ជំងឺមហារីកជាបញ្ហាសុខភាពដ៏គួរឱ្យព្រួយបារម្ភបំផុតមួយដែលអាចឆក់យកអាយុជីវិតមនុស្សបានយ៉ាងងាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា ជំងឺមហារីកមិនលូតលាស់ភ្លាមៗត្រឹមរយៈពេលតែមួយយប់នោះទេ ហើយមានវិធីបង្ការបែបសាមញ្ញច្រើនណាស់ដែលអ្នកគួរអនុវត្តដើម្បីកាត់បន្ថយហានិភ័យនៃជំងឺគ្រោះថ្នាក់នេះដោយគ្រាន់តែកែប្រែសកម្មភាពប្រចាំថ្ងៃដូចជាការទទួលទានអាហារ និងភេសជ្ជៈ ព្រមទាំងការធ្វើលំហាត់ប្រាណជាប្រចាំ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលអាចជួយកាត់បន្ថយជំងឺមហារីក ៖
១. ផ្លែឈើប្រភេទ Citrus
រួមមានផ្លែក្រូច ទំពាំងបាយជូរ ក្រូចឆ្មារជាដើមមានផ្ទុកសម្បូរទៅដោយវីតាមីន C។ វីតាមីននេះជាសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងក្លាបំផុតមួយដែលមិនត្រឹមតែជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ទប់ស្កាត់ការកកើតនៃសារធាតុ nitrosamine ដែលបង្កមហារីកក្រោយពេលទទួលទានសាច់កែច្នៃផងដែរ។ ម្យ៉ាងវិញទៀតផ្លែក្រូចមានផ្ទុកសារធាតុ D- limonene ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកច្រើនប្រភេទដូចជាជំងឺមហារីកសួត ជំងឺមហារីកស្បែក និងសូម្បីមហារីកសុដន់។
២. ផ្លែបឺរ
មានផ្ទុកសារធាតុ Lutein ម៉ាញ៉េស្យូម និងខ្លាញ់ល្អ monounsaturated។ ការទទួលទានផ្លែបឺរជាប្រចាំអាចជួយទប់ស្កាត់ហានិភ័យនៃជំងឺមហារីកមាត់ មហារីកសុដន់ និងក្រពេញប្រូស្តាត។
៣. សណ្ដែកខ្មៅ
សណ្ដែកខ្មៅមានផ្ទុកសារធាតុ Phytochemical និង flavonoid ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងកម្ចាត់ការរលាកដ៏មានឥទ្ធិពលជួយទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីកក្នុងរាងកាយ។
៤. ម្នាស់
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលបំផុតមួយ គឺវីតាមីន C។ សារធាតុប្រឆាំងអុកសីតកម្មនេះជួយកម្ចាត់រ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក។ លើសពីនេះទៅទៀត ម្នាស់ មានផ្ទុកសម្បូរទៅដោយសារធាតុ bromelain អាចរារាំងទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីកនិងថែមទាំងធ្វើឱ្យកោសិកាមហារីកងាប់ផងដែរ ជាពិសេសជំងឺមហារីកពោះវៀនធំ។
៥. តែបៃតង
ក្រៅពីសារធាតុ catechin តែបៃតងក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ polyphenols និងសារធាតុ flavonoids ដែលសុទ្ធតែអាចផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនចំពោះសុខភាពរាងកាយ។ សារធាតុប្រឆាំងអុកស៊ីតកម្មជួយកម្ចាត់រ៉ាឌីកាល់សេរីដែលបំផ្លាញដល់កោសិកាសុខភាពល្អបង្កបញ្ហាសុខភាពផ្សេងៗរួមបញ្ចូលទាំងជំងឺមហារីក។
៦. ផ្សិតម្ជុល
នេះក៏ព្រោះតែផ្សិតម្ជុលមានផ្ទុកសារធាតុ proflamin ដែលជាភ្នាក់ងារប្រយុទ្ធប្រឆាំងដុំសាច់មហារីក។ ដូច្នេះការទទួលទានផ្សិតម្ជុលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកគួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀតផ្សិតម្ជុលក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតដែលកាត់បន្ថយ oxidative stress ព្រមទាំងប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយដែលអាចជួយទប់ស្កាត់ជំងឺមហារីក។
៧. ផ្លែអូលីវ
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាការរលាករ៉ាំរ៉ៃជាកត្តាចម្បងមួយនៃជំងឺមហារីក។ ផ្លែអូលីវអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានតាមរយៈការផ្ដល់ឱ្យរាងកាយនូវសារធាតុប្រឆាំងអុកស៊ីតកម្មនិងលក្ខណៈសម្បត្តិប្រឆាំងការរលាក។
៨. ខ្ទឹមស
ជាប្រភពដ៏ប្រសើរនៃស្ពាន់ធ័រ សារធាតុ arginine និងសេលេញ៉ូមដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ ដូច្នេះការទទួលទានខ្ទឹមសជាប្រចាំអាចជួយកាត់បន្ថយការវិវត្តនៃកោសិកាមហារីកផ្សេងៗនៅក្នុងរាងកាយ៕