ស្បែកកែងដៃនិងក្បាលជង្គង់ខ្មៅអាចជាបញ្ហាគួរអោយខ្មាសអៀនមួយ ប៉ុន្តែមិនពិបាកនឹងដោះស្រាយឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ធ្លាប់ដឹងទេថាអ្នកអាចកម្ចាត់ស្នាមខ្មៅត្រង់កែងដៃបានឆាប់រហ័ស ដោយមិនចាំបាច់ត្រូវចំណាយប្រាក់អស់ច្រើន? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់ស្នាមខ្មៅត្រង់កែងដៃ ក៏ដូចជាក្បាលជង្គង់ ៖
១. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺលាបជែល ឬសាច់ប្រទាលកន្ទុយក្រពើត្រង់ស្បែកកែងដៃ និងជង្គង់អោយសព្វ ហើយទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ។
២. ក្រូចឆ្មារនិងម្សៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ baking soda ជាមួយទឹកក្រូចឆ្មារស្រស់អោយក្លាយជាល្បាយខាប់ៗ រួចលាបដុសលើក្បាលជង្គង់និងកែងដៃឱ្យសព្វសម្រាប់រយៈពេលប៉ុន្មាននាទី។ លាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។ អនុវត្តអោយបាន ១ ឬ ២ ដងក្នុងមួយសប្តាហ៍។
៣. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺលាបដុសទឹកក្រូចឆ្មារលើកែងដៃ ឬជង្គង់ រួចទុកចោលសម្រាប់រយៈពេល ១៥ នាទី ឬរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាការស្រេច។ អនុវត្តអោយបាន ២ ដងក្នុងមួយថ្ងៃ។
៤. ត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើចំណិតត្រសក់ដុសលើកែងដៃ ឬជង្គង់សម្រាប់រយៈពេល ១៥ នាទី ហើយទុកចោលសម្រាប់រយៈពេល ៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់ជាការស្រេច។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។
៥. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្ស៉ៅរមៀតជាមួយទឹកដោះគោស្រស់ ១ ស្លាបព្រាកាហ្វេ ដើម្បីទទួលបានល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយម្ស៉ៅរមៀតលើកែងដៃ និងជង្គង់សម្រាប់រយៈពេលប៉ុន្មាននាទី ហើយទុកចោលរហូតដល់ស្ងួតទាំងស្រុង សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ។
៦. ទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកឃ្មុំ ២ ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ចំនួនម្ខាង និងម្សៅ baking soda ១ ស្លាបព្រាកាហ្វេ។ កូរអោយសព្វ រួចលាបល្បាយលើក្បាលជង្គង់និងកែងដៃ ហើយទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
៧. ដំឡូងបារាំង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឈូស ឬកោសដំឡូងបារាំង រួចពូតយកទឹកនិងលាបលើស្បែកត្រង់កែងដៃ ព្រមទាំងក្បាលជង្គង់។ ទុកចោលសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញ។
៨. ស្ករសនិងប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស្ករសនិងប្រេងអូលីវក្នុងបរិមាណស្មើគ្នា។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើក្បាលជង្គង់និងកែងដៃក្នុងចលនាបែបរង្វង់សម្រាប់រយៈពេលប្រហែល ៥ នាទី។ អនុវត្តសារឡើងវិញជាប្រចាំរាល់សប្តាហ៍៕