អង្គែស្បែកក្បាលមាន ២ ប្រភេទ គឺមួយកើតឡើងដោយសារការផលិតជាតិប្រេងច្រើនលើសនិងភាពស្ងួតពេកនៃស្បែកក្បាល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាបញ្ហាអង្គែក៏បណ្ដាលមកពីការមិនកក់សក់ទៀងទាត់ ការប្រើប្រាស់សាប៊ូខុស និងការទទួលទានចំណីអាហារផងដែរ។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីដ៏ងាយបំផុតក្នុងការប្រើប្រាស់ក្រូចឆ្មារកម្ចាត់អង្គែចេញពីស្បែកក្បាល ៖
១. ក្រូចឆ្មារទុំ
អ្វីដែលអ្នកត្រូវធ្វើ គឺកាត់ក្រូចឆ្មារទុំមួយផ្លែជា ២ កំណាត់ច្របាច់យកទឹក។ បន្ទាប់មកលាបទឹកក្រូចឆ្មារផ្ទាល់លើស្បែកក្បាលដោយម៉ាស្សាថ្នមៗសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីនិងទុកចោលសម្រាប់រយៈពេលពី ៥ ទៅ ១០ នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់។ មុននឹងលាបពេញលើស្បែកក្បាល អ្នកគួរប្រើប្រាស់ទឹកក្រូចឆ្មារត្រឹមតែបន្តិចទុកជាការសាកល្បងសិនដើម្បីប្រាកដថាវាមិនបង្កការរលាកដល់ស្បែក។
២. លាងសម្អាតសក់ជាមួយទឹកក្រូចឆ្មារ
អ្នកអាចប្រើប្រាស់ទឹកក្រូចឆ្មារលាងសម្អាតសក់ជាចុងក្រោយបន្ទាប់ពីកក់សម្អាតសក់រួច។ ដើម្បីទទួលបានទឹកក្រូចឆ្មារសម្រាប់លាងសក់អ្នកត្រូវដាំក្រូចឆ្មារដែលបកសំបករួចចំនួន ៤ ផ្លែក្នុងទឹកធម្មតា ៤ ពែងរហូតដល់ពុះសម្រាប់រយៈពេលប្រហែលពី ២០ ទៅ ២៥ នាទី។ ទុកឱ្យចុះត្រជាក់សិន សឹមប្រើប្រាស់។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរចូរអនុវត្តសារឡើងវិញជាប្រចាំ។
៣. ទឹកក្រូចឆ្មារស្រស់លាយទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកក្រូចឆា្មរស្រស់ ២ ស្លាបព្រាបាយជាមួយទឹកខ្មេះផ្លែប៉ោម ៤ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយពេញលើស្បែកក្បាល។ អនុវត្តសារឡើងវិញជាប្រចាំ។
៤. ទឹកក្រូចឆ្មារស្រស់ជាមួយខ្ទឹមស
លាយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយជាមួយខ្ទឹមសម៉ដ្ឋឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើស្បែកក្បាលនិងសក់ដោយម៉ាស្សាថ្នមៗ។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមកក់សក់លាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តសារឡើងវិញជាប្រចាំ។
៥. ទឹកក្រូចឆ្មារស្រស់ជាមួយប្រេងដូង
លាយប្រេងដូងក្ដៅឧណ្ហៗ ១ ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបប្រេងលើស្បែកក្បាលដោយម៉ាស្សាក្នុងចលនាបែបរង្វង់ថ្នមៗ។ រុំសក់ដោយប្រើកន្សែងសើមក្ដៅឧណ្ហៗសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី។ កក់សម្អាតចេញដូចពេលធម្មតា៕