កាបូប​ដៃ​ដែល​អាច​និយាយ​បាន​ថា​ជា​កាបូប​ដៃ​ចាស់​ជាង​គេ​បង្អស់​លើ​លោក ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ឆ្នាំ ២០១២។

កាបូប​នេះ​ត្រូវ​បាន​កកាយ​ឃើញ​នៅ​ផ្នូរ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Leizig (ផ្នែក​ខាង​កើត​នៃ​អាល្លឺម៉ង់) ដែល​​មាន​អាយុ​ប្រមាណ​ពី ៤០០០ ទៅ ៤៥០០​ឆ្នាំ។

បើ​តាម​អ្នក​ជំនាញ​បុរាណវិទ្យា អ្នក​ស្រី Susanne Friederich បាន​ឲ្យ​ដឹង​ថា ធ្មេញ​ឆ្កែ​ជា​ច្រើន​គ្រាប់​តម្រៀប​ជា​ចុះ​មក​ក្រោយ​ក្នុង​សណ្ឋាន​ស្រដៀង​ៗ​គ្នា អាច​ជា​វិធី​តុបតែង​មួយ​នៃ​កាបូប​ដៃ របស់​មនុស្ស​សម័យ​ជំនាន់​មុន។

យោង​តាម​អ្នក​ជំនាញ​ដដែល កាបូប​នេះ​ដំបូង​ឡើយ​អាច​ធ្វើ​ពី​ស្បែក ឬ​កំណាត់​សំពត់ ហើយ​លំអ​ដោយ​ធ្មេញ​ឆ្កែ ប៉ុន្តែ​ដោយ​រយៈ​កាល​ជា​ច្រើន​ឆ្នាំ បាន​កន្លង​ផុត​ទៅ ស្បែក​ ឬ​កំណាត់​សំពត់​បាន​រលួយ​អស់​ទៅ បន្សល់​ទុក​នូវ​រូប​រាង​កាបូប​មួយ​នេះ មាន​សណ្ឋាន​ដូច​ក្នុង​រូប​ខាង​លើ​តែ​ម្ដង។

បើ​ទោះ​ជា​មើល​ទៅ​កាបូប​នេះ​ហាក់​មាន​សភាព​ចម្លែក​ដោយ​លំអ​ដោយ​ធ្មេញ​ឆ្កែ កាបូប​ប្រភេទ​នេះ​អាច​ជា​ទី​ពេញ​និយម​ចំពោះ​មនុស្ស​កាល​ពី​សម័យ​នោះ។ អ្នក​ស្រី​ Friederich បាន​លើក​ហេតុផល​ថា មាន​សម្ភារៈ​តុបតែង​ខ្លួន​ជា​ច្រើន​ដូច​ជា ខ្សែ​ក ជា​ដើម​ដែល​ត្រូវ​បាន​កំណាយ​ឃើញ ក្បែរ​ផ្នូរ​ចាស់ៗ សុទ្ធ​តែ​មាន​ការ​លំអ​ពី​ធ្មេញ​សត្វមួយនេះ៕

ប្រភព៖ sabay.com.kh

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង