ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាបន្លែ គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពល្អប្រសើរ។ (អាន ៖ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែថាតើនឹងមានអ្វីកើតឡើងប្រសិនបើឈប់ទទួលទានបន្លែ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាដែលកើតឡើងប្រសិនបើអ្នកមិនញ៊ាំបន្លែ ៖

​១. អ្នកនឹងកើនទម្ងន់លើសលប់

ជាតិសសៃ គឺជាអ្វីមួយដែលអ្នកនឹងមិនអាចរកបានពីក្នុងសាច់សត្វឡើយ។ ជាតិសសៃដើរតួនាទីជាច្រើនខុសៗពីគ្នា ហើយមួយក្នុងចំណោមនោះ គឺធ្វើឱ្យអ្នកឆាប់ឆ្អែត។ ប្រសិនបើអាហារគ្មានជាតិសសៃទេនោះ អ្នកនឹងមិនងាយមានអារម្មណ៍ឆ្អែតឡើយ។ ជាលទ្ធផលអ្នកនឹងទទួលទានច្រើនជាងធម្មតាដើម្បីឱ្យអារម្មណ៍ឆ្អែត ហើយប្រាកដជាកើនទម្ងន់លើសលប់។ អ្វីដែលកាន់តែគួរឱ្យបារម្ភថែមទៀតនោះ គឺភាពធាត់ជ្រុលអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងទៀត។

២. អ្នកនឹងឧស្សាហ៍ទល់លាមក

ជាតិសសៃជួយសម្រួលចលនាពោះវៀននិងទប់ស្កាត់ជាតិពុល ព្រមទាំងកាកសំណល់ផ្សេងៗ។ ដូច្នេះប្រសិនបើអ្នកមិនញ៊ាំបន្លែដែលជាប្រភពដ៏ប្រសើរនៃជាតិសសៃទេនោះ អ្នកប្រាកដជាឧស្សាហ៍ទល់លាមកជាមិនខាន ពិសេសប្រសិនបើមិនទទួលទានទឹកបានគ្រប់គ្រាន់និងមានរបៀបរស់នៅគ្មានសុខភាពល្អ។

៣. អ្នកនឹងមានស្បែកមិនស្រស់ស្អាត

បញ្ហាស្បែកផ្សេងៗ គឺងាយនឹងកើតឡើងណាស់ប្រសិនបើអ្នកមិនរួមបញ្ចូលបន្លែក្នុងរបបអាហារប្រចាំថ្ងៃ។ នេះក៏ព្រោះតែកង្វះជាតិសសៃបណ្ដាលឱ្យជាតិពុលផ្សេងៗប្រមូលផ្ដុំមិនត្រូវបានកម្ចាត់ចេញ។ លើសពីនេះទៅទៀតបន្លែមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលកម្ចាត់រ៉ាឌីកាល់សេរីមិនឱ្យបំផ្លាញកោសិកាស្បែក។

៤. សុខភាពពោះវៀនមិនប្រសើរ

ជាតិសសៃក្នុងបន្លែជួយចិញ្ចឹមបាក់តេរីល្អៗក្នុងពោះវៀន។ ដូច្នេះប្រសិនបើអ្នកមិនទទួលទានបន្លែទេនោះសុខភាពពោះវៀននឹងចុះខ្សោយដែលបង្កើនហានិភ័យនៃបញ្ហាសុខភាពគួរឱ្យបារម្ភច្រើនផ្សេងទៀត។

៥. ប្រព័ន្ធភាពស៊ាំចុះខ្សោយ

បញ្ហាសុខភាពមួយដែលផ្សារភ្ជាប់នឹងសុខភាពពោះវៀនចុះខ្សោយ គឺប្រព័ន្ធភាពស៊ាំរាងកាយ។ នៅពេលបិរមាណនៃបាក់តេរីមិនល្អកើនឡើងខ្ពស់នោះវានឹងជះឥទ្ធិពលលើប្រព័ន្ធភាពស៊ាំរាងកាយនាំឱ្យចុះខ្សោយ។

៦. អ្នកនឹងប្រឈមមុខខ្ពស់ជាមួយហានិភ័យនៃជំងឺមហារីក

នេះក៏ព្រោះតែបន្លែបៃតងជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកម្ចាត់រាល់រ៉ាឌីកាល់សេរីទប់ស្កាត់ហានិភ័យនៃជំងឺមហារីក។ ដូច្នេះប្រសិនបើអ្នកមិនទទួលទានបន្លែសោះនោះ អ្នកប្រាកដជាអាចប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺមហារីកមិនខាន។

៧. អ្នកនឹងប្រឈមមុខខ្ពស់ជាមួយហានិភ័យនៃជំងឺបេះដូង

របបអាហារដែលមានបន្លែតិច ប៉ុន្តែជាតិខ្លាញ់ឆ្អែតនិងកូឡេស្តេរ៉ូលខ្ពស់អាចបណ្ដាលឱ្យស្ទះសសៃឈាម ព្រមទាំងបញ្ហាសម្ពាធឈាមឡើងខ្ពស់។ នេះហើយជាមូលហេតុដែលបង្កើនហានិភ័យនៃជំងឺបេះដូង គាំងបេះដូង និងដាច់សសៃឈាមខួរក្បាល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង