កំពុងខ្វល់ចិត្តនឹងរូបរាងក៏ដូជជាក្បាលពោះមិនស្រស់ស្អាតយារធ្លាក់ក្រោយសម្រាលកូនរួចមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗមួយចំនួនដែលជួយអោយស្បែក ក៏ដូចជាក្បាលពោះរបស់អ្នកតឹងណែនរាបស្មើស្រស់ស្អាតឡើងវិញយ៉ាងឆាប់រហ័ស ៖
១. កុំរកលេសមិនធ្វើលំហាត់ប្រាណ
ចូរកុំរកលេសមិនធ្វើលំហាត់ប្រាណដោយសំអាងថាអ្នករវល់ខ្លាំងនឹងមើលថែកូន ព្រមទាំងការងារផ្សេងៗក្នុងផ្ទះ។ ដើម្បីជាការប្រសើរអាចស្រកទម្ងន់បានដូចបំណងអ្នកគួរផ្លាស់ប្ដូរការគិតបែបនេះចេញ។ អ្នកមិនចាំបាច់បង្ខំខ្លួនឯងធ្វើលំហាត់ប្រាណខ្លាំងក្លាណាមួយទេពេលចាប់ផ្ដើមដំបូងគ្រាន់តែហាត់យូហ្កា ឬដើរក៏បាន។
២. ទទួលទានឱ្យបានកាន់តែច្រើន
វិធីដ៏ងាយបំផុតមួយទៀតដើម្បីបន្តឹងស្បែកឡើងវិញក្រោយសម្រាលបុត្រនោះ គឺការទទួលទានទឹកអោយបានគ្រប់គ្រាន់។ វិធីនេះមិនត្រឹមជួយរក្សាជាតិទឹកក្នុងរាងកាយនិងជួយឱ្យឆ្អែតបានយូរប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់សុខភាព ព្រមទាំងភាពបត់បែននៃស្បែកផងដែរ។ ម្យ៉ាងវិញទៀតរាងកាយត្រូវការទឹកគ្រប់គ្រាន់ដើម្បីដុតបំផ្លាញខ្លាញ់មិនល្អបន្ថយក្បាលពោះ។
៣. ពិនិត្យមើលបរិមាណនៃអាហារដែលអ្នកទទួលទាន
ការទទួលទានច្រើនកំឡុងពេលមានផ្ទៃពោះអាចជាមូលហេតុសមហេតុផលមួយដោយចាំបាច់ចំពោះទាំងកូនក្នុងផ្ទៃ ប៉ុន្តែក្រោយពេលសម្រាលហើយដើម្បីជាការប្រសើរអ្នកគួរព្យាយាមកាត់បន្ថយបរិមាណនៃការទទួលទានវិញ។ ចូរព្យាយាមជ្រើសរើសអាហារសុខភាពល្អដូចជាបន្លែនិងផ្លែឈើ ចៀសវាងអាហារកែច្នៃ។
៤. ទទួលទានប្រូតេអ៊ីននិងខ្លាញ់សុខភាពល្អ
តើអ្នកធ្លាប់ដឹងទេថាការទទួលទានខ្លាញ់និងប្រូតេអ៊ីនល្អៗជួយពង្រឹងសុខភាពសាច់ដុំ? ប្រតេអ៊ីនក៏មានកូឡាជែនដែលចាំបាច់សម្រាប់ស្បែកតឹងណែនគួរអោយកត់សម្គាល់។ បរិមាណនៃប្រូតេអ៊ីនដែលអ្នកគួរទទួលទានអាស្រ័យលើថាតើអ្នកបានហាត់ប្រាណ ឬធ្វើសកម្មភាពច្រើនប៉ុណ្ណាក្នុងមួយថ្ងៃ កម្ពស់ រួមទាំងទម្ងន់ផងដែរ។ ប្រូតេអ៊ីនកាន់តែចាំបាច់ថែមទៀតកំឡុងពេលបំបៅដោះ។
៥. ដើរ
ប្រសិនបើអ្នកចង់បន្តដុតបំផ្លាញជាតិខ្លាញ់និងសម្រកដែលលើស ការដើរ គឺជាជម្រើសនៃលំហាត់ប្រាណដ៏ល្អបំផុតមួយដែលអ្នកគួររួមបញ្ចូលក្នុងសកម្មភាពប្រចាំថ្ងៃ។ អ្នកនាំកូនទៅជាមួយដោយដាក់ក្នុងរទេះរុញនិងចាប់ផ្ដើមដើរសម្រាប់រយៈពេល ៣០ នាទី ឬច្រើនជាងនេះ។ ការដើរជួយបង្កើនការដុតរំលាយអាហារក្នុងរាងកាយបានយ៉ាងប្រសើរ។
៦. បំបៅដោះកូន
ធ្លាប់ដឹងទេថាក្រៅពីជាប្រភពដ៏ល្អបំផុតមួយនៃអាហារសម្រាប់ទារកហើយនោះ ការបំបៅដោះក៏ផ្ដល់អត្ថប្រយោជន៍អស្ចារ្យជាច្រើនចំពោះស្ត្រីជាម្ដាយផងដែរ? នេះគឺដោយសារតែកាឡូរីក្នុងរាងកាយត្រូវបានបំលែងទៅជាទឹកដោះ។ ដំណើរការនេះអាចជួយអោយអ្នកស្រកទម្ងន់និងទទួលបានស្បែកតឹងណែនឡើងវិញ៕