កុំស្លន់ស្លោពេកប្រសិនបើអ្នកជួបប្រទះអាការៈរមួលសាច់ដុំ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នេះក៏ព្រោះតែករណីភាគច្រើនវាមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយឡើយ។ ជាធម្មតាការរមួលសាច់ដុំនឹងបាត់ទៅវិញដោយខ្លួនឯងក្រោយរយៈពេលប៉ុន្មានវិនាទី ឬនាទី។ ប៉ុន្តែធ្លាប់ឆ្ងល់ទេថាតើអាការៈនេះបណ្ដាលមកពីអ្វីទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញមូលហេតុទូទៅបំផុតនៃអាការៈរមួលសាច់ដុំ ៖

១. កង្វះជាតិទឹកក្នុងរាងកាយ

ក៏ដូចទៅនឹងសរីរាង្គផ្សេងទៀតដែរ សាច់ដុំគឺត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីកន្ត្រាក់និងសម្រាកដោយត្រឹមត្រូវគ្មានបញ្ហាខុសប្រក្រតី។ នេះហើយជាមូលហេតុដែលហានិភ័យនៃបញ្ហារមួលសាច់ដុំកើនឡើងខ្ពស់នៅពេលអ្នកមិនទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ប្រមាណ ២ លីត្រក្នុងមួយថ្ងៃ។

២. កង្វះអេឡិចត្រូលីត្រ

នៅពេលអ្នកបែកញើស វាមិនត្រឹមតែជាតិទឹកប៉ុណ្ណោះដែលត្រូវបាត់បង់ ប៉ុន្តែអេឡិចត្រូលីត្រដែលសាច់ដុំនិងសសៃប្រសាទចាំបាច់ដើម្បីដំណើរការមុខងារប្រក្រតីក៏ដូចគ្នា។ មួយក្នុងចំណោមរោគសញ្ញាដទៃទៀតនៃកង្វះអេឡិចត្រូលីត្រ គឺការរមួលសាច់ដុំ។ ដើម្បីប្រាកដថារាងកាយរបស់អ្នករក្សាបាននូវកម្រិតអេឡិចត្រូលីត្រគ្រប់គ្រាន់ ចូរកុំភ្លេចរួមបញ្ចូលបន្លែផ្លែឈើក្នុងរបបអាហារប្រចាំថ្ងៃ។

៣. ទទួលទានកាហ្វេច្រើនលើសពេក

ជាញឹកញយអ្នកតែងទទួលទានកាហ្វេច្រើនពែងក្នុងមួយថ្ងៃៗមែនទេ? នោះកុំឆ្ងល់ប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះអាការៈរមួលសាច់ដុំ។ នេះក៏ព្រោះតែជាតិកាហ្វេអ៊ីនក្នុងកាហ្វេ។ ម្យ៉ាងវិញទៀតការទទួលទានកាហ្វេច្រើនអាចបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយដែលអាចបង្កអាការៈរមួលសាច់ដុំ។

៤. ទទួលទានគ្រឿងស្រវឹងច្រើនពេក

ក៏ដូចនឹងកាហ្វេដែរ គ្រឿងស្រវឹងមានលក្ខណៈបញ្ចុះទឹកនោមនិងអាចជះឥទ្ធិពលលើកម្រិតនៃអេឡិចត្រូលីត្រក្នុងរាងកាយ។ ហើយនេះជាមូលហេតុដែលអ្នកអាចនឹងជួបប្រទះអាការៈរមួលសាច់ដុំ ប្រសិនបើទទួលទានច្រើនពេក។

៥. គេងមិនគ្រប់

ដើម្បីសុខភាពរាងកាយទាំងមូល ក៏ដូចជាល្អប្រសើរអ្នកគួរគេងឱ្យបានគ្រប់គ្រាន់ពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់។ ការគេងមិនគ្រប់អាចបណ្ដាលឱ្យសសៃប្រសាទមិនអាចបំពេញភារកិច្ចបញ្ជូនសារពីខួរក្បាលទៅសាច់ដុំបានត្រឹមត្រូវជាមូលហេតុនៃអាការៈរមួលសាច់ដុំ។

៦. ស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍

ភាគច្រើននៃពួកយើងប្រហែលមិនធ្លាប់ចាប់អារម្មណ៍ទេថាភាពស្ត្រេស ឬការតានតឹងក្នុងអារម្មណ៍ខ្លាំងពេកអាចជះឥទ្ធិពលដល់សសៃប្រសាទនិងសាច់ដុំដែលបង្កអាការៈរមួលក្រពើ។

ប្រយ័ត្ន! អាការៈរមួលក្រពើភាគច្រើន គឺគ្មានគ្រោះថ្នាក់ឡើយ។ ទោះជាយ៉ាងណាប្រសិនបើវាអមមកជាមួយនូវរោគសញ្ញាផ្សេងទៀតដូចជាការឈឺចាប់ ស្ពឹក ឬខ្សោយសាច់ដុំ ចូរកុំស្ទាក់ស្ទើនឹងទៅពិនិត្យពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕