ភាគច្រើននៃពួកយើងមានទម្លាប់ចិតសំបកបន្លែផ្លែឈើចេញមុនពេលចម្អិនទទួលទាន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាបន្លែមួយចំនួនមិនគួរត្រូវបានចិតសំបកឡើយ! នេះក៏ព្រោះតែសារធាតុចិញ្ចឹម ជាតិសសៃ ជាតិរ៉ែ និងវីតាមីនមួយភាគធំមានផ្ទុកក្នុងសំបក។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបន្លែដែលអ្នកមិនគួរចិតសំបកមុនទទួលទាន ៖
១. ដំឡូងបារាំង
អ្នកជំនាញជាច្រើននិយាយថាដំឡូងបារាំងដែលមិនចិតសំបកមានផ្ទុកសម្បូរទៅដោយជាតិសសៃ កាល់ស្យូម ជាតិដែក ប៉ូតាស្យូម និងវីតាមីន K ច្រើនជាងដំឡូងបារាំងដែលចិតសំបកចេញអស់។ ទោះជាយ៉ាងណាអ្នកគួរដុសដំឡូងបារាំងឱ្យស្អាតសព្វមុននឹងទទួលទាន។
២. ការ៉ុត
ការ៉ុតជាប្រភពដ៏ប្រសើរនៃសារធាតុ beta carotene ដែលចាំបាច់សម្រាប់សុខភាពភ្នែក។ ផ្នែកនៃការ៉ុតដែលមានផ្ទុកសារធាតុ beta carotene ច្រើនបំផុត គឺសំបក។ ទោះជាយ៉ាងណាត្រូវលាងសម្អាតឱ្យជ្រះស្អាតសឹមទទួលទាន។
៣. ត្រប់វែង
ពណ៌ស្វាយដិតនៃត្រប់វែងជាប្រភពដ៏ល្អបំផុតនៃសារធាតុ anthocyanins ដែលអាចជួយទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងនិងជំងឺមហារីក។ ដូច្នេះប្រសិនបើអ្នកចិតសំបកត្រប់វែងចេញ គឺហាក់ដូចជាកំពុងបោះចោលសារធាតុប្រឆាំងអុកស៊ីតកម្មដែលល្អចំពោះសុខភាព។
៤. មើមឆៃថាវក្រហម
ក៏ដូចទៅនឹងត្រប់វែងដែរ ពណ៌ក្រហមទាក់ភ្នែកនៃមើមឆៃថាវក្រហម គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលល្អចំពោះសុខភាព។
៥. ត្រសក់
សារធាតុចិញ្ចឹមជាច្រើននៃត្រសក់ គឺមានផ្ទុកក្នុងសំបក។ ដើម្បីជាការប្រសើរកុំភ្លេចលាងសម្អាតឱ្យជះស្អាតមុននឹងទទួលទាន។
សម្គាល់៖ ទោះជាយ៉ាងណាមិនមែនមានន័យថាអ្នកមិនគួរចិតសំបកបន្លែគ្រប់ប្រភេទឡើយ។ ចូរចិតសំបកបន្លែប្រសិនបើ ៖
- សំបកក្រាស់ពេក ឬរឹងពេកពិបាកនឹងទទួលទាន
- ជាប់ក្រមួនដែលមិនអាចជម្រះចេញដោយគ្រាន់តែលាងជាមួយទឹកធម្មតា
- អ្នកមិនអាចជម្រះដីចេញពីសំបកបាន
- បន្លែទាំងនោះមិនមែនបន្លែធម្មជាតិ៕