នៅចន្លោះពេលដែលអ្នកមករដូវ អ្នកគួរតែជ្រើសរើសអាហារដែលត្រឹមត្រូវមកបរិភោគទើបរដូវអ្នកមកស្រួល ហើយវាមិនធ្វើទុកអ្នកឱ្យមានភាពឈឺចុកចាប់ ដូចនេះតើមានអាហារអ្វីខ្លះទៅដែលអ្នកគួរតែបរិភោគនោះ?

ខ្ញី

ខ្ញីគឺជារបស់ដែលធ្វើឱ្យឈាមអ្នកដើរបានល្អ អាចធ្វើឱ្យអ្នកបាត់នូវអាការៈហើម ធ្វើឱ្យសរសៃឈាមអ្នកដើរបានស្រួល ដូចនេះនៅពេលដែលអ្នកមករដូវ អ្នកអាចចិតខ្ញីឱ្យមានរាងជាសរសៃៗ បន្ទាប់មកយកវាទៅដាំជាមួយត្រី ឬមាន់ ដើម្បីយកទឹកស៊ុបវាមកពិសារ នោះវានឹងល្អណាស់សម្រាប់សុខភាពអ្នក។

ស្ករខ្មៅ

ស្ករខ្មៅនេះអាចធ្វើឱ្យស្បូនអ្នកបញ្ចេញឈាមកង្វក់ទាំងឡាយចេញមកក្រៅអស់ ដោយមិនទុកក្នុងរាងកាយអ្នកដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកឡើយ ហើយវាថែមទាំងអាចជួយអ្នកបំបាត់អាការៈឈឺពោះទៀតផង ដូចនេះនៅពេលដែលអ្នកឈឺពោះ ឬឈឺចង្កេះពេលមករដូវ អ្នកអាចឆុងទឹកស្ករខ្មៅនេះមកពិសារបាន នោះវានឹងធ្វើឱ្យអ្នកមានអាការៈធូរស្រាលជាងមុន។

សណ្តែកក្រហម

នៅមុនពេលដែលមករដូវ មាននារីខ្លះអាចមានអាការៈហើមដោយពោះអាចមានលក្ខណៈធំជាងមុន ដោយសារតែឈាមដើរមិនស្រួល ដូចនេះអ្នកអាចដាំសណ្តែកក្រហមមកពិសារបាន ប៉ុន្តែសណ្តែកមិនត្រូវដាំឱ្យម៉ត់ទេ ហើយពេលដែលអ្នកពិសារ អ្នកអាចផឹកតែទឹកវាបាន វានឹងជួយបំបាត់អាការៈហើម និងជួយបញ្ចេញជាតិពុលទាំងឡាយពីក្នុងរាងកាយអ្នកអស់ទៀតផង៕