ចាប់តាំងពីការចាប់ផ្តើមវិបត្តិជំងឺកូវីដ១៩ផ្ទុះឡើងមក អ្វីដែលគេដឹងច្បាស់នោះគឺថា មនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយគឺជាអ្នកដែលប្រឈមខ្ពស់ជាងគេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហើយក្នុងនោះក៏មានអ្នកជំងឺមហារីកផងដែរ។ អ្នកជំនាញខាងជំងឺមហារីក និងនាយកខាងជំងឺមហារីកសុដន់ Halle Moore, MD បានផ្តល់នូវសំណួរចម្លើយដូចខាងក្រោមនេះ៖
ហេតុអ្វីបានជាអ្នកជំងឺមហារីកត្រូវប្រឈមខ្ពស់នឹងជំងឺកូវីដ១៩?
មានហេតុផលបីយ៉ាងដែលអ្នកជំងឺមហារីកត្រូវប្រឈមមុខខ្ពស់ជាងគេ៖
- ការព្យាបាលធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ៖ មនុស្សភាគច្រើនដែលមានជំងឺមហារីកត្រូវការការព្យាបាលដែលទៅទប់ស្កាត់ប្រព័ន្ធភាពស៊ាំ។ វាគឺជាការព្យាបាលមួយដែលធ្វើឲ្យអ្នកជំងឺងាយរងការបង្ករោគវិញ។
- ជំងឺមហារីកប្រហែលជាបន្ថយមុខងាររបស់សរីរាង្គ៖ ករណីជំងឺមហារីកធ្ងន់ធ្ងរប្រហែលជាប៉ះពាល់ដល់មុខងារសរីរាង្គដូចជា មុខងារសួត ឬតម្រងនោម។ ជាមួយនឹងការថយចុះមុខងារសរីរាង្គបែបនេះ អ្នកជំងឺពិតជាពិបាកទប់ទល់នឹងការបង្ករោគដែលធ្ងន់ធ្ងរណាស់។
- ជំងឺមហារីកប្រហែលជាប៉ះពាល់ដល់មុខងារប្រព័ន្ធភាពស៊ាំ៖ ជំងឺមហារីកឈាមដូចជា មហារីកឈាមស ឬមហារីកកូនកណ្តុរ មានការប៉ះពាល់ទៅលើការងាររបស់ប្រព័ន្ធភាពស៊ាំយ៉ាងខ្លាំង។ អ្នកដែលមានជំងឺនេះប្រហែលជាងាយនឹងឆ្លងជំងឺកូវីដ១៩ជាពិសេសតែម្តង។
តើអ្នកជំងឺមហារីកប្រឈមខ្ពស់ខ្លាំងប៉ុណ្ណាទៅ?
យើងមិនទាន់ដឹងច្បាស់នៅឡើយទេ។ សេចក្តីរាយការណ៍ពីប្រទេសចិនបានឲ្យដឹងថា អ្នកដែលមានជំងឺមហារីកគឺមានលទ្ធផលនៃការព្យាបាលមិនល្អឡើយ។ ប៉ុន្តែព័ត៌មានមិនបានបញ្ចូលទៅលើប្រភេទអ្នកជំងឺខុសៗគ្នាឡើយ។ វាអាចជាមនុស្សចាស់ អ្នកជក់បារី ឬមានកត្តាផ្សេងៗទៀតដែលធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងផលវិបាកធ្ងន់ធ្ងរ។ អ្នកដែលមានជំងឺមហារីកសកម្ម ឬអ្នកដែលទទួលបានការព្យាបាលធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ គឺប្រឈមខ្ពស់បំផុត។ អ្នកដែលធ្វើការព្យាបាលដោយផ្សាំខួរឆ្អឹង គឺប្រឈមខ្ពស់ជាពិសេសតែម្តង។ អ្នកជំងឺមហារីកដែលមានជីវិត ដោយមិនមានភាពសកម្មនៃមហារីក និងអ្នកដែលមិនទទួលការព្យាបាលដោយធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយទេ ប្រហែលជាប្រឈមមុខទាបវិញ។
តើអ្នកជំងឺមហារីក នឹងមានអាការៈជំងឺកូវីដ១៩ ដូចអ្នកមិនកើតមហារីកដែរទេ?
ជាទូទៅគឺអ៊ីចឹងមែន តែមិនទាំងអស់ឡើយ។ ការក្អក និងពិបាកដកដង្ហើម គឺជាអាការៈញឹកញាប់នៃការបង្ករោគដោយជំងឺកូវីដ១៩ និងអាចនឹងកើតឡើងញឹកញាប់លើអ្នកជំងឺមហារីកផងដែរ។ ប៉ុន្តែអ្នកជំងឺមហារីកប្រហែលជាមិនកើតអាការៈក្តៅខ្លួនដោយសារតែការព្យាបាលធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយឡើយ។ ដូច្នេះបើសិនជាមនុស្សម្នាក់មានជំងឺមហារីក និងកើតអាការៈក្អក និងបញ្ហាផ្លូវដង្ហើមផ្សេងៗទៀត ទោះបីជាមិនក្តៅខ្លួនក៏ដោយ ក៏ត្រូវតែទៅជួបគ្រូពេទ្យដែរ។
តើអ្នកជំងឺមហារីកត្រូវតែមានការប្រុងប្រយ័ត្នបន្ថែមដែរទេ?
ពួកគេត្រូវតែមានការប្រុងប្រយ័ត្នដូចគ្នា។ សមាជិកគ្រួសារ ឬមនុស្សគ្រប់គ្នាដែលប៉ះពាល់នឹងជំងឺនេះ ត្រូវតែមានការប្រុងប្រយ័ត្នតាមលក្ខណៈដូចខាងក្រោមនេះ៖
- ចូរលាងសម្អាតដៃ ឬទឹកលាងដៃមានជាតិអាកុលយ៉ាងហោចណាស់ ៦០ភាគរយ
- កុំប៉ះភ្នែក ច្រមុះ និងមាត់ឲ្យសោះ
- ចូរនៅឲ្យឆ្ងាយពីគ្នាពីរម៉ែត្រ ជាពិសេសអ្នកដែលមានជំងឺតែម្តង
- ចូរកុំនៅជុំគ្នាឲ្យសោះ ជាពិសេសចាប់ពី ១០នាក់ឡើងទៅ
- ចូរពាក់ម៉ាសការពារជានិច្ច។ ឥឡូវនេះ CDC បានណែនាំឲ្យប្រើប្រាស់ម៉ាសគ្រប់ប្រភេទតែម្តងក្នុងកន្លែងសាធារណៈ ជាពិសេសកន្លែងដែលពិបាកនឹងការរក្សាគំលាតពីគ្នា ២ម៉ែត្រតែម្តង
- ចូរលាងសម្អាតកន្លែងដែលអាចប៉ះពាល់ច្រើនបំផុតជាញឹកញាប់
- ចូរចៀសវាងការធ្វើដំណើរទៅកន្លែងណាដែលមិនចាំបាច់
តើរបៀបរស់នៅបែបណាដែលអ្នកជំងឺមហារីកគួរតែធ្វើក្នុងពេលរស់នៅដាច់ដោយឡែកពីគេ?
វាពិតជារឿងសំខាន់ណាស់សម្រាប់អ្នកជំងឺមហារីកត្រូវមានទម្លាប់ដើម្បីជំរុញដល់សុខភាពរបស់ខ្លួនដូចជា៖
- សកម្មភាព៖ បើសិនជាអ្នកនៅក្នុងផ្ទះតែឯង អ្នកពិតជាងាយនឹងរស់នៅបែបស៊ីដេកៗណាស់។ ដូច្នេះចូរចំណាយពេលរស់នៅឲ្យមានភាពសកម្មបន្តិច ឧទាហរណ៍ ចូរដើរឲ្យបានច្រើនខណៈពេលដែលកំពុងតែនៅក្នុងផ្ទះ តែចូរចៀសវាងការដើរទៅកន្លែងដែលមានមនុស្សច្រើន។
- ជីវជាតិ៖ ការអង្គុយនៅផ្ទះច្រើនអាចធ្វើឲ្យអ្នកមិនអាចមានសុខភាពល្អទេ។ ចូរព្យាយាមញ៉ាំអាហារមានជីវជាតិគ្រប់គ្រាន់។ បើអាចចូរចម្អិនអាហារញ៉ាំដោយខ្លួនឯងឲ្យបានច្រើនវិញ។
- គេង៖ ការគេងបានគ្រប់គ្រាន់គឺជាគន្លឹះដ៏សំខាន់ក្នុងការថែរក្សាសុខភាពឲ្យមានសុខភាពល្អ។ ការគេងប្រកបដោយគុណភាពក៏អាចជួយកាត់បន្ថយ និងគ្រប់គ្រងស្រ្តេសបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
តើអ្នកជំងឺមហារីកគួរតែបន្តទទួលការព្យាបាលរបស់ខ្លួនទៀតទេ?
អ្នកជំងឺត្រូវតែពិគ្រោះជាមួយគ្រូពេទ្យអំពីគម្រោងនៃការព្យាបាលរបស់ខ្លួន។ វាក៏មានរឿងច្រើនដែរ ដែលការព្យាបាលអាចពន្យាពេលបាន ប៉ុន្តែបើសិនជាគ្រូពេទ្យយល់ថាអ្នកចាំបាច់ត្រូវព្យាបាល នោះគាត់នឹងរកមធ្យោបាយដើម្បីព្យាបាលអ្នកឲ្យមានសុវត្ថិភាពហើយ៕