភ្លេចទទួលទានទឹកដោះគោស្រស់ត្រជាក់មួយកែវនៅពេលណាអ្នកមានអារម្មណ៍ថាក្រហាយៗក្នុងក្រពះ។ ទោះជាយ៉ាងណាត្រូវប្រាកដថា ទឹកដោះគោស្រស់ដែលអ្នកទទួលទានគ្មានស្ករនិងសារធាតុបន្ថែមផ្សេងទៀត។
៣. ទឹក
ប្រសិនបើទឹកដោះគោបែរជាធ្វើឱ្យអាការៈរបស់អ្នកកាន់តែអាក្រក់ជាងមុន ចូរទទួលទានទឹកធម្មតា ១ កែវ ជំនួសវិញ។ ទឹកមានប្រសិទ្ធិភាពធ្វើឲ្យទឹកអាស៊ីតក្រពះស្រាល ឬខ្សោយ ហើយដើម្បីជាការប្រសើរនោះចូរទទួលទានទឹក ១ ទៅ ២ កែវនៅពេលព្រឹកខណៈពេលពោះទទេរ ប្រសិនបើអ្នកងាយនឹងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ។
៤. ទឹកប្រទាលកន្ទុយក្រពើ
ការទទួលទានទឹកប្រទាលកន្ទុយក្រពើក៏មានអត្ថប្រយោជន៍ណាស់ដែរខណៈពេលអ្នកកំពុងទទួលរងបញ្ហាច្រាលអាស៊ីតក្រពះដោយភេសជ្ជៈនេះជួយគ្របស្រទាប់បំពង់អាហារ និងក្រពះ ទប់ស្កាត់ការរលាក។ ទោះជាយ៉ាងណាត្រូវប្រាកដថាទឹកប្រទាលកន្ទុយក្រពើដែលអ្នកយកមកទទួលទាន គឺសុទ្ធ ១០០ ភាគរយ។
៥. ទឹកដូង
ការទទួលទានទឹកដូងស្រស់ៗ ១ កែវពិតជាល្អណាស់សម្រាប់បំបាត់អាការៈច្រាលទឹកអាស៊ីតក្រពះនិងសម្រួលការរំលាយអាហារក្នុងពេលជាមួយគ្នា។
៦. ឪឡឹក
គ្រាន់តែទទួលទានឪឡឹក ១ ចំណិតក៏អាចដោះស្រាយបញ្ហាបានទៅហើយ។ នេះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកជាតិទឹកដល់ទៅ ៩២ ភាគរយដែលល្អណាស់សម្រាប់បំបាត់អាការៈច្រាលទឹកអាស៊ីតក្រពះ។
ប្រយ័ត្ន! ប្រសិនបើអាការៈច្រាលទឹកអាស៊ីតក្រពះរបស់អ្នកកាន់តែធ្ងន់ធ្ងរដោយកើតឡើងញឹកញាប់និងខ្លាំងក្លាជាងមុន ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕