ប្រព័ន្ធភាពស៊ាំរឹងមាំជាអ្វីមួយដែលនឹងជួយការពារកុមារឱ្យចៀសផុតពីជងឺផ្សេងៗបានយ៉ាងប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ថាតើអ្នកត្រូវធ្វើយ៉ាងណាខ្លះទើបជួយកុមារឱ្យរក្សាបាននូវប្រព័ន្ធភាពស៊ាំរឹងមាំ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំកុមារ ៖

១. វីតាមីន C

បរិមាណវីតាមីន C គ្រប់គ្រាន់ គឺចាំបាច់ណាស់ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ វីតាមីន C ជួយកាត់បន្ថយការរលាក ប្រយុទ្ធប្រឆាំងមេរោគឆ្លង និងសូម្បីតែកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយខណៈដែលរាងកាយមិនអាចស្តុកទុកនូវសារធាតុចិញ្ចឹមនេះ កូនៗរបស់អ្នកត្រូវការប្រភពជាប្រចាំនៃវីតាមីន C ដែលអាចមកពីអាហារដូចជាផ្លែឈើប្រភេទ Citrus រួមមានផ្លែក្រូច ទំពាំងបាយជូរ និងក្រូចឆ្មារជាដើម។ បន្លែមួយចំនួនក៏ជាប្រភពដ៏ល្អបំផុតនៃវីតាមីន C ផងដែរ។

២. គេងឱ្យបានគ្រប់គ្រាន់

ដើម្បីរក្សាបាននូវសុខភាពល្អប្រព័ន្ធភាពស៊ាំរឹងមាំក្មេងៗត្រូវគេងឱ្យបានគ្រប់គ្រាន់ដោយមិនតិចជាង ១០ ម៉ោងឡើយ។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរបង្កើតទម្លាប់ល្អមួយដល់កូនដោយផ្ដល់អាទិភាពដល់ការគេង ហើយព្យាយាមធ្វើយ៉ាងណាឱ្យពួកគេគេងបានគ្រប់គ្រាន់និងទៀងម៉ោង។

៣. ទទួលទានទឹកឱ្យបានគ្រប់គ្រាន់

ទឹក គឺចាំបាច់ណាស់ដើម្បីរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ ព្រមទាំងជួយកម្ចាត់ជាតិពុលផ្សេងៗដែលប្រព័ន្ធភាពស៊ាំកំពុងប្រយុទ្ធប្រឆាំងផងដែរ។

៤. កាត់បន្ថយស្ត្រេស

មិនមែនមានតែមនុស្សពេញវ័យនោះទេដែលប្រឈមមុខនឹងបញ្ហាស្ត្រេស។ ក្មេងៗក៏អាចជួយប្រទះបញ្ហានៃភាពតានតឹងក្នុងអារម្មណ៍ផងដែរតាមរយៈកិច្ចការសាលា សកម្មភាពផ្សេងៗនៅសាលា ទំនាក់ទំនងរវាងពួកគេនិងក្មេងៗដទៃទៀត រួមទាំងបរិយាកាសនៅផ្ទះ។ អ្នកប្រហែលជាគិតថាកូនៗរបស់អ្នកមិនចេះស្ត្រេសឡើយទាំងដែលការពិតទៅពួកគេអាច! ហើយស្ត្រេសជាមូលហេតុចម្បងមួយដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ប្រសិនបើអ្នកចង់ការពារកូនពីការធ្លាក់ខ្លួនឈឺញឹកញាប់ អ្នកគួរបង្កបរិយាកាសរីករាយដល់ពួកគេដោយព្យាយាមរកវិធីកាត់បន្ថយស្ត្រេសនិងបញ្ហាថប់បារម្ភ។ ត្រឹមការចេញដើរលេងក្រៅផ្ទះ ឬធ្វើអ្វីមួយជាលក្ខណៈគ្រួសារក៏អាចជួយបានដែរ។ ការបង្កើតទម្លាប់ដើរលេងបែបលក្ខណៈគ្រួសារ គឺចាំបាច់ណាស់វាជួយ​ឱ្យក្មេងកាន់តែមានអារម្មណ៍ស្និទ្ធស្នាលហើយងាយនឹងនិយាយរឿងក្នុងចិត្ត ឬអ្វីដែលគេជួបប្រទះក្នុងមួយថ្ងៃៗប្រាប់ដល់អ្នក។

៥. ប្រូបាយអូទិក

គន្លឹះដ៏ងាយបំផុតមួយទៀតដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំកុមារ គឺត្រូវប្រាកដថាបាក់តេរីល្អៗក្នុងពោះវៀនរបស់ពួកគេមានតុល្យភាព។ ដូច្នេះហើយទើបអ្នកគួររួមបញ្ចូលអាហារប្រូបាយអូទិកដូចជាយ៉ាអួរក្នុងរបបអាហារប្រចាំថ្ងៃរបស់ក្មេង។

៦. បង្រៀនពួកគេពីរបៀបត្រឹមត្រូវក្នុងការលាងសម្អាតដៃ

ការលាងសម្អាតដៃអាចកាត់បន្ថយការឆ្លងមេរោគនិងទប់ស្កាត់ការរីករាលដាលនៃមរោគផងដែរ។ ទោះជាយ៉ាងណាក្មេងៗមិនសូវជាយកចិត្តទុកដៃលើការលាងសម្អាតដៃរបស់ពួកគេឡើយ។ ដូច្នេះអ្នកគួរបង្រៀនពួកគេពីរបៀបត្រឹមត្រូវក្នុងការលាងសម្អាតដៃដោយលាងដៃជាមួយសាប៊ូនិងទឹកស្អាតក្រោយពេលចេញពីបន្ទប់ទឹក មុនពេល ឬក្រោយពេលញ៊ាំអាហារជាដើម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង