ជំងឺខ្លាញ់រុំថ្លើមអាចត្រូវបានចែកចេញជា ២ ប្រភេទ គឺប្រភេទបង្កឡើងដោយជាតិអាកុល ឬគ្រឿងស្រវឹងដែលកើតឡើងចំពោះអ្នកដែលទទួលទានគ្រឿងស្រវឹងច្រើនពេក និងប្រភេទមិនបង្កឡើងដោយជាតិអាល់កុល ឬគ្រឿងស្រវឹងច្រើនកើតចំពោះអ្នកដែលអង្គុយយូរៗពេកក្នុងមួយថ្ងៃៗ ឬអ្នកធាត់ជ្រុល។ ( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាខ្លាញ់រុំថ្លើម គឺជាមូលហេតុចម្បងបំផុតមួយនៃជំងឺខ្សោយថ្លើម ហើយអាចវិវត្តន៍ទៅជា ជំងឺក្រិនថ្លើម ឬជំងឺរលាកថ្លើម។ ប៉ុន្តែមិនថាអ្នកកំពុងជួបប្រទះបញ្ហាខ្លាញ់រុំថ្លើមប្រភេទណានោះទេ អ្នកអាចកែប្រែ ឬទប់ស្កាត់ស្ថានភាពមុននឹងឈានដល់ដំណាក់កាលធ្ងន់ធ្ងរបាន ដោយគ្រាន់តែជ្រើសរើស និងរក្សាឲ្យបាននូវរបបអាហារត្រឹមត្រូវមួយ។ ថាតើអាហារដែលអ្នកជំងឺខ្លាញ់រុំថ្លើមគួរទទួលទានឲ្យបានច្រើនមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអាហារទាំងនោះ ៖
១. បន្លែបៃតង
ក្រៅពីមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម វីតាមីន និងជាតិរ៉ែសំខាន់ៗហើយនោះបន្លែបៃតងក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយប្រយុទ្ធប្រឆាំងនឹងមេរោគបាក់តេរីដែលបង្កឱ្យថ្លើមទទួលរងការរលាក។ បន្លែបៃតងមិនត្រឹមតែប្រសើរជួយដោះស្រាយបញ្ហាខ្លាញ់រុំថ្លើមប៉ុណ្ណោះទេ ប៉ុន្តែល្អសម្រាប់សុខភាពរាងកាយទាំងមូលតែម្ដង។ ដូច្នេះចូរព្យាយាមទទួលទានបន្លែបៃតងឱ្យបានច្រើន។
២. សាច់គ្មានខ្លាញ់
ប្រភេទនៃអាហារដទៃទៀតដែលអ្នកជំងឺខ្លាញ់រុំថ្លើមគួរដាក់បញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ គឺប្រូតេអ៊ីន។ ហើយសាច់ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន ប៉ុន្តែទោះជាយ៉ាងណាប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាខ្លាញ់រុំថ្លើម ចូរជៀសវាងការទទួលទានសាច់ខ្លាញ់ និងស្បែក។ ដើម្បីទទួលទានជាតិប្រូតេអ៊ីនគ្រប់គ្រាន់ ការជ្រើសរើសទទួលទានសាច់គ្មានខ្លាញ់ គឺប្រសើរបំផុតសម្រាប់អ្នកជំងឺខ្លាញ់ក្នុងថ្លើម។
៣. តែ
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មមានប្រសិទ្ធភាពបំបែកជាតិខ្លាញ់មិនល្អដែលប្រមូលផ្ដុំក្នុងថ្លើម។
៤. អាហារមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន
អាហារមួយប្រភេទទៀតដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ គឺអាហារមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន ក៏ព្រោះវាជួយដល់ម៉ាសសាច់ដុំនិងធ្វើឱ្យឆ្អែតបានយូរម៉ោង។
៥. ផ្លែបឺរ
អ្នកក៏គួររួមបញ្ចូលផ្លែបឺរក្នុងរបបអាហារប្រចាំថ្ងៃផងដែរ ក៏ព្រោះវាជាប្រភពដ៏ប្រសើរបំផុតមួយនៃខ្លាញ់ល្អ។ ផ្លែបឺរក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃនិងលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយបញ្ចុះជាតិស្ករក្នុងឈាមផងដែរ។
៦. ក្រូចឆ្មារ
ការទទួលទានក្រូចឆា្មរ ឬទឹកក្រូចឆ្មារ គឺជាគន្លឹះដ៏ងាយ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់បំផុតមួយជួយទប់ស្កាត់ហានិភ័យនៃបញ្ហាខ្លាញ់រុំថ្លើម។ នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយវីតាមីន C ជម្រុញការផលិត glutathione របស់ថ្លើមដើម្បីសម្រួលដល់ដំណើរការមុខងារកាន់តែល្អប្រសើរ៕