ក្រោយពេលសម្រាលអ្វីដែលស្ត្រីជាម្ដាយគួរធ្វើដើម្បីខ្លួនឯង និងកូន គឺសម្រាកអោយបានគ្រប់គ្រាន់ និងទទួលទានអាហារសុខភាពល្អសម្បូរដោយសារធាតុចិញ្ចឹម។  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលសំខាន់ទៀតនោះ គឺរបបអាហារត្រឹមត្រូវក៏ជួយបង្កើនទឹកដោះបានយ៉ាងប្រសើរផងដែរ។ ប៉ុន្តែថាតើអាហារអ្វីខ្លះទៅដែលជួយផ្ដល់ថាមពលបន្ថែមនិងបង្កើនទឹកដោះ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីប្រភេទនៃអាហារដែលអ្នកគួរទទួលទានកំឡុងពេលកំពុងបំបៅដោះ ៖

១. បន្លែបៃតង

ជាជម្រើសនៃអាហារដ៏ប្រសើរបំផុតសម្រាប់ស្ត្រីកំពុងបំបៅដោះកូន។ នេះក៏ព្រោះតែបន្លែបៃតងភាគច្រើនមានផ្ទុកអាស៊ីតហ្វូលិក (folic acid) ដែលជួយរាងកាយផលិតកោសិកាឈាមថ្មី។ បន្លែបៃតងក៏ជាប្រភពដ៏ល្អនៃវីតាមីន C និងជាតិដែកដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។

២. ត្រីសម្បូរខ្លាញ់

ជាប្រភពនៃសារធាតុចិញ្ចឹមដែលជួយបង្កើនបរិមាណនៃការទឹកដោះ។ ត្រីសម្បូរខ្លាញ់ក៏មានផ្ទុកអាស៊ីតជាតិខ្លាញ់ DHA ដែលចាំបាច់សម្រាប់ការអភិវឌ្ឍសរសៃប្រសាទរបស់ក្មេងនិងជួយអោយស្ត្រីជាម្ដាយរក្សាបាននូវអារម្មណ៍ល្អជៀសផុតពីជំងឺបាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​កូន។

៣. អាហារផ្សំឡើងពីទឹកដោះគោ

ទឹកដោះគោ យ៉ាអួរ ឈីស និងអាហារផ្សំឡើងពីទឹកដោះគោផ្សេងទៀត គឺសំខាន់ណាស់ដែលគួរតែមានក្នុងរបបអាហារប្រចាំថ្ងៃរបស់ស្ត្រីជាម្ដាយកំពុងបំបៅដោះកូន។ អាហារទាំងនេះមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន វីតាមីន D វីតាមីន B និងជាពិសេសនោះគឺកាល់ស្យូមដែលចាំបាច់ក្នុងការលូតលាស់ ឬអភិវឌ្ឍ​​​ឆ្អឹងរបស់ទារក។

៤. សាច់គ្មានខ្លាញ់

ស្ត្រីជាម្ដាយគ្រប់រូប គឺសុទ្ធតែត្រូវការថាមពលបន្ថែម ហើយសាច់គ្មានខ្លាញ់ជាប្រភពដ៏ប្រសើរបំផុតនៃសារធាតុចិញ្ចឹមដែលជួយផ្ដល់កម្លាំងដល់រាងកាយ។ វាមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន វីតាមីន B12 និងជាពិសេសជាតិដែកចាំបាច់សម្រាប់បង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហមនិងថាមពលឆាប់រហ័ស។

៥. ស៊ុត

ស៊ុត ជាអាហារពេលព្រឹកល្អបំផុតមួយដែលមានរសជាតិឆ្ងាញ់ ហើយមិនពិបាកនឹងចម្អិនទៀត។ វាមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន រួមទាំងវីតាមីន D និង choline ដែលចាំបាច់សម្រាប់ការលូតលាស់ឆ្អឹង និងការអភិវឌ្ឍខួរក្បាលរបស់ទារក។

៦. ក្រូច

មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលធ្វើអោយវាក្លាយជាអាហារល្អបំផុតមួយជួយបង្កើនការផលិតទឹកដោះ។ បរិមាណនៃវីតាមីន C ក្នុងផ្លែក្រូចក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់ស្ត្រីជាម្ដាយ និងទារកប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺផ្សេងៗបានយ៉ាង​​​ប្រសើរផងដែរ។

៧. បាយអង្ករសម្រូប

បាយអង្ករសម្រូបអាចផ្ដល់នូវថាមពលបន្ថែមដែលស្ត្រីជាម្ដាយកំពុងបំបៅដោះកូនត្រូវការ និងថែមទាំងជួយបង្កើនការផលិតទឹកដោះសម្រាប់ទារកទៀតផង។

៨. គ្រាប់ធញ្ញជាតិ

មានផ្ទុកប្រូតេអ៊ីន ព្រមទាំងអាស៊ីតខ្លាញ់ល្អៗ វីតាមីន E អាស៊ីតខ្លាញ់អូមេហ្កា ៣ និងអូមេហ្កា ៦ ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយជាតិសសៃដែលផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពបង្កើនការផលិតទឹកដោះ។ ទោះជាយ៉ាងណាមិនត្រូវទទួលទានច្រើនពេកលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ៕