មែនហើយ ក្នុងពេលវេលាដែលអ្នកនៅផ្ទះដើម្បីបង្ការជំងឺកូវីដ១៩ វាពិតជារឿងមួយពិបាកណាស់ក្នុងការហាត់ប្រាណជាប្រចាំ ញ៉ាំអាហារបានត្រឹមត្រូវ ឬគេងបានគ្រប់គ្រាន់។ មែនហើយ ការដែលរក្សារាងកាយមានសុខភាពល្អគួរតែជាផ្នែកមួយនៃរបៀបរស់នៅ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការថែរក្សាជីវិតឲ្យមានសុខភាពល្អមិនមែនមានន័យថា ជាការហាត់ប្រាណខ្លាំងក្លា និងញ៉ាំតែបន្លែមួយមុខឡើយ។ ប៉ុន្តែវាគឺជារឿងដែលអ្នកត្រូវបង្កើតជម្រើសដែលផ្តល់សុខភាពល្អសម្រាប់ជីវិតប្រចាំថ្ងៃ។
ហាត់ប្រាណរក្សារាង
កាតហាត់ប្រាណមិនមែនជាការបង្ខំខ្លួនឯងខ្លាំងពេកឡើយ គួរតែធ្វើវាឲ្យក្លាយជាទម្លាប់សប្បាយៗវិញ។ ការហាត់ប្រាណនឹងជួយរំលាយជាតិខ្លាញ់ និងយកឈ្នះភាពធាត់ជ្រុល។ វាក៏ជួយបង្ការជំងឺបេះដូងផងដែរ។ នេះដោយសារតែការហាត់ប្រាណអាចជួយពង្រឹងដល់សុខភាពបេះដូង និងបង្កើនរបត់ឈាមរត់។ វាអាចជួយគ្រប់គ្រងទម្ងន់ ជំរុញដល់សុខភាពផ្លូវចិត្ត គ្រប់គ្រងជាតិស្ករ រក្សាទំហំសាច់ដុំ និងជំហររាងកាយកាន់តែល្អ។
ញ៉ាំទឹកធម្មតាឲ្យបានច្រើន
តើអ្នកឧស្សាហ៍មានអារម្មណ៍ខ្សោះជាតិទឹកក្នុងខ្លួនទេ? តើអ្នកអស់កម្លាំងទេ? បើអ៊ីចឹងមែន អ្នកប្រហែលជាមិនបានញ៉ាំទឹកគ្រប់គ្រាន់ទេ។ ទឹកគឺជាសមាសធាតុដ៏សំខាន់សម្រាប់មុខងាររាងកាយជាច្រើន ដោយសារវាជួយច្រោះជាតិពុល និងកាកសំណល់ចេញពីរាងកាយ និងដឹកនាំជីវជាតិ និងអុកស៊ីសែនជុំវិញរាងកាយ។ ចូរញ៉ាំទឹកឲ្យបានច្រើនតាមតែអាចធ្វើទៅបានប៉ុន្តែមិនត្រូវញ៉ាំច្រើនជ្រុលពេកទេ។
ញ៉ាំអាហារឲ្យបានត្រឹមត្រូវ
ចូរបង្កើនការញ៉ាំអាហារមានជាតិសរសៃដូចជា ផ្លែបឺរី ក្រូច គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ និងបន្លែ។ ការញ៉ាំអាហារសម្បូរជាតិសរសៃអាចជួយបន្ថយការរលាក និងកម្រិតជាតិស្ករក្នុងឈាមបាន។ ក្រៅពីនេះ វាក៏អាចជួយសម្រកទម្ងន់ បំបាត់ការទល់លាមក និងសម្រួលដល់ចលនាពោះវៀនថែមទៀត។ ចូរកាត់បន្ថយការញ៉ាំប្រៃព្រោះវាអាចនាំឲ្យលើសសម្ពាធឈាមបាន។ ចូរចៀសវាងអាហារ និងភេសជ្ជៈផ្អែមៗ។ ចូរឈប់ញ៉ាំអាហារបើសិនជាអ្នកញ៉ាំឆ្អែតហើយ។ ចូរចៀសវាងការស្រូបផ្សែងបារីពីគេ។
អនុវត្តការហាត់យូហ្គា និងតាំងសមាធិ
វិធីសាស្រ្តបន្ធូរអារម្មណ៍ដូចជា ហាត់យូហ្គា ការតាំងសមាធិអាចជួយអ្នកមានអារម្មណ៍ស្ងប់ស្ងាត់។ វាក៏ជួយបំបាត់ស្រ្តេស និងរក្សារាងបានដែរ។ ចូរធ្វើរឿងនេះជាប្រចាំថ្ងៃ។ វាក៏នឹងជួយអ្នកយកឈ្នះអារម្មណ៍អវិជ្ជមានបានដែរ។
រក្សាអនាម័យមាត់ធ្មេញ
វានៅតែជារឿងសំខាន់ដែលត្រូវថែរក្សាសុខភាពមាត់ធ្មេញ។ ចូរដុសសម្អាតធ្មេញពីរដងក្នុងមួយថ្ងៃ និងទៅជួបពេទ្យធ្មេញជាទៀងទាត់គ្រប់ពេលដែលអ្នកអាចធ្វើបាន។
គេងគ្រប់គ្រាន់
តើអ្នកកំពុងតែពិបាកគេងលក់នៅពេលយប់មែនទេ? បើសិនជាអ៊ីចឹងមែន អ្នកកំពុងតែប្រឈមខ្ពស់នឹងភាពធាត់ជ្រុល បាក់ទឹកចិត្ត ឬជំងឺបេះដូងហើយ។ វាក៏នឹងនាំឲ្យកង្វះការផ្ចង់អារម្មណ៍ និងបញ្ហាទាក់ទងនឹងការចងចាំដែរ។ ដូច្នេះចូរបង្កើតកាលវិភាគគេងឲ្យបានត្រឹមត្រូវ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរចៀសវាងការមើលទូរទស្សន៍ ឬញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីនមុនពេលគេង៕