ក្រហាយទ្រូងជាអាការៈទូទៅបំផុតមួយដែលតែងកើតឡើងកំឡុងពេលមានផ្ទៃពោះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីវាពិបាកនឹងបំបាត់ទាំងស្រុង ប៉ុន្តែក៏មានគន្លឹះមួយចំនួនអាចជួយសម្រាលអាការៈបានគួរសមដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះដោះស្រាយបញ្ហាក្រហាយទ្រូងកំឡុងពេលមានផ្ទៃពោះ ៖
១. ចៀសវាងទទួលទានអាហារ ព្រមទាំងភេសជ្ជៈណាដែលអាចបង្កបញ្ហានេះរួមមានកាហ្វេអ៊ីន កាបូណាត អាហារមានជាតិអាស៊ីត សូកូឡា ទឹកខ្មេះ និងផ្លែប៉េងប៉ោះជាដើម។ ការទទួលទានគ្រឿងស្រវឹងកំឡុងពេលមានផ្ទៃពោះក៏មិនត្រូវបានលើកទឹកចិត្ត ឬណែនាំដូចគ្នា ខណៈដែលវាងាយនឹងបង្កបញ្ហាក្រហាយទ្រូង។
២. ព្យាយាមទំពារអាហារឱ្យបានម៉ដ្ឋត្រឹមត្រូវដើម្បីសម្រួលដល់ការរំលាយអាហារ។
៣. គ្រប់គ្រងការទទួលទានសារធាតុរាវរបស់អ្នកដើម្បីទប់ស្កាត់អាការៈហើមពោះ។ ត្រូវចងចាំថាការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ គឺនៅតែសំខាន់ណាស់កំឡុងពេលមានផ្ទៃពោះ។ ទោះជាយ៉ាងណាដើម្បីជាការប្រសើរចូរប្រើប្រាស់ទុយោរបឺតជំនួសការទទួលទានផ្ទាល់ពីកែវ។
៤. ទំពារស្ករកៅស៊ូក្រោយពេលអាហារដើម្បីរំញោចក្រពេញទឹកមាត់និងបន្សាបអាស៊ីតក្រពះ។
៥. ទទួលទានអាហារចុងក្រោយបង្អស់យ៉ាងហោចណាស់ ៣ ម៉ោងមុនពេលចូលគេង។
៦. កុំគេងផ្ងាររាបស្មើ ព្យាយាមកល់ខ្នើយឱ្យផ្នែកខាងលើនៃរាងកាយខ្ពស់បន្តិចដើម្បីទប់ស្កាត់អាការៈក្រពេះមិនឱ្យច្រាលឡើង។
៧. ការរក្សាបាននូវទម្ងន់ត្រឹមត្រូវមួយក៏ជួយទប់ទល់អាការៈក្រហាយទ្រូងបានយ៉ាងប្រសើរផងដែរ។
៨. ជ្រើសរើសសម្លៀកបំពាក់ណាដែលមិនរឹតតឹងពេក ពិសេសត្រង់ផ្នែកពោះនិងចង្កេះ។
៩. បន្ទន់ ឬប្រើប្រាស់ជង្គង់នៅពេលត្រូវការឱនចុះជំនួសការឱនពីចង្កេះ។
១០. ចៀសវាងការជក់បារីកំឡុងពេលមានផ្ទៃពោះ ក៏ព្រោះវាអាចបង្កើនអាស៊ីតក្រពះបង្កបញ្ហាក្រហាយទ្រូង៕