ខណៈដែលអ្នកខ្លះព្យាយាមឥតឈប់ដើម្បីអាចស្រកទម្ងន់ អ្នកដទៃទៀតបែរជាពិបាកនឹងឡើងទម្ងន់ទៅវិញ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាការចង់កើនទម្ងន់និងឡើងសាច់ដុំគ្មានអ្វីពិបាកសោះឡើយ! ដំណោះស្រាយ គឺសាមញ្ញមែនទែន ដោយគ្រាន់តែទទួលទានអាហារមានផ្ទុកជាតិខ្លាញ់ល្អៗនិងប្រូតេអ៊ីនជាការស្រេច។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទាន ដើម្បីកើនទម្ងន់ និងឡើងសាច់ដុំឆាប់រហ័ស ៖

១. បាយស

ត្រឹម ១០០ ក្រាមនៃបាយសមានផ្ទុកកាឡូរីដល់ ១៣០ កាឡូរីដែលអាចជួយឱ្យអ្នកឆាប់កើនទម្ងន់។ ម្យ៉ាងវិញទៀតបាយសក៏ជាប្រភពដ៏ប្រសើរនៃវីតាមីននិងជាតិរ៉ែសំខាន់ៗដែលរាងកាយត្រូវការដើម្បីគ្រោងឡើងគីឡូ ព្រមទាំងរក្សាថាមពលបានយូរផងដែរ។

២. បឺរសណ្ដែកដី

អាហារមួយប្រភេទទៀតដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីកើនទម្ងន់ គឺបឺរសណ្ដែកដី។ ត្រឹមតែ ១ ស្លាបព្រាបាយនៃបឺរសណ្ដែកដីសុទ្ធមានផ្ទុកកាឡូរីដល់ទៅ ១០០ កាឡូរី ៤ ក្រាមនៃប្រូតេអ៊ីន សារធាតុ Folate វីតាមីន​ B3 វីតាមីន E និងម៉ាញ៉េស្យូម។

៣. ត្រីសម្បូរខ្លាញ់

ដើម្បីអាចឡើងគីឡូដោយសុខភាពល្អចូរកុំភ្លេចរួមបញ្ចូលត្រីសម្បូរខ្លាញ់ក្នុងរបបអាហារ។ ក្រៅពីប្រូតេអ៊ីន ត្រីសម្បូរខ្លាញ់ក៏មានផ្ទុកអាស៊ីតខ្លាញ់ចាំបាច់ដែលរាងកាយត្រូវការដើម្បីដំណើរការមុខងារប្រក្រតីផងដែរ។

៤. ទឹកដោះគោស្រស់

ទឹកដោះគោ គឺមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីននិងជាតិខ្លាញ់ខ្ពស់ ក៏ដូចជាកាល់ស្យូមនិងវិតាមីនល្អៗ។ មិនត្រឹមតែជួយឱ្យកើនទម្ងន់ប៉ុណ្ណោះទេ ការទទួលទានទឹកដោះគោស្រស់ជាប្រចាំក៏ជួយពង្រឹងសុខភាពឆ្អឹង សក់ និងប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។

៥. ស៊ុត

ស៊ុតជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន សារធាតុ choline និងសារធាតុចិញ្ចឹមជួយបង្កើតម៉ាសសាច់ដុំ។ គ្រាន់តែប្រាកដថាអ្នកមិនទទួលទានច្រើនពេកក្នុងមួយថ្ងៃចៀសបញ្ហាលើសកូឡេស្តេរ៉ូល។

៦. សាច់ក្រហម

ជាអាហារដែលប្រសើរបំផុតជួយឱ្យកើនទម្ងន់ និងឡើងសាច់ដុំឆាប់រហ័ស។ សាច់ក្រហមមានផ្ទុក  leucine និង creatine ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់សាច់ដុំ និងការកើនឡើងនូវជាលិកាសាច់ដុំថ្មី។ សាច់ក្រហមក៏ជាប្រភពនៃប្រូតេអ៊ីន និងជាតិខ្លាញ់ដែលជួយអ្នកឱ្យកើនទម្ងន់យ៉ាងប្រសើរផងដែរ។ ទោះជាយ៉ាងណា ការទទួលទានច្រើនពេកក៏មិនល្អដែរសម្រាប់សុខភាព៕