ផ្លែស្វាយ ជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែម និងសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ផ្លែឈើនេះអាចទទួលទានបានទាំងនៅពេលខ្ចី និងទុំ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ ឬឧស្សាហ៍ញ៊ាំផ្លែឈើនេះញឹកញាប់ប៉ុណ្ណាក៏ដោយ ក៏ប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថាផ្លែស្វាយមានអត្ថប្រយោជន៍យ៉ាងណាចំពោះសុខភាព។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីមូលហេតុដែលអ្នកគួររួមបញ្ចូលផ្លែស្វាយក្នុងរបបអាហារ ៖
១. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
នេះក៏ព្រោះតែផ្លែស្វាយមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនប្រភេទដែលជួយទប់ស្កាត់ ឬកម្ចាត់កោសិកាមហារីក។ ការទទួលទានស្វាយជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពះ ពោះវៀនធំ សុដន់ ក្រពេញប្រូស្តាត និងមហារីកឈាម។
២. កម្ចាត់កូឡេស្តេរ៉ូលមិនល្អ
ផ្លែស្វាយជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C សារធាតុ pectin និងជាតិសសៃ។ ដូច្នេះការទទួលទានផ្លែស្វាយអាចទប់ស្កាត់ការប្រមូលផ្ដុំនៃមូលេគុលខ្លាញ់មិនឱ្យស្ទះក្នុងសសៃឈាម ហើយក៏ជួយគ្រប់គ្រងនិងបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អដែលចាំបាច់សម្រាប់សុខភាពសសៃឈាមបេះដូង។
៣. ជួយឱ្យស្រកទម្ងន់
នេះក៏ព្រោះតែផ្លែស្វាយមានផ្ទុកសម្បូរទៅដោយជាតិសសៃនិងជាតិទឹកដែលធ្វើឱ្យឆាប់ឆ្អែត ហើយឆ្អែតបានយូរចៀសវាងអ្នកទទួលទានអាហារផ្សេងទៀតច្រើនហួស។
៤. សម្រួលដល់ការរំលាយអាហារ
អង់ស៊ីមដែលមានផ្ទុកក្នុងផ្លែស្វាយជួយបំបែកប្រូតេអ៊ីនសម្រួលដល់ដំណើរការនៃការរំលាយអាហារ។ ចំណែកឯជាតិសសៃធម្មជាតិនៃផ្លែស្វាយវិញ ក៏ជួយដល់ការរំលាយអាហារនិងការកម្ចាត់ចោលនូវកាកសំណល់ផងដែរ។
៥. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ស្វាយជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន A និងវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយឱ្យកាន់តែរឹងមាំ។
៦. ស្បែកស្រស់ស្អាត
ស្វាយជាផ្លែឈើមួយប្រភេទដែលល្អសម្រាប់សុខភាពស្បែកជួយឱ្យអ្នកកាន់តែស្រស់ស្អាត។ នេះក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយវីតាមីន C! ការទទួលទានស្វាយក៏ជួយដល់ការផលិតកូឡាជែនដែលទប់ស្កាត់ស្នាមជ្រីវជ្រួញលើស្បែកផងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតក្នុងផ្លែស្វាយជួយការពារកោសិកាស្បែកមិនឱ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរី៕