គ្រប់សរីរាង្គទាំងអស់នៅក្នុងរាងកាយ គឺសុទ្ធតែត្រូវការជាតិទឹកគ្រប់គ្រាន់ ដើម្បីដំណើរការមុខងារបានត្រឹមត្រូវជៀសវាងបញ្ហាសុខភាពផ្សេងៗ។ (អាន ៖ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) លើសពីនេះទៅទៀតការទទួលទានបន្លែផ្លែឈើមានផ្ទុកសម្បូរទៅដោយជាតិទឹក ក៏ជាវិធីដ៏ល្អប្រសើរបំផុតមួយចំពោះអ្នកដែលចង់ស្រកទម្ងន់។ នោះក៏ព្រោះតែជាតិទឹកធ្វើឲ្យមានអារម្មណ៍ថាឆ្អែត ហើយអ្នកនឹងមិនទទួលទានច្រើនលើស។ ថាតើបន្លែផ្លែឈើអ្វីខ្លះទៅដែលមានផ្ទុកសម្បូរទៅដោយជាតិទឹកល្អសម្រាប់សុខភាព?ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃបន្លែផ្លែឈើដែលអ្នកគួរទទួលទានដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ ៖
១. ឆៃថាវ
បន្លែមើមនេះមានផ្ទុកជាតិទឹកដល់ទៅ ៩៥ ភាគរយដែលល្អណាស់សម្រាប់បំពេញជាតិទឹកបន្ថែម ព្រមទាំងបន្ថយសីតុណ្ហភាពរាងកាយផងដែរ។ ឆៃថាវក៏ជាប្រភពដ៏ប្រសើរនៃផូស្វ័រ វីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្មច្រើនផ្សេងទៀត និងស័ង្កសី។
២. ដំឡូងបារាំង
ជាប្រភពដ៏ល្អបំផុតមួយនៃជាតិទឹកនិងប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាមមិនឱ្យឡើងខ្ពស់ខុសប្រក្រតី។
៣. ត្រប់វែង
ក្រៅពីមានផ្ទុកជាតិទឹកប្រមាណ ៨៩ភាគរយហើយនោះ ត្រប់វែងជាប្រភពដ៏ប្រសើរនៃជាតិសសៃ ម៉ង់កាណែស ប៉ូតាស្យូម វីតាមីន K និងសារធាតុចិញ្ចឹមចាំបាច់ច្រើនផ្សេងទៀត។
៤. ប៉េងបោះ
មានផ្ទុកជាតិទឹកដល់ទៅ ៩៥ ភាគរយ ព្រមទាំងសារធាតុ lycopene វីតាមីន C សារធាតុ carotenoids ដែលសុទ្ធតែចាំបាច់សម្រាប់រក្សាសុខភាពល្អប្រសើរ។
៥. ផ្លែឪឡឹក
ផ្លែឪឡឹកមិនត្រឹមតែមានផ្ទុកជាតិទឹកដល់ទៅ ៩២ ភាគរយ ដែលជួយរាងកាយជៀសផុតពីបញ្ហាខ្សោះជាតិទឹក។ គុណសម្បត្តិពិសេសផ្សេងទៀតនៃ ផ្លែឪឡឹក គឺវាក៏មានផ្ទុកនូវសារធាតុសំខាន់ៗសម្រាប់រាងកាយផ្សេងទៀតដូចនឹងភេសជ្ជៈកីឡា រួមមានសូដ្យូម, ប៉ូតាស្យូម, កាល់ស្យូម និងម៉ាញ៉េស្យូម។
៦. ក្រូចថ្លុង
មិនថាអ្នកចូលចិត្តទទួលទានសាច់ក្រូច ឬទឹករបស់វាទេ ផ្លែឈើរសជាតិជូរមួយនេះអាចជួយឲ្យរាងកាយរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ និងល្អសម្រាប់ការសម្រកទម្ងន់។ ហើយក៏ព្រោះតែវាជាប្រភពដ៏ល្អនៃវីតាមីន C នោះ ការទទួលទានក្រូចថ្លុង គឺអាចជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកកាន់តែរឹងមាំខ្លាំងក្លាឡើងផងដែរ។
៧. ត្រសក់ស្រូវ
គ្រប់ចំណិតនៃផ្លែត្រសក់ស្រូវ គឺមានផ្ទុកជាតិទឹកដល់ទៅ ៩០ភាគរយ។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមទទួលទានផ្លែឈើនេះ ដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ ក្រោយធ្វើលំហាត់ប្រាណ ឬខណៈពេលស្ថិតក្រោមអាកាសធាតុក្ដៅ។ លើសពីនេះទៅទៀត ត្រសក់ស្រូវ ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលល្អសម្រាប់សុខភាពភ្នែកផងដែរ។
៨. ផ្លែម្នាស់
ក៏ព្រោះវាមានផ្ទុកជាតិទឹកដល់ទៅ ៨៧ ភាគរយ នោះការទទួលទានផ្លែម្នាស់អាចជួយធានាការពាររាងកាយពីបញ្ហាខ្សោះជាតិទឹកបានយ៉ាងប្រសើរ។ ជាតិសសៃដ៏សម្បូរនៅក្នុងម្នាស់ ក៏ជួយឲ្យអ្នកស្រកទម្ងន់បានផងដែរ៕