ការចុះជាតិស្ករក្នុងឈាមអាចជារឿងមួយមិនល្អឡើងចំពោះអ្នកជំងឺទឹកនោមផ្អែម។ ជាមួយគ្នានឹងអាការៈ វិលមុខ បេះដូងលោតញ៉ាប់ ព្រឹលភ្នែក ញ័រខ្លួន ខ្សោយ និងឈឺក្បាល អ្នកប្រហែលជាមានអារម្មណ៍វង្វេងវង្វាន់បន្ថែមទៀត និងពិបាកផ្ចង់អារម្មណ៍។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហេតុដូច្នេះហើយ យកល្អគួរតែវាយតម្លៃទៅលើការប្រឈមនឹងការចុះជាតិស្ករក្នុងឈាមផងខណៈពេលដែលកំពុងតែព្យាបាលជំងឺទឹកនោមផ្អែម។ ខាងក្រោមនេះគឺជារឿង មួយចំនួនដែលធ្វើឲ្យអ្នកប្រឈមកាន់តែខ្លាំងនឹងការចុះជាតិស្ករក្នុងឈាម៖
អាយុកាន់តែច្រើន
អ្នកអាចប្រឈមនឹងការចុះជាតិស្ករធ្ងន់ធ្ងរនៅពេលអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។ នេះអាចដោយសារតែមនុស្សចាស់មានការឆ្លើយតបនឹងការប្រើថ្នាំខ្លាំងជាងមនុស្សវ័យក្មេងជាងនេះ។
តមអាហារ
បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម ការតមអាហារអាចធ្វើឲ្យជាតិស្ករក្នុងឈាមគ្មានលំនឹង និងធ្វើឲ្យវាអាចចុះទាបខ្លាំងបាន។ ការលេបថ្នាំទឹកនោមផ្អែមដោយគ្មានញ៉ាំអាហារអាចធ្វើឲ្យចុះជាតិស្ករបានយ៉ាងគួរឲ្យកត់សម្គាល់។
ញ៉ាំអាហារមិនទៀងទាត់
ការញ៉ាំអាហារមិនទៀងទាត់អាចធ្វើឲ្យរំខានដល់តុល្យភាពជាតិស្ករក្នុងឈាម និងការប្រើប្រាស់ថ្នាំទឹកនោមផ្អែមបាន។ តាមការស្រាវជ្រាវបានឲ្យដឹងថា អ្នកដែលមានទម្លាប់ញ៉ាំអាហារទៀងទាត់មានការប្រឈមនឹងការចុះជាតិស្ករក្នុងឈាមទាបជាងអ្នកញ៉ាំមិនទៀងទាត់។
ហាត់ប្រាណខ្លាំងពេក
នៅពេលអ្នកហាត់ប្រាណ អ្នកនឹងប្រើប្រាស់ជាតិស្ករក្នុងឈាមលឿនជាងធម្មតា។ ការដែលមានសកម្មភាពរាងកាយកាន់តែច្រើន ក៏អាចបង្កើនភាពប្រើប្រាស់បានរបស់អាំងស៊ុយលីនដែរ។ ការហាត់ប្រាណខ្លាំងពេកដោយមិនបានតាមដានជាតិស្ករក្នុងឈាមអាចជារឿងគ្រោះថ្នាក់ណាស់។
ស្រកទម្ងន់
ចាប់តាំងពីភាពធាត់ជ្រុលធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងជំងឺទឹកនោមផ្អែមមក ការគ្រប់គ្រងទម្ងន់បានល្អគឺជាផ្នែកមួយដ៏សំខាន់នៃការព្យាបាលជំងឺទឹកនោមផ្អែម។ ប៉ុន្តែការសម្រកទម្ងន់លឿនពេកអាចជារឿងនាំឲ្យប្រឈមមុខនឹងការចុះជាតិស្ករក្នុងឈាមពេកវិញបើសិនជាអ្នកកំពុងតែលេបថ្នាំទឹកនោមផ្អែមដែរនោះ។
លេបថ្នាំ Beta-blockers
ថ្នាំប្រភេទ Beta-blocker គឺជាថ្នាំសម្រាប់ព្យាបាលការលើសសម្ពាធឈាម។ ខណៈពេលដែលថ្នាំនេះមិនសំខាន់សម្រាប់ធ្វើឲ្យចុះជាតិស្ករក្នុងឈាមខ្លាំង តែវាអាចនឹងធ្វើឲ្យពិបាកសម្គាល់ដឹងអំពីការចុះជាតិស្ករក្នុងឈាមដែរ។ ឧទាហរណ៍ អាការៈដំបូងនៃការចុះជាតិស្ករក្នុងឈាមគឺ បេះដូងលោតញ៉ាប់។ ប៉ុន្តែថ្នាំ Beta-blockers នឹងទៅបន្ថយសង្វាក់បេះដូង ដូច្នេះអ្នកនឹងមិនអាចដឹងអំពីអាការៈនេះបានឡើយ។
ចាក់ថ្នាំនៅកន្លែងដដែលៗញឹកញាប់ពេក
អាំងស៊ុយលីនដែលអ្នកចាក់ម្តងហើយម្តងទៀតនៅកន្លែងដដែលៗអាចធ្វើឲ្យខ្លាញ់ និងជាលិកាសម្លាកប្រមូលផ្តុំគ្នានៅក្រោមស្បែកបាន ដែលគេហៅថា Lipohypertrophy។ Lipohypertrophy អាចប៉ះពាល់ដល់របៀបដែលរាងកាយបឺតស្រូបអាំងស៊ុយលីន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការដែលបន្តចាក់កន្លែងដដែលៗច្រើនដងបែបនេះអាចធ្វើឲ្យប្រឈមនឹងការចុះជាតិស្ករក្នុងឈាមខ្លាំងផង និងលើសខ្លាំងផង។ ដូច្នេះហើយ គួរតែចាក់កន្លែងខុសៗគ្នាវិលជុំវិញ៕